(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់ទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយ នៅថ្ងៃទី០៥ ខែកក្កដានេះ។
នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីប្រទេសស្វីស ឆ្ពោះកាន់មាតុភូមិកម្ពុជាវិញ ដែលតាមការគ្រោងទុក នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃស្អែក។
ក្នុងដំណើរបំពេញទស្សនកិច្ច ប្រកបដោយផ្លែផ្កា នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ពីបងប្អូនខ្មែរយ៉ាងកក់ក្តៅជាទីបំផុត។
សម្តេចតេជោ បានចូលរួមកិច្ចប្រជុំកម្រិតពិភពលោកដូចជា៖ កិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានេះ នៅលើទឹកដីទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ សិស្ស និស្សិត ដែលសិក្សា និងរស់នៅប្រទេសស្វីស រួមទាំងប្រទេសដទៃៗទៀតមកពីអឺរ៉ុប ប្រកបដោយក្តីរីករាយ និងនឹករលឹកជាទីបំផុត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ តាមការគ្រោងទុកសម្តេចនឹងត្រឡប់មកដល់កម្ពុជាវិញនៅព្រឹកថ្ងៃទី០៦ ខែកក្កដាស្អែកនេះ៕