(ព្រះសីហនុ)៖ កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន ៣នាក់ ដែលធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ។ សមត្ថកិច្ចឲ្យដឹងថា ការឃាត់ខ្លួនអ្នកបើកតាក់ស៊ីនេះ ធ្វើឡើងតាមបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
មន្ត្រីនគរបាលបន្តថា ការឃាត់ចាប់រថយន្តតាក់ស៊ីនេះ ក្រោយឃើញមានរថយន្តតាក់ស៊ីពណ៌បៃតង បើកបរដោយជនជាតិចិន បើកបរក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី។
ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចណ៍ បានឲ្យដឹងថា ជាជំហានដំបូងមានរថយន្តតាក់ស៊ីប្រភេទនេះចំនួន ៣គ្រឿង បើកបរដោយជនជាតិចិន ត្រូវបានឃាត់ចាប់ ហើយត្រូវកម្លាំងជំនាញឃាត់ខ្លួននាំយកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមគោលការណ៍ច្បាប់។ រថយន្តដែលសមត្ថកិច្ចឃាត់នេះរួមមាន៖
១៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
២៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2P-2330 បើកបរដោយឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
៣៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2I-3423 បើកបរដោយឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