(ភ្នំពេញ)៖ ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន VKHMER EXPRESS ដែលបង្កើតឡើងដោយកូនខ្មែរ បានផ្ដល់ថវិកា ៦,០០០,០០០រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ ក្នុងការគៀងគរថវិកាបរិច្ចាក ពីសប្បុរសជននានា ដើម្បីគាំទ្រដល់កិច្ចដំណើរការ ដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំង៥ទីតាំង នៅទូទាំងប្រទេសកម្ពុជា នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។
លោក ប៉ាត់ ចំណាន អគ្គនាយកក្រុមហ៊ុន VKHMER EXPRESS បានថ្លែងថា ការផ្ដល់ថវិកានេះ ដោយមើលឃើញពីការលំបាក របស់កុមារក្នុងមួយថ្ងៃៗ មានកុមារមិនតិចជាង២,០០០នាក់ ដែលចូលមកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងមានកុមារ ដែលចូលសម្រាកក្នុងមន្ទីរពេទ្យនេះ ជាង៦០០នាក់។ ហើយក្នុងឆ្នាំនេះ ជំងឺគ្រុនឈាម បានផ្ទុះឡើងយ៉ាងខ្លាំង នៅទូទាំងប្រទេសកម្ពុជា។
អគ្គនាយកក្រុមហ៊ុន VKHMER EXPRESS បានបញ្ជាក់ថា ថវិកាដ៏តិចតូច ដែលយើងបានចូលរួមជួយ ដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺយើងធ្វើតាមអ្វី ដែលយើងមាន និងអាចធ្វើបាន។ ប្រសិនបើយើងទាំងអស់គ្នា មិនបានចូលរួម ផ្តល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាទេ តើមានកុមារកម្ពុជាយើង ប៉ុន្មានរយនាក់ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាមនេះ។
ជាមួយគ្នានោះ លោក ប៉ាត់ ចំណាន ក៏បានអំពាវនាវ និងសំណូមពរ ដល់សហគ្រាស តូច ធំ ទាំងអស់នៅកម្ពុជា និងក្រុមហ៊ុនផ្សេងៗទៀត គួរតែជួយជំរុញបុគ្គលិកទាំងអស់ ឲ្យជួយផ្តល់ថវិកាខ្លះៗ របស់ពួកគេ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេស គឺជួយសង្គ្រោះជីវិតកុមារ ដែលចូលមកព្យាបាល និងសម្រាកនៅក្នុងមន្ទីរពេទ្យនេះ។
សូមជម្រាបថា ក្នុងខែមិថុនា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគ ពីសប្បុរសជននានា នូវទឹកប្រាក់សរុប ចំនួន១៦៩,២១៣,៣០០ រៀល និង៩៨,៩៨៦ ដុល្លារអាមេរិក៕