(ភ្នំពេញ)៖ ជនជាប់ឃុំ នួន ជា ត្រូវបានក្រុមគ្រូពេទ្យ នៃសាលាក្តីខ្មែរក្រហម (អ.វ.ត.ក) បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាព ខែ្មរ-សូវៀត ដោយសារលោកមានបញ្ហាផ្នែកជើងទាំងសងខាងគឺ ខាងឆ្វេងត្រង់ម្រាមជើងកណ្តាល និងខាងស្តាំត្រង់ម្រាមជើងមេ កើតចេញដំបៅជាំខ្មៅ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីសាលាក្តីខ្មែរក្រហម។

ជនជាប់ឃុំរូបនេះ ត្រូវបានបញ្ជូនមកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលោម៉ោង៣៖៣០នាទីរសៀល។

តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យគឺ បញ្ហាចេញដំបៅជាំខ្មៅនេះ គឺបណ្តាមកពីជនជាប់ឃុំ នួន ជា មានវ័យចាស់ជរា អាយុ៩៣ឆ្នាំ មានត្បៀតសសៃឈាម មិនអាចរត់មកចិញ្ចឹមដល់ចុងជើងបាន ធ្វើឱ្យមានដំបៅរលួយផ្នែកម្រាមជើង។

មកដល់ពេលនេះស្ថានភាពសុខភាព នួន ជា មិនទាន់មានសញ្ញាគម្រាមដល់ជីវិតទេ តែក្រុមគ្រូពេទ្យបានត្រៀមការវះកាត់ ម្រាមជើងដែលដំបៅនោះចេញ៕