(កំពត)៖ ខេត្តកំពតបាននិងកំពុងពង្រីកសក្ដានុពលយ៉ាងសម្បូរបែបលើវិស័យទេសចរណ៍ ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិក៏ចេះតែកើនឡើងផងដែរ ប៉ុន្តែតំបន់ទេសចរណ៍ថ្មីៗនៅក្នុង ខេត្តភាគនិរតីមួយនេះ ហាក់មិនទាន់ទទួលបានភ្ញៀវទេសចរច្រើននៅឡើយ ខណៈការរៀបចំខ្សែទស្សនកិច្ចទេសចរណ៍ពីសំណាក់ក្រុមហ៊ុនទេសចរណ៍ ឬទីភ្នាក់ងារទេសចរណ៍ ក៏ទាន់ត្រូវបានបង្កើតច្រើននៅឡើយដែរ។
ការលើកឡើងនេះត្រូវបានលើកឡើងក្នុងដំណើរទស្សនកិច្ចសិក្សាមួយ អំពីការអភិវឌ្ឍកសិទេសចរណ៍នៅរមណីយដ្ឋានកសិទេសចរណ៍នៅចម្ការម្រេច «ឡាផ្លេនថេសិន La Plantation» ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។
ទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមវត្តមានលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ថោង រដ្ឋស័ក្តិ អគ្គនាយក នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោក Nathalie CHABOCHE និងលោកស្រី ដែលជាម្ចាស់ចម្ការម្រេច ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានមន្ទីរទេសចរណ៍-តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ជាច្រើនរូប។
លោក សយ ស៊ីណល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ចំនួន ១៧កន្លែង សហគមន៍ទេសចរណ៍ចំនួន ៤កន្លែង និងគោលដៅទាក់ទាញខ្លាំងចំនួន ៤កន្លែង ប៉ុន្តែតំបន់ទេសចរណ៍ថ្មីៗមួយចំនួនទៀត នៅមិនទាន់មានការរៀបចំខ្សែទស្សនកិច្ចទេសចរណ៍នៅឡើយ។
លោក តុប សុភ័ក បានជំរុញឱ្យសមាគម CATA ធ្វើយ៉ាងណាបង្កើតឱ្យមានការសិក្សារៀបចំឱ្យមានខ្សែទស្សនកិច្ច មកកាន់តំបន់ទេសចរណ៍នានានៅខេត្តកំពតនេះផងដែរ ពិសេសគឺតំបន់ចម្ការម្រេច «ឡាផ្លេនថេសិន La Plantation» នេះតែម្ដង ពីព្រោះនៅតំបន់កសិទេសចរណ៍នេះ ពិតជាមានសក្ដានុពលខ្លាំងណាស់ដែរ។
ឆ្លើយតបនឹងសំណើខាងលើនេះ លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ដើម្បីរៀបចំឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍នៅតំបន់កសិទេសចរណ៍នេះបាន ចាំបាច់ត្រូវមានអ្នកជំនាញចុះមកសិក្សាឱ្យបានហ្មតចត់សិន ដើម្បីលម្អិតពីព័ត៌មាននានានៅតំបន់នេះ ងាយស្រួលក្នុងការពន្យល់ប្រាប់ក្រុមទេសចរណ៍។
ប្រធានសមាគម CATA រូបនេះ ក៏បានស្នើឱ្យម្ចាស់ និងអ្នកគ្រប់គ្រងក្នុងចម្ការម្រេចខាងលើ គប្បីរៀបចំឱ្យមានសេវាកម្ម និងមធ្យោបាយដើរទស្សនាកម្សាន្តបន្ថែម ម្យ៉ាងទៀតក៏ត្រូវបង្កើតឱ្យមានសេវាស្នាក់នៅជាមុនសិន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរដែលមកទស្សនានៅទីនេះ៕