(ភ្នំពេញ)៖ ខ្ញុំយល់ថា បើនិយាយនៅស្រុកខ្មែរអាច លោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចយល់ច្រឡំហើយបកស្រាយមកវីញថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ហ៊ានតែពី ចម្ងាយ។ ប៉ុន្តែកាលពីយប់ថ្ងៃ៤ ខែកក្កដា ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅនិយាយនៅលើទឹកដីអឺរ៉ុបតែម្តង នៅក្បែរកន្លែងដែល លោក សម រង្ស៊ី កំពុងរស់នៅ។ ពីទីនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗដូចថ្ងៃអំពីជំហររបស់រដ្ឋាភិបាលក្រុងភ្នំពេញ ពាក់ព័ន្ធនឹង «សិទ្ធិស័្វយការពារ និងស្វ័យសម្រេចរបស់កម្ពុជា» ក្នុងចំណាត់ការប្រឆាំងលោក សម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួនហើយរត់គេចពីគុក។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី វាជារឿងគួរឲ្យត្រេកអរប្រសិន បើទណ្ឌិតដែលរត់ចោលគុកយល់ព្រមវិលមកឲ្យសមត្ថកិច្ចចាប់ដាក់គុកព្រោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា គុកនិងខ្នោះដៃបាន និងកំពង់រង់ចាំឈ្មោះ សម រង្ស៊ី ដែលមានដីកាចាប់ខ្លួនរបស់តុលាការរួចហើយ។
ខ្ញុំកត់សំគាល់ឃើញថា មួយរយៈចុងក្រោយនេះលោក សម រង្ស៊ី ដែលតែងតែយកបរទេសជាទីពឹងបានឃោសនាថា នឹងមានតំណាងរាស្ត្រអឺរ៉ុប៦នាក់អមដំណើររូបគាត់ទៅកាន់ ប្រទេសកម្ពុជាវិញនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ ប៉ុន្តែលោក សម រង្ស៊ី ហាក់ដូចជាភ្លេចគិតថា ចេញពីប្រទេសមួយចូលទៅប្រទេសមួយទៀត ជនបរទេស មិនអាចដើរចេញចូលប្រទេសផ្សេង បានស្រេចតែតាមក្បាលវ៉ាល់ខ្លួនឯង ចង់នោះឡើយប្រសិនបើគ្មានទិដ្ឋាការចូល។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាស្រេចថា ប្រសិនបើកម្ពុជាមិនចេញទិដ្ឋាការឲ្យទេ តំណាងរាស្ត្រអឺរ៉ុបដែលចង់ដង្ហែ សម រង្ស៊ី ទៅចូលគុកនោះមិនអាច មកកម្ពុជាបានឡើយ។ ហើយទោះជាកម្ពុជាជ្រុលផ្តល់ទិដ្ឋាការជូនរួចហើយក៏ដោយចុះ ប៉ុន្តែពេលទៅជាន់ទឹកដីកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចនឹងនាំខ្លួនតែទណ្ឌិត និងអ្នកផ្សេងទៀត ដែលមានដីកាចាប់ខ្លួនរបស់តុលាការទៅញាត់ក្នុងគុក ចំណែកឯជនបរទេស ឬអ្នកមិនពាក់ព័ន្ធផ្សេងទៀត អាចទៅសម្រាកនៅសណ្ឋាគារយ៉ាងរំភើយ និងអាចធ្វើទេសចរណ៍បានពេញផ្ទៃប្រទេសកម្ពុជាបានតាមចិត្តចង់។ និយាយដោយខ្លី បើហ៊ានជាន់ដីកម្ពុជាពេលណា សម រង្ស៊ី នឹងត្រូវសមត្ថកិច្ចក្រៀកចូលគុកនៅ ពេលនោះភ្លាមដោយគ្មានការលំបាកឡើយ ពោលគឺងាយស្រួលដូចបកចេកមិនថា គុកព្រៃស ត្រពាំងផ្លុង ឬគុកណាមួយផ្សេងទៀតនោះឡើយ។
