(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិសម្រាប់ថែទាំសុខភាព នៃប្រទេសកូរ៉េ (KOFIH) និងធនាគារ Exim bank នៃប្រទេសកូរ៉េ នឹងបន្ដជួយលើកកម្ពស់វិស័យសុខាភិបាល លើការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើការប្រយុទ្ធនឹងជំងឺឆ្លង និងគំាពារសុខភាពមាតា និងទារក។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិសម្រាប់ថែទាំសុខភាពនៃប្រទេសកូរ៉េ (KOFIH) និងធនាគារ Exim bank នៃប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងគម្រោងសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «KOICA បន្ដលើកកម្ពស់លើគុណភាពសេវា, សហប្រតិបត្ដិការទៅលើសុខភាពសកល ជាពិសេសលើការប្រយុទ្ធនឹងជំងឺឆ្លង, ពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់ការពារ និងឆ្លើយតបនូវការឆ្លង និងជំងឺឆ្លងនេះ, លើការសាងសង់អគារ, ការជួយលើគម្រោងពង្រឹងសុខភាពមាតា និងទារក នៅមណ្ឌលគិរី និងរតនគីរី, ការពង្រឹងការងារគ្រប់គ្រងមន្ទីរពេទ្យ នៅស្រុកបាធាយ ខេត្ដកំពង់ចាម, ជួយដល់មន្ទីរពេទ្យ ខេត្ដសៀមរាប លើគុណភាព និងត្រួតពិនិត្យលើជំងឺស្ដ្រី រួមមាន ជំងឺមហារីកមាត់ស្បូន និងសុដន់»

លើសពីនោះ ធនាគារ Exim bank នៃប្រទេសកូរ៉េ និងមូលនិធិសម្រាប់ថែទាំ សុខភាពនៃប្រទេសកូរ៉េ (KOFIH) នឹងបន្ដជួយលើបច្ចេកទេស ពេលការសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល រួចជាស្ថានពរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ។

ក្នុងជំនួបនោះផងដែរ ប្រតិភូនៃដៃគូអភិវឌ្ឍទាំងពីរ ក៏បានសម្តែងការកោតសរសើរ ចំពោះក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងបង្កើនគុណភាពនៃការបណ្តុះបណ្តាល ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល នាពេលកន្លងមក ជាពិសេស គឺការអនុវត្តគម្រោងសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានតួនាទី ក្នុងការបង្កើនគុណភាពនៃការបណ្តុះបណ្តាលនាពេលអនាគត ក៏ដូចជាការធ្វើប្រសើរឡើងជាលំដាប់ នូវគុណភាពនៃការផ្តល់សេវាថែទាំសុខភាពនៅកម្ពុជា។

ជាងនេះទៅទៀត ដៃគូអភិវឌ្ឍទាំងបី បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការសហការសម្របសម្រួល ជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទី៣ ប្រកបដោយជោគជ័យ ជាពិសេស ផ្ដល់ការគាំទ្រលើការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរៀបចំដំណើរការមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្ថែមលើការគាំទ្រ ដែលផ្តល់តាមរយៈគម្រោងឧបត្ថម្ភ ពីធនាគារ Exim Bark នៃប្រទេសកូរ៉េ៕