(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា នៅវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។
កិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ ពាណិជ្ជកម្មឆ្នាំ២០១៩» នៅប្រទេសស្វីសបានប្រព្រឹត្តទៅក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដោយមានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពិភពលោក។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅដល់អាកាសយាន្តដ្ឋានទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅវេលាម៉ោង៤៖៥០នាទីល្ងាច ថ្ងៃទី០២ ខែកក្កដា បន្ទាប់ពីចំណាយពេលហោះហើរតាមយន្តហោះពិសេសអស់រយៈពេល៩ម៉ោង។ នៅទីនោះ សម្តេចបានទទួល ការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅរស់ប្រទេសស្វីស និងមកពីប្រទេសមួយចំនួននៅអឺរ៉ុប ខណៈដែលអញ្ជើញទៅដល់សណ្ឋាគារ Grand Hotel Kempinski Geneva ជាសណ្ឋាគារប្រណីត លំដាប់ផ្កាយ៥ ប្រចាំនៅទីក្រុងនេះ ដែលជាកន្លែងសម្តេចតេជោ និងគណៈប្រតិភូកម្ពុជាស្នាក់អាស្រ័យចំនួន៤យប់។
នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ខណៈមានវត្តមាននៅប្រទេសស្វីស សម្តេចតេជោ ពុំមានកម្មវិធីផ្លូវការណាមួយឡើយ គ្រាន់តែទទួលទានអាហារជាលក្ខណៈឯកជនប៉ុណ្ណោះ។ រហូតដល់ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទី ម៉ោងនៅប្រទេសស្វីស សម្តេចមានជំនួបទ្វេភាគីជាមួយលោក រ៉ូប៊ែរតូ អាហ្សេវ៉េឌូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក។
នៅចំពោះមុខ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO, សម្តេចតេជោ ហ៊ុន សែ បានរិះគន់ចំៗទៅលើចំណាត់ការរបស់គណៈកម្មការអឺរ៉ុប ដែលកំពុងអនុវត្តនីតិវិធីព្យួរការអនុគ្រោះពន្ធជាបណ្តោះអាសន្ន សម្រាប់ទំនិញកម្ពុជា។ សម្តេចបានហៅការចំណាត់ការរបស់ EU នេះ ជាការអនុវត្តស្តង់ដារច្រើនយ៉ាង។ ទោះបីជាយ៉ាងណា សម្តេចនៅតែរក្សាជំហរមួយច្បាស់លាស់ដដែល ពាក់ព័ន្ធនឹងបញ្ហា EBA ។ សម្តេចអះអាងថា ទោះបីទទួលបាន EBA កម្ពុជាមិនអាចក្លាយជាអ្នកមាន ហើយបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់ដែរ។ កម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូ ល្អជាមួយកម្ពុជា។
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានគូសបញ្ជាក់ថា WTO នៅតែបន្តធ្វើការកែទម្រង់ ដើម្បីឆ្លើយតបទៅនឹងការប្រឈម។ លោកថា ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្ម គឺ WTO មានយន្តការរួចស្រាប់ហើយ ហើយកម្ពុជាអាចដកស្រង់បទពិសោធន៍ និងធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក។ លោកថ្លែងថា WTO ចង់បានសំឡេងពីបណ្ដាប្រទេសដូចជាប្រទេសកម្ពុជា នៅក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺធ្វើយ៉ាងណា កម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការកសាងសមត្ថភាព ពីការកំណត់ពេលវេលានៃការអនុវត្តន៍ ជាពិសេសការចូលរួមនៅក្នុង គ្រប់វិស័យរបស់ WTO ជាពិសេសគឺទាញ យកអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មពីអន្តរជាតិ។
បន្ទាប់ពីបញ្ចប់ជំនួបជាមួយ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO នៅវេលាម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកម្មវិធីបើក កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងថ្លែងសុន្ទរកថាគន្លឹះមួយចំនួន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍អង្គការ WTO ឱ្យបន្តជួយលើគម្រោងសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពិចារណាឱ្យបានដិតដល់មុនព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច។ សម្តេចតេជោ បានគូសរំលេចថា ការព្យួរ ឬដកចេញនេះមិនអាចជួយពួកគេឱ្យចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។
សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយ ក្នុងតំបន់អាស៊ាន បាននិងកំពុងសហការយ៉ាងជិតស្និត ជាមួយប្រទេសអាស៊ី១៥ផ្សេងទៀត ដើម្បីចរចារឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំមួយហៅកាត់ថា RCEP នៅឆ្នាំ២០១៩នេះ។ សម្ដេចតេជោ បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាកំពុងដើរតួយ៉ាងសកម្ម ក្នុងការអនុវត្តកាតព្វកិច្ច និងកិច្ចព្រមព្រៀងនានារបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រែក្លាយអាស៊ានទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួម ជាតំបន់ដែលមានការប្រកួតប្រជែងខ្ពស់ មានការអភិវឌ្ឍន៍ដោយសមធម៌ ហើយធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។
បន្ទាប់ពីបញ្ចប់ពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ ហើយនោះ នៅវេលាម៉ោង១១៖០០នាទី ថ្ងៃដដែលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបបុគ្គលសំខាន់១រូបទៀត គឺលោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិ នៃក្របខ័ណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម។ នៅក្នុងជំនួបនោះ លោក រតនាការ អាឌីការី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់ សម្តេចតេជោ ហ៊ុន សែន ជាពិសេសការដឹកនាំអភិវឌ្ឍន៍របស់កម្ពុជាឱ្យរក្សាបានក្នុងកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ បានអរគុណនាយកប្រតិបត្តិ ដែលបានផ្ដល់ជំនួយជាពិសេសក្នុងការជួយការធ្វើយុទ្ធសាស្ត្រសមារណកម្មពាណិជ្ជកម្មប្រទេសកម្ពុជានេះឆ្នាំ ២០១៩-២០២៣។ សម្តេចបញ្ជាក់ថា កម្ពុជានៅមានសក្តានុពលជាច្រើនទៀតក្នុងក្រខណ្ឌអាស៊ាន។ ជាពិសេសក្នុងការជំរុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ដោយសារបច្ចុប្បន្នសេដ្ឋកិច្ចសេរីរវាងអាស៊ាន និងបណ្ដាប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានក៏អាចធ្វើសមាហរណកម្មផងដែរ។
ក្រោយពេលបញ្ចប់ចំនួបនេះ ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលជួប លោក វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្ត្រីសហប្រតិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់។ ភាគីទាំងពីរបានជជែកទៅលើការទិញម៉ាស៊ីនភ្លើងសម្រាប់ផលិតថាមពលនៅកម្ពុជា។ នៅចំពោះមុខរដ្ឋមន្ត្រីហ្វាំងឡង់ សម្តេចតេជោ ហ៊ុន សែន បានអរគុណក្រុមហ៊ុនហ្វាំងឡង់ ដែលបានលក់ម៉ាស៊ីនភ្លើងអាចផលិតថាមពលរហូតដល់ ២០០េមហ្គាវ៉ាត់ និងបញ្ចេញផ្សែងពុលតិច សម្រាប់ដោះស្រាយបញ្ហាខ្វះថាមពលនៅកម្ពុជា។ សមភាគីទាំងពីរក៏បានជជែកផងដែរទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់នេះ លោករដ្ឋមន្ត្រីហ្វាំងឡង់ បានគូសបញ្ជាក់ថា ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ។
នៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម ព្រឹត្តិការណ៍សង្គម និងវប្បធម៌។ កម្ពុជាត្រូវបានផ្តល់កិត្តិយសធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះមួយផងដែរ ពាក់ព័ន្ធនឹងបញ្ហាសង្គម ក៏ដូចជាវប្បធម៌។ ក្នុងនាមជាម្ចាស់រៀបចំកម្មព្រឹត្តិការណ៍ កម្ពុជាត្រូវបានអនុញ្ញាតឱ្យរៀបចំម្ហូបអាហារ នំចំណីផ្សេងៗសម្រាប់ទទួលភ្ញៀវដែលចូលរួម។ ក្នុងចំណោមម្ហូបអាហារ និងនំចំណីដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរនោះ នំបញ្ចុកត្រូវបានរៀបចំជាអាហារពិសេសដាក់នៅដើមតុតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញស្រស់ស្រូបនំបញ្ចុក ហើយក៏បានណែនាំភ្ញៀវបរទេសជាច្រើនរូបផ្សេងទៀតឱ្យស្រស់ស្រូបនំបញ្ចុកផងដែរ មុននឹងណែនាំទៅស្រស់ម្ហូបអាហារដទៃទៀត។
ឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជា ឯកតោភាគីនោះទេ ប៉ុន្តែគប្បីត្រូវបានលើកតម្កើងនិងគាំទ្រ តាមរយៈការប្រកាន់នូវគោលនយោបាយអំណោយផលសមស្រប ព្រមទាំងការផ្តល់ក្របខ័ណ្ណអនុគ្រោះពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍។
លុះព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦។ ក្រុមហ៊ុនធំៗរបស់ស្វីស បានអះអាងត្រៀមថវិកាប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំងសុខភាពនៅកម្ពុជា។
