(សៀមរាប)៖ សហព័ន្ធអតីតយុទ្ធជនអាស៊ាននៅចុងឆ្នាំ២០១៩នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតលើកទី១៩ នៅក្នុងប្រទេសកម្ពុជានាចុងឆ្នាំ២០១៩នេះ។
សមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ានបានបើកកិច្ចប្រជុំពិភាក្សាគ្នាមួយនៅថ្ងៃទី០៤, ទី០៥ ខែកក្កដា កន្លងទៅនេះ ដើម្បីដាក់ចេញផែន និងយន្តការមួយចំនួន ឈានទៅរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតលើកទី១៩ នៅចុងឆ្នាំនេះឱ្យទទួលបានជោគជ័យ។ កិច្ចប្រជុំបានធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដឹកនាំរបស់នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងប្រចាំការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ប្តូរវេន។
ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ានប្តូរវេន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់សមាជិកដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ។
បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់គណៈកម្មការការងារបានឯកភាពជារួមទៅលើគោលការណ៍ ខ្លឹមសារ និងរបៀបវារៈសម្រាប់ដាក់បញ្ចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតដើម្បីអនុម័តនាពេលខាងមុខ។
សូមបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) បានបង្កើតឡើងនៅឆ្នាំ១៩៨០ បច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស រួមមាន៖ សមាគមអតីតយុទ្ធជនកងទ័ពប្រ៊ុយណេ, សមាគមអតីតយុទ្ធជនកម្ពុជា, សហព័ន្ធអតីតយុទ្ធជនកងទ័ពសាធារណរដ្ឋឥណ្ឌូនេស៊ី, សហព័ន្ធអតីតយុទ្ធជនឡាវ, សហព័ន្ធអតីតយុទ្ធជនកងទ័ពម៉ាឡេស៊ី, អង្គការអតីតយុទ្ធជនសង្រ្គាមមីយ៉ាន់ម៉ា, សហព័ន្ធអតីតយុទ្ធជនហ្វីលីពីន, សហព័ន្ធអតីតយុទ្ធជនកងទ័ពសិង្ហបូរី, អង្គការអតីតយុទ្ធជនសង្រ្គាមថៃ និង សមាគមអតីតយុទ្ធជនវៀតណាម។
សហព័ន្ធនេះ បង្កើតឡើងដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយ និងលើកកម្ពស់ប្រណីតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព សង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅដល់បណ្តាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្តិភាព។
សហព័ន្ធនេះ ក៏មានបេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវទស្សនៈ ស្មារតី លើកសរសើរ និងអត្ថប្រយោន៍នៃបណ្តាប្រទេសតំបន់ និងជំរុញការពារភាពស្របច្បាប់នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរងគ្រោះដោយសារសង្គ្រាមជាមួយការទទួលស្គាល់ផ្លូវច្បាប់នូវសមាគមអតីតយុទ្ធជនជាសមាជិក៕