(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ផ្កាយ៣ ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងគោក និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធវិធីដំណើរទ័ពឆ្នាំ២០១៩ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន ដែលបានអញ្ញើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធដំណើរទ័ព ឆ្នាំ២០១៩ នាថ្ងៃនេះ និងប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉ន ចំណេះដឹងមូលដ្ឋានកសិកម្ម ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នាព្រឹកនេះផងដែរ។
ក្នុងឱកាសនេះផងដែរ លោកអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានារបស់បងប្អូនកងទ័ពយើង ជាពិសេសកងទ័ពដែលកំពុងឈរជើងតាមបណ្តោយ ព្រំដែនតែម្ដង។
លោកថា «ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះវិស័យការពារជាតិក៏មានការរីកចម្រើនគួរកត់សម្គាល់ផងដែរ»។
ថ្វីត្បិតតែប្រទេសយើងមានសុខសន្ដិភាពក៏ពិតមែន តែកងទ័ពយើងមិនត្រូវភ្លេចខ្លួនពីការហ្វឹកហ្វឺន ហាត់ពុតលត់ដំជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព ពិសេសត្រូវគោរពឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុតនូវវិន័យកងទ័ព ដើម្បីបម្រើប្រជាជន និងការពារបូរណភាពទឹកដី ដូចទ្រឹស្តីកងទ័ពលើកឡើងថា៖ «កងទ័ពដែលខ្លាំង គឺជាកងទ័ព ដែលបានធ្វើការហ្វឹកហ្វឺន ហាត់ពុតលត់ដំជាប្រចាំ ពិសេសគោរពឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុតនូវបទបញ្ជានិងវិន័យរបស់កងទ័ព។ កងទ័ពខ្លាំង ទើបប្រទេសជាតិខ្លាំង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។
លោកអភិបាលខេត្ត បានបន្តថា ជាក់ស្ដែងថ្ងៃនេះនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធដំណើរទ័ពឆ្នាំ២០១៩ ជាការបញ្ជាក់កាន់តែច្បាស់បន្ថែមទៀត នូវការពង្រឹងសមត្ថភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងមានវត្តមាននាពេលនេះ។ «ខ្ញុំសុំគូសបញ្ជាក់ និងជម្រាបជូនដល់នាយទាហាន នាយទាហានរង និងពលទាហានឲ្យបានជ្រាបថា កងទ័ពកើតចេញពីប្រជាជន ដូច្នេះត្រូវបម្រើប្រជាជនដោយស្មោះត្រង់»។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ការចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រេចបាននូវលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។
លោកបានណែនាំបន្ថែមទៀតដល់ តំបន់ប្រតិបតិ្តការសឹករងព្រះវិហារ បន្តយកចិត្តទុកដាក់គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការអនុវត្តភារកិច្ចស្នូល ជាកម្លាំងត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់អំពើអសន្ដិសុខ និងអំពើភេរវកម្មដែលបង្កការគំរាមកំហែងនិងអស្ថិរភាពក្នុងភូមិសាស្រ្ដខេត្ត។
ជាថ្មីម្ដងទៀត លោកសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអង្គភាពតំបន់ប្រតិបត្តិការសឹក រងព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានជួយឧបត្ថម្ភជ្រោមជ្រែង និងបង្កលក្ខណៈគ្រប់បែបយ៉ាង ដល់ការរៀបចំវគ្គហ្វឹកហ្វឺនទាំងបិទ និងបើកវគ្គ ប្រកបដោយជោគជ័យ និងការទទួលខុសត្រូវ។
លោកថ្លែតថា «ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធដំណើរទ័ព ឆ្នាំ២០១៩ បើទោះបីមានរយៈពេលខ្លីក្តី សូមយកចំណេះដឹង ជំនាញ ដែលទទួលបានពីការបណ្តុះបណ្តាល ហ្វឹកហ្វឺន រៀនសូត្រ នាពេលកន្លងមកថ្មីៗនេះ យកទៅធ្វើការសិក្សាស្រាវជ្រាវពង្រីកនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងប្រើប្រាស់ដើម្បីជាប្រយោជន៍ ដល់អង្គភាព ក៏ដូចជាខ្លួនឯងផ្ទាល់ ក្នុងគ្រួសារ និងសង្គមជាតិ»។
លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានលើកឡើងថា វគ្គហ្វឹកហ្វឺននេះមានសារះសំខាន់ណាស់ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារចំណុះយោធភូមិភាគទី៤ នាពេលនេះ។
លោកមេបញ្ជាការ បានបន្ថែមថា ដោយមានគោលការណ៍ដឹកនាំដ៏ឈ្លៀសវៃប្រកបដោយប្រសិទ្ធិភាពពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែផ្តល់ នូវការរំលឹកដាស់តឿន លើការងារហ្វឹកហ្វឺនបំប៉នជំនាញ គ្រប់លំដាប់ថ្នាក់ ឲ្យគ្រប់កងឯកភាពត្រូវហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឲ្យកងទព័មានសមត្ថភាព គុណភាពនិងប្រសិទ្ធិភាព ក្នុងការដឹកនាំបញ្ជា សំរេចបានជោគជយ័លើគ្រប់សមូរភូមិ៕