(ព្រះសីហនុ)៖ អភិបាលខេត្ដព្រះសីហនុ លោក គួច ចំរើនអមដំណើរដោយមន្ដ្រីជំនាញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្ដចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលគ្រោងជូសជុលកែលម្អ ឬពង្រីកបន្ថែម សម្រាប់ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើដំណើរនៅក្នុងក្រុងព្រះសីហនុ ចាប់ពីផ្លូវ៣០០ រង្វង់មូលតោ២ រហូតដល់តំបន់ឆ្នេរអូត្រេះ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុង ព្រះសីហនុ។

លោក គួច ចំរើន បានបញ្ជាក់ថា ដើម្បីរៀបំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្ដត្រូវតែបន្ដជួសជុលកែលម្អផ្លូវខួចៗ និងពង្រីកបន្ថែមផ្លូវសំខាន់ៗ ក្នុងក្រុងដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍យានយន្ដ និងការរីកចម្រើនកើនឡើងយ៉ាងគំហុករបស់ខេត្ដ។

ករណីនេះ រដ្ឋបាលខេត្ដ ត្រូវតែរៀបចំផែនការផ្តួចផ្តើមគំនិត ដើម្បីពិភាក្សាលើលក្ខណៈបច្ចេកទេសជាមួយមន្ត្រីជំនាញរបស់ខេត្ដ និងថ្នាក់ជាតិ ដើម្បីពន្លឿនកិច្ចការងារខាងលើនេះឲ្យបានជោគជ័យ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកលេង ស្នាក់នៅលម្ហែកម្សាន្ដនៅខេត្ដឲ្យបានច្រើន។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដព្រះសីហនុ លោក ណុប ហេង បានឲ្យដឹងថា ផ្លូវនៅក្នុងខេត្ដព្រះសីហនុ ជាពិសេសក្នុងក្រុង គឺត្រូវរងនៅការខូចខាតស្ទើរទាំងស្រុង ដោយសារតែផ្លូវមួយចំនួនធំដល់អាយុកាលត្រូវអ៊ុតថ្មីឡើងវិញ, កត្ដាអាកាសធាតុ និងការវិនិយោគកើនយ៉ាងគំហុកនេះ។

បញ្ហាកញ្ចប់ថវិកា នៅមានកម្រិត និងមានភាពយឺតយ៉ាវក្នុងការទម្លាក់មកសម្រាប់គម្រោងផែនការជួសជុលនេះ គឺជាចំណុចប្រឈមមួយនាំឲ្យជះឥទ្ធិពល ដល់ដំណើរការជួសជុលកែលម្អនេះដែរ។

លោក ណុប ហេង បានបន្ថែមថា ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង កំពុងត្រូវបានរៀបចំជួសជុល និងអ៊ុតកៅស៊ូឡើងវិញជាបន្ដបន្ទាប់ហើយ បញ្ហាយឺតយ៉ាវដោយសារកញ្ចប់ថវិកា និងដល់ពេលភ្លៀងទើបដំណើរការងារនេះយឺត។

ប៉ុន្តែទោះជាយ៉ាងណា ខេត្ដបានទទួលកញ្ចប់ពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងជួសជុលផ្លូវចំនួន ២២ខ្សែ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ដព្រះសីហនុឡើងវិញ។

សូមបញ្ជាក់ថា ក្រោយប្រកាសចូលកាន់តំណែង លោក គួច ចំរើន បានមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្តែង នៃចំណុចប្រឈមចំពោះមុខ ដូចជាប្រពន្ធ័អូរប្រឡាយ សំណង់គ្រោងដែក សណ្តាប់ធ្នាប់ចរាចរណ៍ និងផ្លូវថ្នល់ជាដើម ដើម្បីមានវិធានការដោះស្រាយបន្ទាន់ ហើយលោកបញ្ជាក់ថា ស្ថានភាពនេះនឹងបានប្រសើរឡើងវិញនៅពេលខាងមុខនេះ សូមពលរដ្ឋយោគយល់៕