(កណ្ដាល)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរកាប់ប្លន់ចំនួន ៦នាក់ ខណៈបក្ខពួកនៅសេសសល់ ២នាក់ទៀតកំពុងរត់គេចខ្លួន។ ក្រុមចោរទាំងនេះ បានកាប់ប្លន់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ បណ្តាលឲ្យរងរបួសថែមទៀតផង។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌ ស្រុកអង្គស្នួល បានឲ្យដឹងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រុមចោរទាំងនេះ បានធ្វើសកម្មភាពថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នាយផ្នែករូបនេះ បានបន្តថា ជនរងគ្រោះឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកពេទ្យសត្វ ស្នាក់នៅភូមិ អំពិលទឹក ឃុំសំបូរ ស្រុកសំរោទង ខេត្តកំពង់ស្ពឺ។ ចំណែកឯជនសង្ស័យ មានគ្នាចំនួន៦នាក់ ត្រូវឃាត់ខ្លួន០៤នាក់ ទី១៖ឈ្មោះ ផាត តុលា ហៅថៃ អាយុ១៨ឆ្នាំ ឃាត់ខ្លួនថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ជាអ្នកបើកម៉ូតូ និងរៀបចំផែនការធ្វើសកម្មភាព, ទី២៖ឈ្មោះ យ៉ុង ពុទ្ធាចំណាន ហៅឈែ អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ យ៉ាន់ សិរី ហៅសុច ហៅម៉ុច ហៅស៊ិច អាយុ១៧ឆ្នាំ និងទី៤៖ឈ្មោះ ភ័ក្រ ប្រុសម៉ៅ អាយុ១៥ឆ្នាំ ឃាត់ខ្លួនថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។ ចំណែកបក្ខពួកពីរនាក់ផ្សេងទៀតនោះ ឈ្មោះ ហ៊ាន វិច្ឆិកា ហៅកា អាយុ១៥ឆ្នាំ និងឈ្មោះ សុខ សាន់ដេត អាយុ១៥ឆ្នាំ (គេចខ្លួន)។
លោក ថាច់ សុវណ្ណា បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ ដកហូតបាន វត្ថុតាងម៉ូតូ០២គ្រឿង Honda Dream C125 ឆ្នាំ២០១៨ពណ៌មាស និងឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HM-1616 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, កាំបិតស្នៀចំនួន០១, ទូរស័ព្ទ០២គ្រឿងIphone7plus និងHuawei។
នាយផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញពីកន្លែងចាប់មាន់នៅភូមិស្រែកាច់ ឃុំទួលព្រេជ ដើម្បីទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យជិះម៉ូតូឌុបគ្នាមកទន្ទឹម ហើយធាក់មួយជើងបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យម្នាក់ រត់ចុះមកកាប់ជនរងគ្រោះ១កាំបិត ចំកំភួនដៃខាងឆ្វេង ពេលនោះជនរងគ្រោះបានរត់គេច ហើយជនសង្ស័យនាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចភា្លមនោះ កម្លាំងបានធ្វើការដេញតាម និងពួនស្ទាក់ លុះដល់ចំណុចភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផាត តុលា ហៅថៃ។ លុះដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ទើបកម្លាំងស្រាវជ្រាវ បង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ បាន០៣នាក់ទៀត ឈ្មោះ យ៉ុង ពុទ្ធាចំណាន ហៅឈែ, ឈ្មោះ យ៉ាន់ សិរី ហៅសុច ហៅម៉ុច ហៅស៊ិច និងឈ្មោះ ភ័ក្រ ប្រុសម៉ៅ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា បក្ខពួកខ្លួនមានគ្នាចំនួន០៦នាក់ បានធ្វើសកម្មភាពចំនួន០៥លើក ក្នុងនោះស្រុកអង្គស្នួល នៅផ្លូវជាតិលេខ៥១ ចំនួន០២លើក, លើកទី១៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងត្រាច ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល, លើកទី២៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងខាងលិចផ្សារថ្នល់ទទឹង ក្នុងខេត្តកំពង់ស្ពឺ ០៣លើកទៀត មិនចាំថ្ងៃ។
ជនរងគ្រោះបានបំភ្លឺថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ជាអ្នកបើកម៉ូតូមកកាប់យកម៉ូតូខ្លួនយប់មិញ។ ចំពោះជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