(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំសមាជិកសមាជិកា ក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២ឃុំ គឺឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។
អំណោយទាំងនោះរួមមាន៖ អង្ករ២៥គីឡូ គ្រឿងបរិភោគ សង្ក័សី និងប្រូស៊ីម៉ង់តិ៍។
លោកស្រី មិថុនា ភូថង បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងងតែយកចិត្តទុកដាក់គិតគូរចំពោះ ប្រជាពលរដ្ឋគ្រប់រូប ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ ឬឧប្បទ្ទវហេតុផ្សេងៗ ដែលកើតឡើង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយបក្ស ណាមួយឡើយ។
លោកស្រីអភិបាលខេត្ត បានបន្តថា អំណោយទាំងនេះ បានមកការចូលរួមឧបត្ថម្ភពីសប្បុរសជន ជួយគាំទ្រក្នុងពេលពលរដ្ឋជួបបញ្ហា ហើយអំណោយវាតិចតួចមែន តែជាសិល្ប:ចែករំលែកសម្រាប់ ការជួយដោះស្រាយក្នុងជីវភាពបងប្អូន បានមួយកំរិតផងដែល តែអ្វីដែលសំខាន់សាខាកាកបាទក្រហមកម្ពុជា មិនទុកបងប្អូនចោលនោះទេ ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម ជានិច្ចមិនថា ឆ្ងាយ ឬជិត ក្តៅព្យុះភ្លៀងកាត់សមុទ្រល្វឹងល្វើយឡើយ កាកបាទក្រហមទៅទីតាំងនោះភ្លាម។
លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះភ្លៀងខ្យល់កន្ត្រាក់ ព្រោះនេះរដូវវស្សា ជាពិសេសប្រុងប្រយ័ត្នចំពោះសុខភាព ព្រោះឆ្នាំនេះ អត្រាជំងឺគ្រុនឈាមមានអត្រាខ្ពស់ ហើយវាអាចប្រឈម និងគ្រោះថ្នាក់ដូច្នេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់៕