(សៀមរាប)៖ តាមការសិក្សាអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា អំពីកុលាលភាជន៍របស់មនុស្សសម័យបុរាណនៅតំបន់អង្គរ បានបង្ហាញឱ្យដឹងថា នៅសម័យអង្គរមានឡដុតកុលាលភាជន៍វែងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយចំណុចពិសេសរបស់កុលាលភាជន៍ខ្មែរ គឺមានស្រទាប់រលោង និងមានក្បាច់លម្អពិសេសជាងកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍។
ការឱ្យដឹងនេះត្រូវបានធ្វើឡើងក្នុងបាឋកថាស្ដីពី «ប្រវត្តិនៃការស្រាវជ្រាវអង្គរធំ៖ ករណីសិក្សាអំពីកុលាលភាជន៍» នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ រួមមាន៖ មគ្គុទ្ទេសក៍ទេសចរណ៍ សាស្រ្ដាចារ្យ អ្នកស្រាវជ្រាវ យុវជននៃគម្រោងអប់រំបេតិកភណ្ឌ មន្រ្តី និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។
លោក ហ្វីលីព ហូស៊ី (Philippe Husi) អ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ា បាននិយាយពីគម្រោងស្រាវជ្រាវ ម៉ូដាធំ (ModAThom) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា នៅក្រុងអង្គរធំ ធ្វើឡើងក្នុងបំណងដើម្បីដឹងពីការវិវត្តប្រវត្តិសាស្រ្ដរបស់អង្គរធំផ្ទាល់ តើមានតាំងកំណើតពីពេលណាជាដើម។
លោកថា ដើម្បីស្វែងយល់នូវសំណួរខាងលើ អ្នកសា្រវជ្រាវរូបនេះយល់ថា ត្រូវសិក្សាអំពីកុលាលភាជន៍ដែលប្រទះឃើញពីការធ្វើកំណាយនៅជុំវិញក្រុងអង្គរធំ ព្រោះកុលាលភាជន៍ គឺជាប្រភពដ៏សំខាន់ដើម្បីដឹងពីកាលបរិច្ឆេទ និងជីវភាពប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ។
ម្យ៉ាងវិញទៀត កុលាលភាជន៍ជាបុរាណវត្ថុដែលមិនងាយនឹងរងការបំផ្លិចបំផ្លាញ អាចនៅលើដីក្នុងរយៈពេលយូរឆ្នាំ ពិសេសកុលាលភាជន៍មានការវិវត្តន៍មិនឈប់ ដែលអាចឱ្យគេដឹងពីសកម្មភាពមនុស្សបានយ៉ាងងាយស្រួល។
លោក អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា «កុលាលភាជន៍ខ្មែរមាន ២ប្រភេទ គឺប្រភេទរឹង និងផុយ។ ចំណុចពិសេសរបស់កុលាលភាជន៍ខ្មែរ គឺនៅត្រង់វាមានស្រទាប់រលោង។ ក្បាច់លម្អរបស់កុលាលភាជន៍ខ្មែរ ក៏កាន់តែពិសេសជាងកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍ ហើយការគូរក្បាច់វិញ ខ្មែរជំនាន់នោះប្រើតែឈើ ឬឫស្សីតែប៉ុណ្ណោះ»។
លោក អ៊ា ដារិទ្ធ បន្ថែមថា ការសិក្សាពីរឿងនេះពិតជាមានសារសំខាន់ណាស់ ដើម្បីដឹងពីជីវិតប្រចាំថ្ងៃរបស់មនុស្សសម័យបុរាណ ក៏ដូចជាប្រភេទមនុស្សដែលប្រើប្រាស់កុលាលភាជន៍ជាដើម។ សម្រាប់អ្នកជំនាន់ក្រោយ គួរសិក្សាអំពីកុលាលភាជន៍ដែលបានប្រើនៅសម័យបុរាណ ដើម្បីយល់ពីអារ្យធម៌ខ្មែរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានសិក្សាស្រាវជ្រាវនៅតំបន់អង្គរ តាមរយៈកំណាយច្រើនកន្លែង ដើម្បីយល់កាន់តែច្បាស់ពីបញ្ហានេះ។ ជាលទ្ធផល គឺនៅសម័យអង្គរមានឡដុតកុលាលភាជន៍ ដែលមានប្រវែងវែងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍៕