(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី លើការផ្ដល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ទូទាំងប្រទេសកម្ពុជា។
ការប្រកាសចាប់ដៃគូសហការគ្នានេះ រំពឹងថានឹងផ្ដល់ភាពងាយស្រួល និងជួយសម្រួលទម្លាប់របស់អតិថិជនធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលត្រូវធ្វើដំណើរមកកាន់ទីស្នាក់ការសាខារបស់ធនាគារ អេស៊ីលីដា ដើម្បីប្រតិបត្តិការដកប្រាក់ និងដាកប្រាក់ មកជំនួសការប្រើប្រាស់សេវាតាមភ្នាក់ងារ លី ហួរ វេលុយ ដែលនៅក្បែរផ្ទះរបស់ពួកគាត់វិញ ដើម្បីចំណេញទាំងថវិកា និងពេលវេលា។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី និងលោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប ដោយមានការចូលរួមមន្រ្ដីបុគ្គលិក នៃក្រុមហ៊ុនទាំង២ផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី ឲ្យដឹងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី បានចាប់ដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាកម្មរបស់ស្ថាប័នទាំង២ ឲ្យបានទូលំទូលាយថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ ក្នុងការពង្រីកប្រតិបត្តិការធនាគារ ឲ្យកាន់តែទំនើបប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។
លោកបណ្ឌិតបន្ដថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ នឹងបង្កើនភាពងាយស្រួល ដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការដូចជា៖
១៖ ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី។
២៖ ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា យូនីធីទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី។
៣៖ ដកប្រាក់ពីគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី តាមរយៈម៉ាស៊ីន អេ ធី អឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនប្រើកាត។
៤៖ សេវាផ្សេងៗទៀត ដែលនឹងសហការគ្នា ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត។
លោកបណ្ឌិត អ៊ិន ចាន់នី ឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការនេះ បានជួយជំរុញឲ្យការផ្ទេរបា្រក់ របស់អតិថិជនកាន់តែទូលំទូលាយ, ឆាប់រហ័ស, ងាយស្រួល និងមានសុវត្ថិភាពព្រោះ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានបណ្តាញប្រតិបត្តិការ ទូលំទូលាយគ្រប់ដណ្តប់គ្រប់ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ សមិទ្ធផលនេះបានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់អតិថិជន និងសាធារណជន និងគាំទ្រដល់ការរីកលូតលាស់របស់អតិថិជនជាមួយ នឹងការកាត់បន្ថយការចំណាយ និងកត្តាហានិភ័យ។
លោកបណ្ឌិត អ៊ិន ចាន់នី ឲ្យដឹងថា ពាណិជ្ជករ, អ្នកជំនួញ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារតែងតែរិះរកមធ្យោបាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនរបស់ខ្លួន មានភាពងាយស្រួល ដោយបម្រើជូនអតិថិជនបានលឿន និងរហ័សទៅតាមចិត្ត។ ជាក់ស្ដែងដូចអ្នកទាំងអស់គ្នាដឹងហើយថា ធនាគារតែងតែបើកធ្វើការរាល់ម៉ោង៧៖៣០នាទីព្រឹក ហើយថ្ងៃសៅរ៍ពេលល្ងាចចាប់ពីម៉ោង១៖០០នាទីរសៀលធនាគារបានឈប់សម្រាក ថ្ងៃអាទិត្រឈប់សម្រាក, ថ្ងៃបុណ្យទានឈប់សម្រាក ប៉ុន្ដែសម្រាប់ក្រុមហ៊ុន លី ហួរ វិញអត់ឈប់សម្រាក់នោះទេ អាចនិយាយបានថា ធ្វើការស្ទើរតែ២៤ម៉ោងទៅហើយនោះហើយជាអត្ថប្រយោជន៍សំខាន់សម្រាប់អតិថិជន ព្រោះអតិថិជនមានភាពងាយស្រួល និងប្រើប្រាស់សេវាបានគ្រប់ពេលវេលាដែលពួកគាត់ត្រូវការ។
លោកឧកញ៉ា លី ហួរ ក៏បានឲ្យដឹងថា «ការសហការគ្នានេះមានបំណងរួម គឺផ្ដល់ភាពងាយស្រួល, រហ័សទាន់ចិត្ត, មានសុវត្ថិភាព និងសន្សំសំចៃពេលវេលា ដល់ប្រជាពលរដ្ឋខ្មែរ ដែលជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយឲ្យពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុមួយចំនួនតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលមានទូទាំងប្រទេសកម្ពុជា»។
លោកឧកញ៉ាបន្ដថា ការចាប់ផ្ដើមនេះនឹងឈានដល់ដំណាក់កាលមួយ ក្នុងបេសកម្មរបស់យើង ក្នុងការពង្រីកវិសាលភាព ក្នុងវិស័យហិរញ្ញវត្ថុ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងផ្ដល់ភាពងាយស្រួល ដល់អតិថិជនមិនថា ក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ, ការបង្វិលប្រាក់ សម្រាប់ការសម្រេចចិត្តវិនិយោគក្នុងរយៈពេលវែង, ការដាក់ ឬដក់ប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ និងការផ្ដល់ជូននូវលទ្ធផលភាពច្រើនផ្សេងទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេចំនួន ៥៧៧គ្រឿង គ្រប់ខេត្ត និងរាជធានីទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងការិយាល័យធនាគារ និងនៅតាមផ្សារទំនើប, សាកលវិទ្យាល័យ, សណ្ឋាគារ និងក្រុមហ៊ុននានា។ ចំពោះម៉ាស៊ីនឆូតកាត អេស៊ីលីដាមានចំនួនជាង៤,០០០គ្រឿង ព្រមទាំងអតិថិជនដែលកំពុងប្រើប្រាស់ អេស៊ីលីដាយូនីធីទាន់ចិត្តមានចំនួនច្រើនជាង៩០០,០០០នាក់៕