សារដ៏ច្បាស់លាស់ជាថ្មីម្តងទៀតនេះរបស់សម្តេចតេជោ ហ៊ុន សែន ដែលឥតមានអ្វីប្រែប្រួលសោះនោះគឺ «កម្ពុជាដាច់ខាតមិនយកអធិបតេយ្យភាពជាតិ ទៅប្តូរនឹងជំនួយឡើយ» ព្រោះសម្រាប់រដ្ឋាភិបាលភ្នំពេញគឺមានការយល់និងសន្មត់ច្បាស់ណាស់ថា៖ «ទោះមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមាន ហើយបើអត់ EBA ក៏កម្ពុជាមិនដាច់ពោះស្លាប់នោះដែរ។ កម្ពុជាមិនបារម្ភពី EBA ទេតែបារម្ភពីភាពស្ពឹកស្រពន់របស់មន្ត្រី»។ នេះជាសម្តីបង្កប់ដោយភាពម៉ឺងម៉ាត់មុតស្រួចរបស់នាយករដ្ឋមន្រ្តី ហ៊ន សែន ទៅកាន់ពលរដ្ឋខ្មែរក្នុងប្រទេសស្វីស និងនៅអឺរ៉ុបដែលបានមកជួបជុំគ្នាទទួលគាត់។ ហើយសារគន្លឹះរបស់សម្តេច ហ៊ុន សែន ដែលបរទេសតែងតែហៅគាត់ថា ជាបុរសខ្លាំង ~ Strongman ~ នោះគឺ «បើអឺរ៉ុបផ្តាច់ EBA មានន័យថា អ្វីដែលសហភាពអឺរ៉ុប បានជួយកម្ពុជាកន្លងទៅប្រៀបដូចជា អំបិលត្រូវទឹក»។ សំខាន់ជាងនេះ សហភាពអឺរ៉ុបនឹងរួមចំណែកធ្វើឲ្យក្រុមប្រឆាំងផ្កាប់ មុខចប់សព្វគ្រប់តែម្តង ពីព្រោះសហភាពអឺរ៉ុបគ្មានមុខអ្វីមកនិយាយជាមួយរដ្ឋាភិបាលភ្នំពេញទៀតឡើយ»។
ការប្រកាសគោលជំហរច្បាស់លាស់របស់នាយករដ្ឋមន្ត្រី នៅលើទឹកដីអឺរ៉ុបអាចចាត់ទុកថា ជាយុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះ គឺវ៉ៃក្រុមប្រឆាំងដល់ក្បែរជម្រករបស់ពួកគេតែម្តង។ ហើយសារនេះទៀតសោតក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជាជាង១២០០នាក់ ដែលមកទទួលនាយករដ្ឋមន្ត្រីនៅ ប្រទេសស្វីសផងដែរ។
ចំនួនអ្នកចេញមកទទួលដែលមានច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏អាចសបញ្ជាក់ថា បងប្អូនខ្មែរ នៅក្រៅប្រទេសភាគច្រើនលើសលប់លែងឆោតល្ងង់ចាញ់បោកលោក សម រង្ស៊ី ទៀត ហើយដោយពួកគេបានងាកមកគាំទ្ររដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងខិតខំការពារ និងកសាងប្រទេសឲ្យរីកចម្រើនជារៀងរាល់ថ្ងៃ។
ការបាត់បង់ការគាំទ្រយ៉ាងគំហុគនេះហើយ ដែលធ្វើឲ្យលោក សម រង្ស៊ី រកមនុស្សមកធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន លែងបានខុសឆ្ងាយកាលពីមុន។ នេះជាសញ្ញាបញ្ជាក់ថា ក្រុមប្រឆាំងប្រហែលជាបានដើរដល់ថ្ងៃអវសាន្តហើយ។
