(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ការចុះបញ្ជិកាឱសថ តាមប្រព័ន្ធអនឡាញ មានសារសំខាន់ណាស់ ហើយនេះជាគោលដៅយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ នីតិវិធីក្នុងការត្រួតពិនិត្យ គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពផលិតផលឱសថ ដែលចរាចរណ៍ក្នុងទីផ្សារកម្ពុជា។

ការថ្លែងបែបនេះ របស់លោកស្រីរដ្ឋលេខាធិការ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាពិគ្រោះយោបល់ អំពីការចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថ ចុះបញ្ជីគ្រឹះស្ថានផលិតឱសថមកពីបរទេស និងការចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ ជាមួយភាគីពាក់ព័ន្ធ ដោយមានការឧបត្ថម្ភគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ ពីអង្គការសុខភាពពិភពលោក (WHO) ដែលប្រព្រឹត្តទៅនៅសណ្ឋាគាភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្ដថា នាយកដ្ខានឱសថ បានចាប់ផ្តើមចុះបញ្ជិកាផលិផលឱសថ តាំងពីឆ្នាំ១៩៩៤ រហូតដល់ពេលបច្ចុប្បន្ន មានឯកសារជាក្រដាស ដែលទាមទារពេលវេលាយូរ ក្នុងការវាយតម្លៃឯកសារនិមួយៗ។ ទន្ទឹមនឹងនេះដែរ ការវិវឌ្ឍន៍ ផ្នែកបច្ចេកវិទ្យាទំនើប តំរូវឱ្យមានការផ្លាស់ប្តូរ ពីការប្រើប្រាស់សំណុំឯកសារជាក្រដាស មកជាអេឡិចត្រូនិកវិញ ដែលមានលក្ខណៈងាយស្រួល និងមានតម្លាភាព ព្រមទាំងឆាប់រហ័សជាងមុន។ ដូច្នេះ ការលើកកំពស់ដំណើរការចុះបញ្ជិកាតាមប្រព័ន្ធអនឡាញ ក្រសួង បានចាប់ផ្តើមសិក្សាតាំងពីខែមិនា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។

ជាងនេះទៅទៀត លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ពីសារៈសំខាន់ នៃការចុះបញ្ជិកាតាមប្រព័ន្ធអនឡាញថា៖

* ការពិនិត្យវាយតម្លៃឯកសារឱសថបានឆាប់រហ័ស និងកាត់បន្ថយពេលវេលារបស់ក្រុមហ៊ុន ក្នុងការចុះបញ្ជិកាផលិតផលឱសថ

* មានតម្លាភាព និងគណនេយ្យភាព

* សម្រួលដល់ការស្នើសុំដាក់លក់លើទីផ្សារ និងការចុះបញ្ជិកាផលិតផលឱសថ

* លើកកម្ពស់គុណការងារវាយតម្លៃឯកសារផលិតផលឱសថ

* មានទំនាក់ទំនងល្អ រវាងអាជ្ញាធ័រគ្រប់គ្រងផលិតផលឱសថ និងអ្នកចែកចាយផលិតផលឱសថ

* ងាយស្រួលក្នុងការតាមដានដំណើការចុះបញ្ជិកា និងការផ្តល់ព័ត៏មានពីការយឺតយ៉ាវ។

ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាល ក៏បានរៀបចំកែប្រែធ្វើប្រកាសស្តីពីការចុះទិដ្ឋាការ បញ្ជិកាតាមប្រព័ន្ធអនឡាញ និងតម្រូវឱ្យក្រុមហ៊ុនបោះពុម្ភ ឬបិទ QR Code នៅលើសំបកផលិតផលរបស់ខ្លួន ដើម្បីជំរុញការអនុវត្តច្បាប់ គ្រប់គ្រងឱសថឱ្យកាន់តែមានប្រសិទ្ធភាព។ ការប្រឹងប្រែងរួមគ្នា ឈានទៅដល់ការចុះបញ្ជិកាតាមប្រព័ន្ធអនឡាញ ក្រសួងសុខាភិបាល ក៏បានបង្កើនសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនចែកចាយផលិតផលឱសថ។

លោកស្រី ថ្លែងបន្ដថា «ខ្ញុំសម្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ អំពីការចុះបញ្ជិកាតាមប្រព័ន្ធអនឡាញនេះ នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដល់ក្រុមហ៊ុនអាហរ័ណ និហរ័ណឱសថ និងគ្រឹះស្ថានផលិតឱសថ»។

ជាងនេះទៅទៀត លោកស្រីជឿជាក់ថា ក្រោយពីបញ្ចប់អង្គសិក្ខាសាលានេះ សិក្ខាកាមមានការយល់ដឹងច្រើន និងអាចអនុវត្តការងារ ចុះបញ្ជិកាតាមប្រព័ន្ធអនឡាញមានប្រសិទ្ធភាព។ អ្នកបង្កើតកម្មវិធី ប្រព័ន្ធអនឡាញ និងមន្ត្រីជំនាញ និងជួយសម្រួលរាល់ការងារក្នុងអង្គសិក្ខាសាលា ពិគ្រោះយោបល់នេះ៕