(ភ្នំពេញ)៖ ធនាគារ MGN នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំក្ដីសុខសប្បាយ សុំសេចក្ដីសុខភាពរីកចម្រើន ក្នុងការបើកសម្ពោធជាផ្លូវការ នៅកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ។
ពិធីក្រុងពាលីបែបសាសនានាព្រឹកនេះ មានការនិមន្តចូលរួមពីសម្តេច ព្រះអភិសេរី មហា សុគន្ធាធិបតី បួរ គ្រី សម្តេច ព្រះមហា សង្ឃ រាជ គណ: ធម្មយុត្តិកនិកាយកម្ពុជា និងព្រះសង្ឃប្រមាណ១០៨ព្រះអង្គរ ដើម្បីសូត្រមន្តរាប់បាត្រផងដែរ។
លោក ឱម វិសាល អគ្គនាយកធនាគារ MGN បានឲ្យដឹងថា នៅក្នុងថ្ងៃនេះ ធនាគារ MGN បានរៀបចំពិធីក្រុងពាលី ដើម្បីបន់ស្រន់បួងសួងដល់ទេវតាក្នុងលោកអ្នកថែរក្សាថែរក្សាទឹកដី សូមឲ្យពរជ័យក្នុងការដាក់ឲ្យដំណើរការ សម្ពោធជាផ្លូវការ នៅថ្ងៃស្អែកនេះ។
លោកអគ្គនាយកធនាគារបន្ថែមថា ធនាគារ MGN មានចក្ខុវិស័យខ្ពស់ក្នុងការប្រែក្លាយខ្លួនជា ធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ប៉ុន្ដែដំបូងឡើយធនាគារនឹងផ្ដល់នូវសេវាផ្សេងៗដូចជា៖ ការទទួលប្រាក់បញ្ញើជាសាធារណៈ, ការផ្ដល់ឥណទាន, ការផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
លោកបន្ដទៀតថា ធនាគារ MGN ផ្ដោតសំខាន់លើសហគ្រាសធុនតូច និងមធ្យមជាចម្បង ហើយបច្ចុប្បន្ននេះធនាគារ MGN នេះទើបមានតែ១សាខាប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែគ្រោងនឹងពង្រីកទៅតាមរាជធានី-ខេត្ត និងពង្រីកទៅតំបន់អាស៊ានដូចជា៖ អាហ្វ្រិក, អាមេរិក និងអឺរ៉ុបជាដើម។
លោកបញ្ជាក់ថា «ខ្ញុំគិតថាក្នុងរយៈពេល៥ឆ្នាំខាងមុខធនាគារ MGN នឹងស្ថិតក្នុងចំណុចមួយ អាចចាប់យកចំណែកទីផ្សារ ដោយក្នុងចំណោមធនាគារ ៤០-៤៤។ ធនាគារ MGN នឹងស្ថិតលើលេខរៀងទី១៥»។
សូមជម្រាបថា ធនាគារ MGN មានទីតាំងស្ថិតនៅលើមហាវិថី ព្រះនរោត្តម (ផ្លូវលេខ៤១), ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ធនាគារ MGN បានប្ដេជ្ញាចិត្តបម្រើជូនអតិថិជនរាល់តម្រូវការ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារដូចជា៖
១៖ រក្សាការសម្ងាត់ព័ត៌មានរបស់អតិថិជន និងធនាគារ។
២៖ រក្សាភាពត្រឹមត្រូវកំណត់ត្រាឯកសារ និងប្រតិបត្តិការធនាគារ។
៣៖ ជៀសវាងជម្លោះផលប្រយោជន៍។
៤៖ ជៀសវាងការប្រើប្រាស់តួនាទី និងព័ត៌មានខុសគោលការណ៍ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
៥៖ បម្រើជូនអតិថិជនដោយស្មើភាព និងសមភាព។
៦៖ រក្សាទំនាក់ទំនងល្អរវាងថ្នាក់គ្រប់គ្រង បុគ្គលិក និងអតិថិជន៕