(កណ្តាល)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នៅសម័យប៉ុលពត គេមិនត្រូវការអ្នកចេះដឹងទេ សូម្បីតែអ្នកពាក់វ៉ែតតា ក៏ពួកគេគិតថា អ្នកចេះដឹង ហើយយកទៅសម្លាប់ចោលដែរ តែសម័យសម្ដេចតេជោ ហ៊ុន សែន វិញ គឺពិតជាត្រូវការណាស់អ្នកចេះដឹង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងយ៉ាងដូចនេះ ក្នុងពីធីចែករង្វាន់ជ័យលាភី ដល់សិស្សពូកែថ្នាក់ខេត្ត នៅស្រុកកោះធំ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលាស្រុកកោះធំ ដោយមានការចូលរួមពីសិស្សានុសិស្ស អាណាព្យាបាល រួមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ការៀនសូត្រពិតជាមានសារសំខាន់ណាស់ នៅក្នុងជីវិតយើង គ្មានអ្វីដែលធំជាងចំណោះដឹងនោះទេ បើយើងមានចំណោះដឹងហើយ យើងនឹងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដូចនេះហើយក្មួយៗទាំងអស់ត្រូវតែខិតខំរៀនសូត្របន្ថែមទៀត ដើម្បីទៅថ្ងៃមុននឹងអាចជួយដល់ខ្លួនឯង និងដល់ប្រទេសជាតិ បើគ្មានអ្នកចេះដឹងទេ យើងមិនអាចអភិវឌ្ឍន៍ប្រទេសជាតិ បានដូចសព្វថ្ងៃនេះទេ»

លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា សម័យប៉ុលពត គេបានសម្លាប់អ្នកចេះដឹងអស់ហើយ សូម្បីអ្នកពាក់វែនតា ក៏គេគិតថាអ្នកចេះដឹងដែរ។ ប៉ុន្ដែនៅសម័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា គឺជាសម័យត្រូវការ អ្នកចេះដឹង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិរបស់យើង។ បើគ្មានអ្នកចេះដឹងទេ យើងមិនអាច ទាក់ទាញអ្នកវិនិយោគ មកដាក់ទុននៅកម្ពុជាបានឡើយ។

នៅក្នុងឱកាសនោះដែរលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បានឱ្យដឹងដែរថា ស្រុកោះធំមានគ្រឹះស្ថានសិក្សាសាធារណ:ចំនួន ៥៣កន្លែង គឺវិទ្យាល័យ៤កន្លែង អនុវិទ្យាល័យ៨កន្លែង បឋមសិក្សា ៤០កន្លែង និងមត្តេយ្យ១កន្លែង។

ក្នុងឆ្នាំសិក្សានេះដែរ មានបុគ្គលិកសិក្សាក្នុងក្របខណ្ឌ័ចំនួន ៧៨៤នាក់ បុគ្គលិកជាប់កិច្ចសន្យាចំនេះទូទៅចំនួន ៨២នាក់ និងមានសិស្ស ២៦,៧២១នាក់។ និងមានមត្តេយ្យសិក្សាសហគមន៍១៥កន្លែង ចែកជា១៧ថ្នាក់ គ្រូបង្រៀន ១៧នាក់ កំពុងបង្រៀនសិស្ស ៥៧៦នាក់ និងកម្មវិធីអប់រំកុមារតូចតាមផ្ទះ ១ឃុំ ៥ភូមិ ម្តាយបង្គោល៥នាក់ផងដែរ។

សូមបញ្ជាក់ដែរថា សម្រាប់សិស្សជ័យលាភីសិស្សពូកែសម្រាប់ថ្នាក់ទី៩ និង ទៅ១២ មានចំនួន១៣ នាក់ ក្នុងនោះមានសិស្សចំនួន៣នាក់ បានធ្វើការសាងល្បងប្រឡងត្រៀមសម្រាប់ថ្នាក់ទី១២ បានទទួលនិទ្ទេសA។ អំណោយដែលសិស្សជ័យលាភីទទួលបានរួមមាន៖ សៀវភៅ៣៦ក្បាល ប៊ិច ៣០ដើម និងវិញ្ញាបនបត្រមួយ បន្ថែមលើថវិកាផងដែរ៕