ក្រុមវិនិយោគិនមកពីក្រុមហ៊ុនធំៗរបស់ប្រទេសស្វីសជាច្រើននាក់ បាននិងកំពុងទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យ និងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញពីសន្ទុះអភិវឌ្ឍន៍ និងការរីកចម្រើនរបស់កម្ពុជា។ ក្នុងដំណើរចុះមកពិនិត្យ និងស្វែងរកការវិនិយោគនៅកម្ពុជា ក្រុមវិនិយោគិនជាច្រើនរូបនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ក្រុមអ្នកវិនិយោគទាំងនេះមកពីក្រុមហ៊ុនខាងផ្នែកធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និង ការសាងសង់ជាដើម។ លោក អាន់ទ្រៀ ហ្គឺប៊ឺ (Adreas Gerber) នាយកគ្រប់គ្រងក្រុមហ៊ុន Credit Suisse និងជាអ្នកដឹកនាំប្រតិភូ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា វត្តមានរបស់ប្រតិភូវិនិយោគិននេះ គឺដើម្បីស្វែងរកការពិត អំពីស្ថានភាពសេដ្ឋកិច្ច វិនិយោគ នៅប្រទេសកម្ពុជា។
បន្ទាប់ពីនេះ នៅព្រឹកដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន មានឱកាសថ្លែងសុន្ទរកថាគន្លឹះជាច្រើន។
«កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានា ធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាច្រើន ឬ ពេលខ្លះមានភាពខុសគ្នាស្រឡះតែម្តង»។ នេះគឺជាប្រសាសន៍ខាងដើមរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលបញ្ហាសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន បានក្លាយជាឧបករណ៍នយោបាយសម្រាប់ប្រទេសមានអំណាចមួយចំនួន ដើម្បីធ្វើជាលេស សម្រាប់លូកដៃជ្រៀតជ្រែក លើអធិបតេយ្យភាព និងឯករាជ្យភាព របស់ប្រទេសទន់ខ្សោយ។ ទោះបីជាកម្ពុជាខិតខំប្រឹងប្រែង និងសម្រេចបាននូវលទ្ធផលជាច្រើនលើបញ្ហាសិទ្ធិមនុស្ស ក៏កម្ពុជាមិនដែល បានទទួលនូវ ការសាទរ ឬសរសើរពីក្រុម ឬស្ថាប័នមួយចំនួន ដែលមានរបៀបវារៈនយោបាយតែមួយគត់ គឺការផ្លាស់ប្តូររបបនៅក្នុងតម្លៃណាក៏ដោយ។ ពួកគេតែងតែលាបពណ៌ខ្មៅ មកលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាការអនុវត្តសិទ្ធិមនុស្ស នៅប្រទេសរបស់ពួកគេខ្លួនឯង ពោរពេញទៅដោយការស្លាប់លើជនបរទេស ការរើសអើងពូជសាសន៍ ការប្រព្រឹត្តអំពើមិនគប្បីមកលើជនអន្តោប្រវេសន៍។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះជាតម្លៃណាក៏ដោយ កម្ពុជាត្រូវតែបន្ដរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។
នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំលើកទី៤១ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំបិទនូវសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាល កំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃលទ្ធផលការងារ។
សម្តេចបានបង្ហាញការសោកស្តាយចំពោះប្រទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍វាយតម្លៃ ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងមកនេះ ថាមានភាពមិនត្រឹមត្រូវ និងយុត្តិធម៌ ទាំងមិនបានបញ្ជូន អ្នកសង្កេតការណ៍ ទៅចូលរួមពិនិត្យការបោះឆ្នោត និងមិនបានមើលឃើញជាក់ស្តែងផងនោះ ដូច្នេះប្រទេសទាំងនោះ អាចវាយតម្លៃការបោះឆ្នោតរបស់កម្ពុជាតាមរបៀបណា។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានមានជំនួបទ្វេភាគីជាមួយ លោកស្រី មិឆែល បាឆេឡេ (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ នៅក្នុងជំនួបនោះ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានទទួលស្គាល់ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំរបស់កម្ពុជា ដែលបានធ្វើឱ្យរីកចម្រើន និងប្រសើរឡើងសិទ្ធិផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះសម្តេចតេជោ លោកស្រី មីឆែល បាឆេឡេ បានពិភាក្សាគ្នាជាច្រើនលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាកិច្ចប្រឹងប្រែងមួយចំនួនរបស់កម្ពុជាក្នុងធ្វើឱ្យប្រសើរឡើងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា កន្លងមកមានការលាបពណ៌ជាច្រើនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែកម្ពុជានៅតែប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារ និងលើកតម្កើងសិទ្ធិមនុស្ស។
