(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនអេ.អាយ.អិម.អេស (AIMS Cambodia) ត្រូវបានអញ្ជើញចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា អមដំណើរគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យឡើងវិញ ជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)។
ជាការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ថ្នាក់ដឹកនាំក្រុមហ៊ុនយើងខ្ញុំប្ដេជ្ញាកៀរគរវិនិយោគិនបរទេស ចូលមកវិនិយោគ និងរៀបចំទីតាំងអាជីវកម្មសម្រាប់ក្រុមហ៊ុនទាំងនោះ នៅក្នុងប្រទេសកម្ពុជា។
នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AIMS ប្រចាំកម្ពុជា លោកស្រី លៀន លក្ខិណា សម្ដែងក្ដីរីករាយតាំងនាមអគ្គនាយក AIMS Group ខណៈកំពុងមានវត្តមានអមដំណើរថ្នាក់ដឹកនាំប្រទេសនៅលើទឹកដីប្រទេសជឿនលឿនមួយនេះនៅអឺរ៉ុប។ លោកស្រីបញ្ជាក់ថា សម្រាប់បេសកកម្មដ៏មានតម្លៃកាត់ថ្លៃពុំបាននេះ បានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា លើកិច្ចការវិនិយោគជាសាកល ដោយចិរភាព និងការអភិវឌ្ឍដោយស្នើភាព ក្នុងនាមសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក៖ «ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុន ដែលកំពុងពង្រីកវិសាលភាពលើសេវាកម្មរៀបចំផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់វិនិយោគិននៅបរទេស ចូលមកកម្ពុជានោះ យើងខ្ញុំប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើយ៉ាងណាជំរុញនិងកៀរគរវិនិយោគិនពីបរទេសប្រើប្រាស់សេវាកម្មយើងខ្ញុំ ចូលមកបង្កើតអាជីវកម្មនៅកម្ពុជា ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
ក្រុមហ៊ុនអេ.អាយ.អិម.អេស (AIMS) ជាក្រុមហ៊ុនជំនាញកិច្ចការអន្តោប្រវេសន៍អន្តរជាតិ បានដំណើរការជាង ១៣ឆ្នាំ និងមានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី។ សម្រាប់ដំណើរការនៅកម្ពុជា ក្រុមហ៊ុននេះមានអាយុកាលជិត ២ឆ្នាំហើយ។ AIMS ជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា ដែលជាក្រុមហ៊ុនចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ សេវាកម្មចម្បងរបស់ក្រុមហ៊ុននេះ ផ្ដោតលើអន្តោប្រវេសន៍សម្រាប់ការរៀបចំបែបបទនៃការផ្លាស់ប្ដូរទីតាំងអាជីវកម្មទៅក្រៅប្រទេស និងរៀបចំឯកសារស្នើសុំរស់នៅបរទេសដោយស្របច្បាប់ជាលក្ខណៈបុគ្គល និងគ្រួសារ តាមរយៈការវិនិយោគ និងការងារជំនាញជាដើម។
បច្ចុប្បន្នក្រុមហ៊ុនមានទីតាំងការិយាល័យ ១០ប្រទេស នៅក្នុងតំបន់អាស៊ីបាស៊ីហ្វិក រួមមានអូស្ត្រាលី ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ជាដើម។ សម្រាប់កិច្ចការផ្នែកអន្តោប្រវេសន៍នេះ ក្រុមហ៊ុនមានអ្នកជំនាញជាង ៣០០នាក់ ចាំទទួល និងរៀបចំឯកសារជូនអតិជនសម្រាប់ការរស់នៅបរទេស និងរៀបចំផ្លាស់ប្ដូរទីតាំងអាជីវកម្ម។ រហូតមកបច្ចុប្បន្ននេះ អតិថិជន ជិត ២ម៉ឺនគ្រួសារហើយ បានសម្រេចក្ដីប្រាថ្នាទៅរស់នៅបរទេស ក្នុងនោះមាន សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងបណ្ដាប្រទេសនៅអឺរ៉ុបជាដើម៕