(កំពង់ស្ពឺ)៖ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងលោក អៀង មូលី ទេសរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ បានអញ្ជើញចូលរយមនៅក្នុងពិធី ផ្ទេរភារកិច្ចប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ សម្រាប់អណត្តិថ្មី។

ក្នុងនោះ ក៏មានវត្តមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដែលត្រូវទទួល និងផ្ទេរភារកិច្ចជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយស្រុក ឃុំក្នុងស្រុកបរសេដ្ឋ ថ្នាក់ដឹកនាំគណបកក្សឃុំ ភូមិ ថ្នាក់ដឹកនាំវិទ្យាល័យ មណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងតំណាងប៉ុស្តិ៍រដ្ឋបាល ប្រមាណជាង២០០នាក់។

បន្ទាប់ពីលោក ឈឺន សុធន ប្រធានស្ដីទីគណបក្សស្រុក បានធ្វើរបាយការណ៍ស្វាគមន៍ និងអានសេចក្តីសម្រេចស្ដីពីការផ្ទេរភារកិច្ច ប្រធានក្រុមការងារចុះជួយស្រុកពីលោក យឹម សុខុម មកលោក អៀង មូលី មក ក៏មានពិធីប្រគល់សេចក្ដីសម្រេច។

បន្ទាប់មកលោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងចំណាប់អារម្មណ៍ ដោយបានអរគុណថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាកម្ពុជា ដែលបានផ្ដល់នូវសេចក្តីទុកចិត្ត ឱ្យទទួលភារកិច្ចជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនដែលបានខិតខំរិះរក គ្រប់មធ្យោបាយ ដើម្បីជួយជ្រោមជ្រែងគណបក្សខេត្ត និងជាពិសេស ជួយស្រុកបរសេដ្ឋឱ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់ក្នុងការបោះឆ្នោតឆ្នាំ២០១៨ និង ២០១៩។

លោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរ លោក យឹម សុខុម ដែលបានចុះជួយជាប្រចាំពង្រឹងគណបក្ស នៅគ្រប់លំដាប់ថ្នាក់ ទាំងស្រុក ឃុំ និងក្តាប់បាននូវរាល់សភាពការណ៍ និងស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គម ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដែលធ្វើឱ្យគណបក្ស មានសម្លេងគាំទ្រកាន់តែច្រើនឡើង។

មុននឹងបញ្ចប់មតិចំណាប់អារម្មណ៍ លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនគណបក្សស្រុក ឃុំ និងសាខាបក្សភូមិថា ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកមានភារកិច្ចត្រឹមតែចុះជួយបំពេញ បន្ថែមនូវការណែនាំ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងសេចក្តីណែនាំផ្សេងៗរបស់គណបក្សប៉ុណ្ណោះ ឯការងារស្នូលស្ថិតនៅលើគណបក្សស្រុក ឃុំ ភូមិ ដែលនៅជាប់ជាមួយសមាជិកគណបក្ស និងប្រជាជន។ ប្រសិនបើមន្ត្រីគណបក្សស្រុក ឃុំ ភូមិ មិនសកម្មក្នុងការឆ្លើយតបនឹងតម្រូវការរបស់សមាជិកបក្ស និងប្រជាជន នោះយើងពិតជា មិនអាចធានាបាននូវការរកសំឡេងគាំទ្រគណបក្សបានយូរអង្វែងទេ។

នៅក្នុងមតិសំណេះសំណាល និងផ្តាំផ្ញើ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងថា ដោយលោក អៀង មូលី ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយស្រុកបរសេដ្ឋស្រាប់ ដូច្នេះឱ្យបន្តការងារគណបក្សស្រុកតែម្តង។ ការងារគណបក្សមិនអាចមើលរំលងការងារ រាជរដ្ឋាភិបាលបានទេ ព្រោះគណបក្សយើងជាបក្សកាន់អំណាច។ ក្រុមការងារយុទ្ធសាស្ត្រគណបក្សខេត្ត បានពិចារណាសម្រួលភារកិច្ច ដើម្បីរំលែកការងារ ពង្រឹងរចនាសម្ព័ន្ធគណបក្ស។ ការងាររបស់លោក យឹម សុខុម បានផ្តល់ជាទុនសម្រាប់អ្នកបន្តវេនគឺ លោក អៀង មូលី ដើម្បីឱ្យបក្សយើងកាន់តែរឹងមាំបន្ថែមទៀត។ លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា គណបក្សយើងត្រូវតែរឹងមាំ បើគ្មានភាពរឹងមាំទេ ការរក្សាសុខសន្តិភាព ក៏មិនអាចសម្រេចបានទេ។ បើនិយាយពីអាយុកាល គណបក្សប្រជាជនមានអាយុ ៦៨ឆ្នាំ គឺមានភាពចាស់ទុំហើយ។

គណបក្សយើង ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបានផ្តល់នូវសុខុមាលភាព និងបំពេញតាមសំណូមពរប្រជាពលរដ្ឋ ផ្តល់ការងារ ភាពមានបាន និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជាតិ។ សម្តេចតេជោ បានខិតខំធ្វើការទាក់ទាញអ្នកវិនិយោគ ផ្តល់នូវគោលនយោបាយសន្តិសុខសង្គម លក្ខខណ្ឌការងារដល់កម្មករ និងអត្ថប្រយោជន៍ដល់កម្មការិនីមានផ្ទៃពោះផងដែរ។ គណបក្សផ្សេងគ្មានស្នាដៃ និងគុណបំណាច់ទេ។ បក្សប្រឆាំងធ្វើយ៉ាងណាបញ្ឆេះកំហឹង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកប្រជាធិបតេយ្យមកធ្វើជាលេស ប្រើនយោបាយអុជអាលបំបែកបំបាក់។ ពួកប្រឆាំងបំផ្លាញសតិអារម្មណ៍ប្រជាជន តាម Facebook វីដេអូគ្លីប និងតាមអាស៊ីសេរី។ កាលណាយើងចុះខ្សោយសតិអារម្មណ៍ គឺចាញ់បោកពួកប្រឆាំងហើយ។

មុនបញ្ចប់ពិធី លោកកិត្តិសេដ្ឋាបណ្ឌិតបានផ្តាំផ្ញើថា ការងារទាំងមូលដ្ឋាន ទាំងថ្នាក់កណ្ដាលត្រូវធ្វើការឱ្យស្មើដៃគ្នា ដើម្បីបក្សរឹងមាំ និងត្រូវយកចិត្តទុកដាក់ ការងារកសាងបក្ស ការងារសតិអារម្មណ៍ដែលជាការងារសំខាន់ និងស្នើឱ្យ អស់លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារ រួមសាមគ្គីគ្នា ដើម្បីឱ្យគណបក្សកាន់តែរឹងមាំ នៅស្រុកបរសេដ្ឋបន្តទៀត៕