នៅមុនបញ្ចប់បេសកកម្ម នៅប្រទេសស្វីស នារសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយអ្នកគាំទ្រសម្តេចជាង១២០០នាក់ ដែលមកពីប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប នៅសណ្ឋាគារ ហ្ក្រេន ខេមភីនស្ទី យេននីវ៉ា។
នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសថា បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) មិនមានអ្វីគួរឱ្យបារម្ភនោះទេ ប៉ុន្តែរឿងដែលសម្តេចព្រួយបារម្ភ គឺភាពស្ពឺកស្រពន់របស់មន្រ្តី ក្នុងការអនុវត្តការងារពង្រឹងលទ្ធភាពរបស់ខ្លួន។
ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានបបួលទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅប្រទេស ស្បថដាក់ជីវិតទាំងក្រុមតែម្តង ចំពោះការចោទប្រកាន់ថា អ្នកដែលទៅគ្រាំទ្រសម្តេចរាប់ពាន់នាក់ នៅប្រទេសស្វីសថា ត្រូវបានជួលក្នុងតម្លៃ២០០ ដល់២០០០ដុល្លារក្នុងម្នាក់ៗ។ ការបបួលស្បថនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានលើកឡើងលើ Facebook របស់លោកថា សម្តេចតេជោ ហ៊ុន សែន បានជួលមនុស្សឲ្យមកស្វាគមន៍ ដោយឲ្យកម្រៃពី ២០០ ដុល្លារ ទៅ ២០០០ ដុល្លារ ម្នាក់ អាស្រ័យលើមកពីជិត-ឆ្ងាយ។
ទន្ទឹមនឹងការលើករឿងរ៉ាវជាច្រើននោះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតចំអកឱ្យទណ្ឌិត សម រង្ស៉ី ដែលប្រកាសធ្វើបាតុកម្ម នៅពេលដែលសម្តេចចាកចេញពីប្រទេសស្វីសទៅវិញ។ ត្រង់ចំណុចនេះ សម្តេចហាក់ចាត់ទុក លោកសម រង្ស៉ី ជាមនុស្សកំសាក ដោយលើកឡើងតាមបទចម្រៀងថា «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឱ្យស្រីមើល»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីការមិនជឿថា ទណ្ឌិត សម រង្ស៉ី នឹងហា៊នចូលប្រទេសកម្ពុជា ដូចអ្វីដែលលោកបានប្រកាសនោះទេ។ ប៉ុន្តែសម្តេច បានប្រកាសជាមុនថា សម្រាប់អ្នកដែលមានដីកាចាប់ខ្លួន គឺត្រូវតែចាប់បញ្ចូលក្នុងពន្ធនាគារ នៅពេលណាដែលមានវត្តមាននៅកម្ពុជា ចំណែកជនបរទេសដែលចង់អមដំណើរ ដោយមិនមានទិដ្ឋាការ នឹងមិនអនុញ្ញាតឱ្យចូលមកកម្ពុជាទេ។
ដោយឡែកចំពោះរឿងមូលដ្ឋានទ័ពបរទេសឯនោះវិញ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ ទោះពីជាកងទ័ពចិន ឬកងទ័ពប្រទេសណាមួយឡើយ។ សម្តេចបានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេស នៅលើដីកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានទ័ពកម្ពុជានៅលើទឹកដីប្រទេសដទៃនោះដែរ លើកលែងតែកងទ័ពមួកខៀវ ដែលបំពេញការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបរយៈពេលជិត៣ម៉ោង សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបកស្រាយជាច្រើនពាក់ព័ន្ធការខ្ចីបំណុលរបស់ចិន ក៏ដូចជាការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការព្យាយាមរិះគន់ និងបង្កើតការបន្ទុចបង្អាក់នានាលើទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជារឿងភូមិសាស្ត្រនយោបាយ។
នៅក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងអំពីបញ្ហាកកស្ទះ និងបញ្ហាអគ្គិសនី។ សម្តេចបានថ្លែងថា សម្តេចបានបញ្ជាឱ្យ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សិក្សារកកន្លែងធ្វើចំណតយានយន្ត ដោយសារតែកំណើតយានយន្ត បានកើនឡើងជាប្រចាំ។
បេសកកម្មរបស់សម្តេច នៅប្រទេសស្វីស បានបញ្ចប់នៅយប់ថ្ងៃទី០៤ ខែកក្កដា ហើយសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសស្វីស នៅម៉ោង១២៖០០ថ្ងៃត្រង់ (ម៉ោងនៅប្រទេសស្វីស) ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។
យន្តហោះពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានហោះមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៧៖០០ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា ក្រោយពេលធ្វើដំណើរតាមយន្តហោះអស់រយៈពេល១៣ម៉ោង៕