(ភ្នំពេញ)៖ ក្នុងខែមិថុនា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគ ពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន១៦៩,២១៣,៣០០ រៀល និង៩៨,៩៨៦ ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា បន្ថែមពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ទើបទទួលបានថវិកាបរិច្ចាគចំនួន៩១៣,០៨៦ ដុល្លារអាមេរិក ដែលជាទឹកប្រាក់កាត់ទុកពីថ្លៃសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរក្នុងត្រីមាសទី០២ ឆ្នាំ២០១៩ ពី គ្រឹះស្ថានអង្គរ ហើយមូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំផ្ទេរនូវថវិកានេះ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