(ភ្នំពេញ)៖ កាលពី១១ឆ្នាំមុន ថ្ងៃទី០៧ ខែកក្កដានេះ នៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង ពលរដ្ឋខ្មែរប្រុស ស្រីបាននាំគ្នាស្រែកជ័យឃោស! ដុតទៀនទូងស្គ ប្រគំតន្ត្រី អបអរសាទរដែលប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានអង្គការយូណេស្កូសំរេចដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាសម្បត្តិរបស់មនុស្សជាតិនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

មុន និងក្រោយប្រាសាទព្រះវិហាររបស់ខ្មែរត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ភាពចំរូងចំរាស់បានកើតមានឡើង ជាហូហែររវាងកម្ពុជា និងថៃ ដោយសារតែការប្រទាញប្រទង់គ្នាលើដែនដីនៅក្បែរតំបន់ប្រាសាទ ដែលត្រូវបានប្រទេសថៃ ចាត់ទុកជារបស់ខ្លួន ក្រោមរូបភាពផែនទីដែលគូឡើងដោយ ឯកតោភាគីរបស់ថៃ រហូតដល់កើតមានការចូលលុកលុយឈ្លានពាន ដោយទាហានថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ប្រាសាទ និងតំបន់ក្បែរៗបង្កឲ្យមានការផ្ទុះអាវុធដាក់គ្នារាលដាល នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរអស់មួយរយៈពេលខ្លីទៀតផង។

ដោយឡែកនៅថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ២០១៩ ក៏​ជា​ខួប​លើក​ទី​៥៧ ឆ្នាំ​ផងដែរ ដែល​កម្ពុជាឈ្នះ​ក្ដី​លើ​ភាគី​ថៃ ពាក់ព័ន្ធ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ តាមអំណាច​សាលដីកា​កាល​ពី ៥៧​ឆ្នាំ​មុន (១៥ ខែមិថុនា ឆ្នាំ១៩៦២) ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កំណត់​ឲ្យ​ភាគី​ថៃ ត្រូវ​តែ​ដក​យោធា​ និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់​ខ្លួន​ ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ត្រង់​ប្រាសាទ​ព្រះវិហាររបស់កម្ពុជា។

សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាល​ពីឆ្នាំ១៩៦២ បាន​ទុក​ពេល១០​ឆ្នាំ​ឲ្យ​ភាគី​​ថៃ តវ៉ាបើ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ។ ចាប់​តាំង​ពី​អំណាច​សាលដីកា​នេះ​ បាន​ចេញ គឺ​ភាគី​ថៃពុំ​បាន​តវ៉ា​អ្វី​ឡើយ។

ផ្អែក​តាម​យុត្ថាធិការ​នៃ​អំណាច​សាលដីកា​នេះ គឺ​ក្នុង​ចន្លោះ​នៃ​ការ​មិន​តវ៉ា បាន​ន័យ​ថា ភាគី​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង ​គឺ​ជា​ម្ចាស់​ដោយ​ស្របច្បាប់។ ក្នុង​រយៈពេល៤០​ឆ្នាំ​ ក្រោយ​ទើប​ថៃ បង្កើត​តំបន់ ៤.៦​គីឡូម៉ែត្រ​ក្រឡា ជា​ឯកតោ​ភាគី ដោយ​ចាត់​ទុក​ថា ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ថៃ។ ជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ក៏​បាន​កើត​ឡើង​ម្ដង​ទៀត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពេល​ទាហាន​ថៃមួយចំនួន បាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរមួយរយៈពេលខ្លី។

ជម្លោះ​ប្រាសាទ​ព្រះវិហារ បាន​កើត​ឡើង​ជាថ្មី នៅ​ពេល​ភាគី​ថៃ បាន​ចូល​​ឈ្លានពាន​នៅ​ឆ្នាំ​២០០៨ បន្ទាប់​ពី​អង្គការ​យូណេស្កូ (NESCO) បាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កងទ័ព​កម្ពុជា និង​ថៃ បាន​​ផ្ទុះ​អាវុធ​ជា​ច្រើន​លើកបណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ទាំង​សង្ខាង។ ក្រោយ​ពី​មាន​ជម្លោះ​យោធា​ដ៏​តានតឹង កម្ពុជា​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឲ្យ​បកស្រាយ​សាលដីកា​កាល​ឆ្នាំ​១៩៦២ ឡើង​វិញ ក្នុង​ពេល​ដែល​កម្ពុជា ទទួលបាន​ជ័យជំនះ​ម្ដង​រួច​មក​ហើយ កាល​ពីជាង៥០ឆ្នាំ​មុន ជុំវិញ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ លើ​ភាគី​ថៃ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ក៏​បាន​ប្រកាស​សាលដីកា​ស្ដីពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ភ្លាម​ដែរ ក្រោយ​ពេល​តុលាការ​នេះ ​បាន​បើក​សវនាការស្ដាប់​ការ​បកស្រាយ​ដោយ​ផ្ទាល់​មាត់​ពី​តំណាងរាជ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។ ដោយ​អំណាច​សាលដីកា​នេះ គឺ​តុលាការ​បាន​បង្គាប់​ឲ្យ​ថៃ​ ត្រូវ​ដកទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

* ប្រវត្តិប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រុំ​ ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំក្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​គឺជាតំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ ដោយ​ពួក​អាណានិគម​បារាំងនៅក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។

ថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២៖ ប្រាសាទ​ព្រះវិហារត្រូវ​បាន​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ទ្បាអេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្ដី​ រវាង​វិវាទ​កម្ពុជា-ថៃ​លើ​ប្រាសាទ​ព្រះវិហារ​។

ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨៖ អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា​។

