(ភ្នំពេញ)៖ ក្រសួងបរិស្ថាន លើកទឹកចិត្តដល់បណ្ដាម្ចាស់បុរីទាំងអស់ គួរសាងសង់សួនច្បារ ដើម្បីលើកកម្ពស់ការស្រលាញ់បរិស្ថាន ក្នុងគោលដៅបង្កើនខ្យល់បរិសុទ្ធក្នុងការរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ខ្លួន។ ក្រសួងបរិស្ថាន ក៏ស្នើដល់ម្ចាស់ទីតាំងបុរិទាំងអស់នេះ ត្រូវបែងចែកឲ្យបានច្បាស់លាស់ចំពោះប្រព័ន្ធលូបង្ហូរទឹក ពោលត្រូវបែងចែកប្រព័ន្ធបង្ហូរទឹកកខ្វក់ផ្សេង និងប្រព័ន្ធបង្ហូរទឹកភ្លៀងផ្សេងពីគ្នា ព្រោះថាទឹកកខ្វក់មុនបង្ហូរទៅកន្លែងប្រភពទឹក ត្រូវតែឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាមុនសិន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «គោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា» លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយបុរីយើងមានការលើកទឹកចិត្ត ឲ្យពួកគាត់ក្នុងការបង្កើតអាងប្រព្រឹត្តកម្មធំមួយ សម្រាប់ជារួមនៅក្នុងបុរីរបស់ពួកគាត់ ខណៈដែលការសាងសង់ផ្ទះមានអាងសិបទីប នៅក្នុងហ្នឹងស្រាប់ហើយ។ ប៉ុន្ដែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ចាំបាញ់ត្រូវមានអាងប្រព្រឹត្តកម្មធំមួយ ដែលគ្រប់គ្រងទៅលើសំណល់កខ្វក់នៅក្នុងបុរីរបស់ពួកគាត់»។
មន្ដ្រីជំនាញរូបនេះ ក៏បានគូសបញ្ជាក់ថា ក្រសួងក៏បានលើកទឹកចិត្តដល់ម្ចាស់បុរីនីមួយៗ បង្កើតយន្ដការក្នុងការគ្រប់គ្រងសំរាមផ្ទាល់នៅក្នុងបុរីតែម្ដង ដោយសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីងាយស្រួលនៅក្នុងការប្រមូល ព្រោះថាអ្នកគ្រប់គ្រង គាត់មានលទ្ធភាពគ្រប់គ្រាន់ ដែលអាចមានមធ្យោបាយច្រើន ដើម្បីជួយដឹកសំរាមចេញ។
ពាក់ព័ន្ធជាមួយបញ្ហាសួនច្បារវិញ ក្នុងច្បាប់ក៏បានកំណត់ដូចគ្នាផងដែរថា ម្ចាស់សំណង់ទាំងអស់ត្រូវទុកផ្ទៃប្រមាណ៣០ភាគរយ ដោយរៀបចំជាសួនច្បារដើម្បីបង្កើតភាពបៃតង។ ក្រសួងក៏បានជំរុញផងដែរ ដើម្បីធ្វើឲ្យមានមេត្រីភាពបរិស្ថាន គឺលើកទឹកចិត្តឲ្យស្ថាបត្យករ ម្ចាស់សំណង់ មិនត្រូវសាងសង់ប្រភេទអគារបិទជិតនោះទេ ពោលត្រូវធ្វើលក្ខណៈបើកទូលាយ ដើម្បីអាចទាញនូវពន្លឺព្រះអាទិត្យ កាត់បន្ថយការប្រើប្រាស់ចរន្ដអគ្គិសនី កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាដើម។
សូមជម្រាបថា បើតាមលោក នេត្រ ភក្ត្រា មកបច្ចុប្បន្ននេះ បុរីនៅក្នុងរាជធានីភ្នំពេញ ដែលមានតំបន់បៃតងច្រើនជួយដល់បរិស្ថាននោះ គឺបុរីប៉េងហួត ដែលជាបុរីមួយបានដាំដើមឈើច្រើន ខណៈដែលក្រសួងក៏នៅបន្ដលើកទឹកចិត្តដល់ម្ចាស់បុរីផ្សេងទៀតដូចគ្នា៕