(ភ្នំពេញ)៖ ដើម្បីឆ្លើយបតនឹងកង្វល់របស់ពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់លើ បញ្ហាសុវត្ថិភាពសំណង់ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងកិច្ចថែរក្សាសុវត្ថិភាព ក្នុងវិស័យសំណង់ជូនប្រជាពលរដ្ឋ ព្រមទាំងវិធានការជំរុញឲ្យអ្នកសាងសង់សំណង់គោរពតាមបទដ្ឋានបរិស្ថាននោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី «គោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា»។
តាមរយៈសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក៏ត្រូវបានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ចាត់ឲ្យចូលរួមធ្វើជាវាគ្មិនមួយរូបផងដែរ តំណាងភាគីរបស់ក្រសួង។
ថ្លែងក្នុងឱកាសនោះ មន្ដ្រីជំនាញរូបនេះ បានរៀបរាប់យ៉ាងក្បោះក្បាយ អំពីអ្វីដែលជាកាតព្វកិច្ចរបស់ម្ចាស់សំណង់ ចាប់តាំងពីពេលសុំច្បាប់សាងសង់ រហូតដល់បញ្ចប់ការសាងសង់ជាស្ថាពរ ដើម្បីទទួលបានភាពស្របច្បាប់លើការវិនិយោគវិស័យសាងសង់របស់ខ្លួន។
លោក ប៊ិន សម្បត្តិថារ័ត្ន បានអះអាងថា គ្រប់ការងារសាងសង់ទាំងអស់ដាច់ខាតចាំបាច់ ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ ដូច្នេះទាំងម្ចាស់សំណង ទាំងអ្នកប្រកបអាជីវកម្មសាងសង់ អ្នកគូប្លង់ ត្រូវតែធានាច្បាស់ក្នុងចិត្តថា គម្រោងសាងសង់របស់ ខ្លួនទទួលបានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែន ឬពីអាជ្ញាធរខេត្តក្រុង ទើបអាចដំណើរការសាងសង់បាន។
លិខិតអនុញ្ញាតសាងសង់ត្រូវភ្ជាប់មកជាមួយនូវ គម្រោងប្លង់ស្ថាបត្យកម្ម ហើយបន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ អ្នកវិនិយោគជាម្ចាស់សំណង ត្រូវដាក់ពាក្យស្នើសុំលិខិតបើកការដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវគម្រោងប្លង់គ្រោងបង្គុំសំណង់ កិច្ចសន្យាសាងសង់ លិខិតធានារ៉ាប់រងទទួលភារសំណង់ និងកិច្ចសន្យាការងារជាមួយកម្មករ។
ក្នុងករណីចាំបាច់អាចភ្ជាប់មកជាមួយលិខិតបញ្ជាក់វាយតម្លៃផលប៉ះពាល់បរិស្ថាន, បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋាននេះហើយ ទើបយើងអាចធ្វើការសាងសង់បាន។ នេះបើតាមលោក ប៊ិន សម្បត្តិថារ័ត្ន បានគូសបញ្ជាក់។
ក្នុងដំណាក់កាល នៃការសាងសង់ មន្ដ្រីជំនាញនឹងចុះត្រួតពិនិត្យគ្រប់ដំណាក់កាល ទាំងការងារក្រោមដី បន្ទាប់មកការងារលើដី ការងារគ្រប់ជាន់, ចំពោះគ្រឿងផ្គុំសំណង់ គ្រប់ការងារចាក់បេតុងគ្រប់សន្លឹកទាំងអស់ គឺចាំបាច់ត្រូវតែមានការត្រួតពិនិត្យ។ អ្នកសាងសង់ចាំបាច់ត្រូវតែធ្វើលិខិតអញ្ជើញ ជូនដំណឹង ដល់អាជ្ញាធរមានសមត្ថកិច្ចខេត្ដ ក្រុង ឬក្រសួង ដើម្បីឲ្យក្រសួងបញ្ជូនអ្នកជំនាញទៅត្រួតពិនិត្យ។
ក្រោយបញ្ចប់ការសាងសង់ ម្ចាស់សំណងត្រូវស្នើសុំលិខិតបិទការដ្ឋាន បន្ទាប់ពីបិទការដ្ឋានហើយ ត្រូវស្នើសុំបញ្ជាក់អំពីភាពត្រឹមត្រូវ (បញ្ជាក់ក្នុងអនុក្រឹត្យ លេខ៨៦ ស្ដីពីលិខិតអនុញ្ញាតសាងសង់) ទើបអាចចូលកាន់កាប់ និងប្រើប្រាស់អគារបាន ប៉ុន្ដែក្នុងការអនុវត្តជាក់ស្ដែង រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី អាជ្ញាធរខេត្ត-ក្រុង នៅតែមានជំហរទន់ភ្លន់ មិនទាន់អនុវត្តនៅឡើយនូវលិខិតបញ្ជាក់ភាពត្រឹមត្រូវ ដើម្បីជាការសម្រួលជូនដល់ អ្នកវិនិយោគវិស័យសំណង់នៅកម្ពុជា។
ដោយឡែក ភារកិច្ចរបស់ក្រសួងវិញ អនុរដ្ឋលេខាធិការរូបនេះ បានលើកឡើងដែរថា បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ក្រសួង មន្ទីររៀបចំដែនដីខេត្ត-ក្រុង តែងតែបញ្ជូនក្រុមការងារទៅជួយពិនិត្យ និងបោះបង្គោលព្រំអគារ ដោយធ្វើការសហការជាមួយម្ចាស់សំណង់។ មានន័យថា បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ហើយ ក្រុមការងារនឹងចុះទៅជួយកំណត់ព្រំ ដែលជាគម្លាតពីរបងមកទីតាំងអគារ ទៅតាមប្លង់ដែលបានអនុញ្ញាត។
បន្ទាប់ពីការកំណត់ព្រំហើយ អ្នកសាងសង់ត្រូវសាងសង់នូវក្នុងព្រំដែននោះ មិនត្រូវសាងសង់ហួសពីការកំណត់ ព្រំនេះជាដាច់ខាត ហើយក្នុងករណីសាងសង់ហួស ខុសពីលិខិត និងប្លង់អនុញ្ញាតសាងសង់ មានន័យថាខុសច្បាប់។ ជាមួយគ្នានេះ ក្រុមការងារក៏នៅបន្ដតាមដាន និងត្រួតពិនិត្យគុណភាពសំណង់ រហូតដល់ទីបញ្ចប់។
គួរជម្រាបថា រហូតមកដល់ពេលបច្ចុប្បន្ននេះ វិស័យសំណង់នៅកម្ពុជា ហាក់កំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលនេះក៏ដោយសារតែកម្ពុជា រក្សាបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