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​ សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៦២៥​ម៉ែត្រ (ឯកសារ​បារាំង) ​រឺ​៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។

ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​ រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត ​និង​ជា​ភាសា​ខ្មែរ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។

​* ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ

អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំង​សីល​នៅ​លិង្គ​បូៗ គឺ​ជា​វត្ត​ភូ នៅខាង​ត្បូង ស្រុក​លាវ សព្វ​ថ្ងៃ​នេះ ។ រួច​ហើយលោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះជា​បំណែក​នៃ​លិង្គ​ធំ​មួយ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រីសិខៈ រិស្វារៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ​នេះ ពេល​ឆ្នាំ​ក្រោយៗមក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​ លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ:: ថ្ម​ហ្នឹង​គឺ​ជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គបូ នោះ នៅ​វត្តភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។

ពេល​នោះ អ្នក​ប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទ​ព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែល​ជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វថ្ងៃ​នេះ​ទេ។ មាន​តែ​អាស្រម​ធ្វើអំពី​ឈើ ពីព្រោះ​ជា​ទីកន្លែង​សម្រាប់​ស្នាក់នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។

* ព្រាហ្មណ៍​តៈបៈស្វិន្រ្ទ​បណ្ឌិត

បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង ​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។

ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹងប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ គាត់​ធ្វើហើយ លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្តអត់​ទេ។

សម្បថ​នោះ​មាន​អី​ខ្លះ​ទៅ? គឺ​ថាសម្បថ​នោះ​មាន បើ​អ្នក​ឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដ​ជា​យាម​ប្រាសាទ ។ បើ​អ្នក​ឯង​ថែ​ទាំ​ប្រាសាទ ប្រាកដ​ជា​ថែទាំ​ប្រាសាទ។ ហើយលោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នកថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង សូម្បី​តែ​នៅក្នុង​ប្រាសាទ ក៏​ត្រូវ​ការពារអ្នក​អស់​ហ្នឹង សូម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូចជា​ ទៅ​ធ្វើ​ស្រែ ឃ្វាល​គោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នកឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើ​បាប​អ្នកស្រុក​អស់​នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួកអ្នក​រាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោង​ទ្វារ​ប្រាសាទ​វិមានអាកាស នៅ​អង្គរ​នោះ​មិន​ដូចគ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិខៈ រិស្វារៈ នៅ​នឹង​ភ្នំ​ព្រះវិហារ​នេះ» ។

* ស្រីសុកៈរាមា

នៅក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រីសុកៈរាមា ជា​មនុស្ស​សំខាន់ ។ ស្រីសុកៈរាមា​នេះ មាន​ក្រុមគ្រួសាររបស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុជា រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នាព្រះហស្ត​ផ្សេង​ៗ តាំងពី​សម័យ​ មុន​អង្គរ​គឺ​ព្រះបាទ​ស្រីប្បវរ័្មន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយវរ័្មន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុកនៅ​នឹង​ប្រាសាទ​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ នៅ​នឹង​ប្រាសាទ​ខាង​ជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នកគោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោស​សំអាត រៀបចំ​គោរព ស្រី សិខារិស្វារៈ ។
ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅតែ​គោរព​ព្រះឥសូរ ព្រោះ​នៅក្នុង​សិលាចារឹក​នេះ​ឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះ​អាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារមិស្វារៈ គឺ​ឥសូរ​ដែល​មាន​ឈ្មោះ​ហៅ​ថា សុរិយវរ្ម័ន​នេះ​ឯង ។

លិង្គ​មួយ​ត្រូវបាន​យក​ទៅ​ទុក នៅក្នុង​ខេត្ត​បាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច។ នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះនាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះវិហារ កំណត់​បណ្តោះ​អាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅផ្នែ​ខាង​ជើង។ មាន​មួយ​ទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូរិយាទ្រិ គឺ​ភ្នំ​ព្រះឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្ត​តាកែវ​សព្វថ្ងៃ​នេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាង​ត្បូង ។

ហើយ​មាន​មួយ​ទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥសាន តិរថៈ ប្រហែល​ជា​នៅតាម​ដង​ទន្លេ​មេគង្គ ប្រហែល​ជា​នៅ​ខាង​ក្រចេះ​ស្ទឹងត្រែង ។
លិង្គ​ទាំងបួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំងបួន​ហ្នឹង នៅ​នឹង​គ.ស. ១០១៨ ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទ​ភ្នំ​ព្រះវិហារ ។

* គោល​បំណង​​នៃ​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េចបន់​ស្រន់ គោរព​បូជាយ៉ាង​ដាច់​ខាត។ ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ៖

ទី​មួយ៖ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ។ គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ។

ទី​ពីរ៖ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួសឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះត​ទៅ​ទៀត។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅនៅ​ខ្លោង​ទ្វារ​ទី​៣ ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត។ ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ។ ដំណាក់​កាល​នៃ​ការ​សាង​សង់ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើតែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗនៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើងនៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន
​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

*លក្ខណៈ​សំណង់​ប្រាសាទ​ព្រះ​វិហារ

បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ។ មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ៥។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់៥២៥​ម៉ែត្រ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​ ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ។

ទីមួយ៖ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។

សំគាល់​១៖ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះគេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក។

ឡើង​មក​ទៀត ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មកដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។

នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរប្រហែល៤០​ម៉ែត្រ។ ផ្លូវ​ដើរ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។ មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ។ អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​នៅត្រង់​កន្លែង​ហ្នឹង» ។

ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​ ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ។ មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់» ។

*ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារមាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ?

លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃនៅ​ឡើយ​ទេ។

ពិសេសកាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែកខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះជា​ដី​របស់​ខ្មែរ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ៕