(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ មានទុក្ខក្រៀមក្រំបាត់បង់សមាជិកម្នាក់ ដែលបម្រើការងារក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដោយបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ លោកអនុសេនីយ៍ត្រី សុខ ពិសី នាយអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានសុំច្បាប់មេបញ្ជាការតែកន្លះថ្ងៃ ដើម្បីទៅចូលរួម ធ្វើបុណ្យជាមួយគ្រួសារ នៅឯស្រុកដែលស្ថិតក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង តែមិននឹកស្មានថា ជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាតបង់ជីវិត បន្សល់ទុកនៅភរិយាវ័យ២៦ឆ្នាំ ឲ្យនៅមេម៉ាយ ជាមួយកូនស្រីវ័យ១ឆ្នាំកំព្រាឪពុកទាំងមិនទាន់ដឹងក្តី។
ក្រៅពីភាពសោកសៅក្រៀមក្រំ ប្រកបដោយចិត្តស្តាយស្រណោះ មិត្តរួមការងារទាំងអស់បានសម្តែងការចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានកំពុងរួមចិត្តគ្នាបរិច្ចាគថវិកាក្នុងនាមអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមូលនិធិមហាគ្រួសារអាវុធហត្ថទូទាំងប្រទេស ដែលបង្កើតឡើងដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជូនដល់គ្រួសារសព ទុកជាការសម្រាលបន្ទុក ដោះស្រាយជីវភាពតទៅថ្ងៃមុខ។
តែអ្វីដែលធ្វើឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រឹតតែក្តុកក្តួលរំជួលចិត្ត បន្ថែមពីលើការបាត់បង់សមាជិកខ្លួននោះគឺ ក្រោយពេលលោក សុខ ពិសី ទទួលមានមរណភាព ស្រាប់តែមានការបង្ហោះនូវសារចូលរួមរំលែកទុក្ខ ប្រកបដោយ ភាពអាណិតអាសូរ និងស្តាយស្រណោះរបស់មហាជនក្នុងបណ្តាញ Facebook ដែលបានចែករំលែកតៗគ្នា។
ពួកគេបានរៀបរាប់ពីសកម្មភាព ដែលសពលោក សុខ ពិសី ពេលនៅរស់តែងតែដឹកដៃក្មេងៗ សិស្សសាលាបឋមសិក្សាព្រែកលៀប ឆ្លងផ្លូវស្ទើររាល់ថ្ងៃ បែជាទទួលមរណភាពត្រឹមមួយពព្រិចភ្នែក។ សារទាំងនេះធ្វើឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទប់ទឹកភ្នែកមិនបាន រឹតតែស្រណោះមិត្តរួមការងារកាន់តែខ្លាំង ហើយសារទាំងនេះ ក៏បានក្លាយជាកម្លាំងចិត្តដ៏មហិមា សម្រាប់កម្លាំងអាវុធហត្ថទូទាំងរាជធានី ឲ្យបន្តការងាររឹតតែមិននឿយហត់បន្តទៅទៀតផងដែរ៕