(ត្បូងឃ្មុ)៖ ដើម្បីចូលរួមដល់សកម្មភាពមនុស្សធម៌ លើវិស័យសុខាភិបាល សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានបើកឃ្លាំងថវិកាសាខា ទិញសេរ៉ូម១ម៉ឺនកំផ្លោក ដើម្បីផ្តល់ជូនមន្ទីរសុខាភិបាលខេត្ត ផ្គត់ផ្គង់បន្តដល់មន្ទីរបង្អែកទាំង៦ក្រុងស្រុក និងតាមមណ្ឌលសុខភាពទូទាំងខេត្តត្បូងឃ្មុំ។
ពិធីប្រគល់សេរ៉ូមចំនួន១ម៉ឺនកំផ្លោកនេះ ធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ឡេង សុខា ប្រធានស្តីពីសាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពី លោក រស់ សុខន នាយកសាខាកាកបាទក្រហម និងលោក កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ឡេង សុខា បានឲ្យដឹងថា ជាតម្រូវការចាំបាច់ ក្នុងការព្យាបាលជំងឺគ្រុនឈាម ដែលមានការកើនឡើងខ្ពស់នៅតាមមន្ទីរពេទ្យបង្អែកនានា ក្នុងខេត្តត្បូងឃ្មុំ ទើបសាខាកាកបាទក្រហមខេត្ត បានទិញ និងផ្តល់ជូនជាសេរ៉ូមចំនួន១ម៉ឺនកំផ្លោក ជូនមន្ទីរសុខាភិបាលខេត្ត ធ្វើការផ្គត់ផ្គង់តាមបណ្តាមន្ទីរពេទ្យនាពេលនេះ។
លោក កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់សាខាកាកបាទក្រហមខេត្ត ដែលបំពេញតម្រូវការចាំបាច់ចំពោះមុខ ដោយផ្តល់ជូនជាសេរ៉ូមយ៉ាងច្រើននេះ។ ក្នុងនោះលោក បានធ្វើការបែងចែកជូនដល់ស្រុកប្រតិបត្តិទាំង៧ មន្ទីរពេទ្យបង្អែកទាំង៦ក្រុងស្រុក និងតាមបណ្តាមណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ដែលកំពុងត្រូវការជាចាំបាច់ ព្រោះថាអត្រាកុមារមានជំងឺគ្រុនឈាម កំពុងមានការកើនឡើង គួរឲ្យព្រួយបារម្ភ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជំនួសឲ្យពលរដ្ឋទាំងអស់ក្នុងខេត្ត បានធ្វើការថ្លែងអំណរគុណ ដល់ការផ្តល់ជូនជាសេរ៉ូម យ៉ាងច្រើននាពេលនេះ ដែលជាពេលរួមគ្នា សាមគ្គីគ្នា ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ ជាពិសេសលើវិស័យមនុស្សធម៌ និងវិស័យសុខាភិបាល ដែលពលរដ្ឋត្រូវការជាចាំបាច់ ពិសេសកុមារតូចៗ កំពុងតែកើតជំងឺគ្រុនឈាម តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។
លោកក៏បានផ្តាំផ្ញើរ ដល់លោក លោកស្រី នាយកស្រុកប្រតិបត្តិទាំង៧ក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត និងបានអំពាវនាវអោយពលរដ្ឋទាំងអស់ រួមគ្នាបំបាត់ជំរកមូសខ្លា ពិសេសឪពុកម្តាយត្រូវមើលថែកូនតូចៗ ដោយស្លៀកសំលៀកបំពាក់ដៃវែងជើងវែង និងសម្រាន្តតែក្នុងម៉ុង ដើម្បីជៀសឆ្ងាយពីជំងឺគ្រុនឈាមទាំងអស់គ្នា៕