(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែល «សមាជិកសភាសហភាពអឺរ៉ុប» មួយចំនួនតូច មានបំណងរបស់ពួកគេ ក្នុងការហែហមទណ្ឌិត សម រង្សី ដែល ប្រកាសពីការវិលត្រលប់របស់ខ្លួនមកកម្ពុជាវិញ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា បើប្រសិនជាមានការអនុវត្តបែបនេះ ពីសំណាក់សមាជិក សភាសហភាពអឺរ៉ុបមួយចំនួនតូចអស់ទាំងនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងចាត់ទុកទង្វើអស់ទាំងនេះ ជាទង្វើគ្មានលក្ខណៈកាទូត មិនគោរពអធិបតេយ្យភាព និងនីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹក សមាជិកសភាសហភាពអឺរ៉ុបអស់ទាំងនោះ ពីមាត្រា៤១ នៃសន្ធិសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត ដែលតម្រូវឲ្យបុគ្គលទាំងអស់ «ដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ត្រូវគោរពច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។ បុគ្គលទាំងនោះ ក៏មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះផងដែរ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹកឡើងវិញថា ទណ្ឌិត សម រង្ស៊ី ត្រូវបានទទួលការចោទប្រកាន់ និងកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនករណី ដែលមានជាអាទិ៍ អំពើក្បត់ជាតិ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទប្រមាទចំពោះ អង្គព្រះមហាក្សត្រ នរោត្តម សីហមុនី បទញុះញុងមិនឲ្យយោធិនស្ដាប់បញ្ជា ។ល។
ជាមួយនឹងការស្វាគមន៍ដល់ភ្ញៀវបរទេសគ្រប់រូបទាំងអស់ ដែលគោរពច្បាប់ មានបំណងល្អ និងស្មោះត្រង់ក្នុងការលើកកម្ពស់ចំណងមិត្តភាព ទំនាក់ទំនងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំាបាច់ត្រូវក្រើនរំលឹកដល់សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនតូចអស់ទាំងនោះ ពីច្បាប់ស្ដីពីអន្តោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤ដែល ចែងអំពីកាតព្វកិច្ចដែលត្រូវបំពេញមុនចូលប្រទេសកម្ពុជា ការអនុញ្ញាតឲ្យចូលត្រូវគិតគូរពីសន្តិសុខជាតិ និងផលវិបាកចំពោះការចូលដោយលបលាក់ បន្លំ ឬដោយមធ្យោបាយខុសច្បាប់ផ្សេងទៀត ដែលផ្ទុយនឹងច្បាប់ជាធរមានរបស់កម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើយ៉ាងទទូចដល់អ្នក នយោបាយបរទេសខាងលើអស់ទាំងនោះ ពិចារណាឡើងវិញពីការសម្រេចចិត្តដោយ ខ្វះព័ត៌មានច្បាស់លាស់ និងត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើដែលបង្កប់ដោយឧបាយកល នយោបាយ និងគ្មានលក្ខណៈកាទូត។ ម្យ៉ាងវិញទៀត ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ សូមអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋ និងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រជាជនកម្ពុជាកំពុងទទួលបានសព្វថ្ងៃនេះ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស៖