អ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅឯទីក្រុងហ្សឺណែវកាលពីយប់ថ្ងៃទី៤ កក្កដា ក៏បានបញ្ជាក់យ៉ាងច្បាស់ អំពីសិទ្ធិស្វ័យសំរេចរបស់កម្ពុជា ចំពោះសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចដែលគាត់បានតាំងចិត្តយ៉ាងមុតមាំថា ត្រូវតែការពារឲ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ ម្យ៉ាងទៀតប្រការនេះក៏បានបញ្ជាក់អំពីសិទ្ធិស្វ័យ សម្រេចរបស់កម្ពុជាដោយឈរលើផលប្រយោជន៍ជាតិ និងប្រជាជនដោយគ្មានអ្នកណាមានឥទ្ធិពលមកលើសិទ្ធិនេះបានឡើយ។
ខ្ញុំយល់ថា សម្តីម៉ាត់ៗរបស់នាយករដ្ឋមន្ត្រីពីហ្សឺណែវក៏ជាសារដែលដាក់ឲ្យ សម រង្ស៊ី និងគូកនមួយក្តាប់តូចស្ថិតក្នុងភាពទល់ជញ្ជាំង និងឯកោកាន់តែខ្លាំង។ ខ្ញុំហ៊ានសន្និដ្ឋានថា ឯកោដោយសារការរំពឹងថា អាចមានតំណាងរាស្ត្រអឺរ៉ុបហែរហមទៅកាន់ប្រទេសកម្ពុជា គឺមិនអាចទៅរួចនោះឡើយ បើសិនជាកម្ពុជាមិនផ្តល់ទិដ្ឋាការឲ្យតំណាងរាស្ត្រអឺរ៉ុប ទាំងនោះចូល។ ហើយទោះជាមានទិដ្ឋាការ ក៏ពួកគេមិនអាចការពារ សម រង្ស៊ី និងគូកនដែលមានដីកាចាប់ខ្លួនបានដែរ ពីព្រោះទី១គឺ គ្មានសិទ្ធិ និងទី២ គឺមិនអាចធ្វើបាន ពីព្រោះទីនេះជាដែនអធិបតេយ្យភាព របស់កម្ពុជាដែលស្ថិតក្រោមច្បាប់របស់កម្ពុជា។ ហើយឯកោម្យ៉ាងទៀតគឺអ្នកគាំទ្ររបស់លោក សម រង្ស៊ី បានបាត់បង់ស្ទើរទាំងស្រុង ទាំងនៅក្រៅប្រទេសនិងនៅក្នុងប្រទេស។
នៅក្រៅប្រទេសរកមនុស្សមកធ្វើបាតុកម្មលែងចង់បានហើយ ខណៈដែលនៅក្នុងប្រទេសក៏គ្មានអ្នកណាចេញមកគាំទ្រ លោក សម រង្ស៊ី ទៀតដែរដោយសារតែការបែកបាក់ និងអស់ជំនឿ។ សរុបមកវិញ ខ្ញុំឃើញបុរសខ្លាំងរបស់កម្ពុជាពិតជាមនុស្សសម្បូរដោយយុទ្ធសាស្ត្រ និងយុទ្ធវិធីបែងភាគមែន។ មិនថានៅក្នុង ឬ ក្រៅប្រទេស សម្តេច ហ៊ុន សែន តែងតែដាក់គូរប្រយុទ្ធឲ្យចុះខ្សោយ និងឯកោជានិច្ច។
ដូច្នេះតើលោក សម រង្ស៊ី បានអ្វីមកអួតក្អែងក្អាងទៀតអំពីផែនការ វិលត្រឡប់របស់ខ្លួន បើពេលនេះតំណាងរាស្ត្រសហភាពអឺរ៉ុបក៏មិនអាចដង្ហែមកបាន ចំណែក ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏កាន់តែអស់ជំនឿ ហើយងាកមកគាំទ្រនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញអស់ទៅហើយនោះ? រីនៅឯក្នុងប្រទេសឯណេះវិញ អាជ្ញាធរ មានសមត្ថកិច្ចនៅតែឈរយ៉ាង រឹងមាំដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមដោយមិន អនុញ្ញាតឲ្យមានអ្នកណាមកបង្កភាព ចលាចលបានឡើយ។
ខ្ញុំយល់ថានេះហើយជាតម្លៃពិតនៃសិទ្ធិស្វ័យការពារ និងស្វ័យសម្រេចរបស់កម្ពុជាដែល សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងអនុវត្ត៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