(ហ្សឺណែវ, ស្វីស)៖ ក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ តំណាងកម្ពុជា លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍អំពីវឌ្ឍនភាព នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងប្រកាសជាផ្លូវការក្នុងការទទួលយកមកអនុវត្តនូវអនុសាសន៍ UPR (ការត្រួតពិនិត្យជាសកលតាមកាលកំណត់) ចំនួន១៧៣ និងកត់សម្គាល់ចំនួន២៥ ក្នុងចំណោមអនុសាសន៍សរុបចំនួន១៩៨ ដែលផ្តល់ដោយរដ្ឋសមាជិកចំនួន៧៣។
ក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកអំពីមូលហេតុ នៃការទទួលយកអនុសាសន៍ទាំង១៧៣ និងមូលហេតុនៃការកត់សម្គាល់អនុសាសន៍ទាំង២៥ ព្រមទាំងយន្តការនៃការដាក់ឱ្យអនុវត្ត និងតាមដានត្រួតពិនិត្យ ការអនុវត្តអនុសាសន៍ដែលទទួលយកទាំងអស់នោះ ក្នុងការការពារ និងលើកស្ទួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
លោកអះអាងថា ការទទួលយកអនុសាសន៍ ដែលមានចំនួនច្រើន រហូតដល់១៧៣នេះ គឺដោយហេតុថា អនុសាសន៍ទាំងនោះស្របទៅនឹងឆន្ទៈ ក៏ដូចជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល លើគ្រប់វិស័យក្នុងការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ចំណែកឯអនុសាសន៍ទាំង២៥ ដែលត្រូវធ្វើការកត់សម្គាល់វិញ គឺដោយហេតុថា អនុសាសន៍ទាំងនោះ មិនបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងស្ថានភាពពិតជាក់ស្តែង នៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជាឡើយ ហើយជាពិសេសអនុសាសន៍ទំាងនោះ មិនអាចអនុវត្តបាន ដោយផ្ទុយទៅនឹងក្របខ័ណ្ឌច្បាប់ រួមមានរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមានជាធរមាននៅកម្ពុជា ហើយត្រូវបានលើកឡើងក្រោមរូបភាព និងរបៀបវារៈនយោបាយ ជាជាងទិដ្ឋភាពបច្ចេកទេស និងគោលការណ៍គ្រឹះ នៃការអនុវត្តសិទ្ធិនិងសេរីភាព ក្នុងសង្គមប្រជាធិបតេយ្យ។ នេះបើតាម លោក ជិន ម៉ាលីន។
លោកបានបន្តថា បន្ទាប់ពីការអនុម័តជាផ្លូវការនូវរបាយការណ៍ UPR ជុំទី៣សម្រាប់កម្ពុជា ក្នុងកិច្ចប្រជុំនេះរួច គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើការបែងចែកអនុសាសន៍ ដែលទទួលយកទាំងអស់នេះ ជូនទៅគ្រប់ស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធដើម្បីអនុវត្ត និងតាមដានត្រួតពិនិត្យ ការអនុវត្តរបស់ស្ថាប័នទាំងនោះ ដើម្បីរាយការណ៍ជូន ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិវិញ អំពីវឌ្ឍនភាពនៃការអនុវត្ត នាសម័យប្រជុំត្រួតពិនិត្យលើកទី៤ នៅ៤ឆ្នាំក្រោយ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយផងដែរ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយ ពិភាក្សា និងពិគ្រោះយោបល់ អំពីយន្តការនៃការអនុវត្តអនុសាសន៍ ដែលទទួលយក ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិលជាតិ និងអន្តរជាតិ៕