(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់ឈ្មោះ យិន ដារ៉ាភួង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនទៅតាមដីកាបញ្ជាអោយនាំខ្លួន របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅនឹងផ្ទះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធសាលក្រមស្ថាពរ ដែលកាត់សំរេចអោយស្ត្រីរូបនេះ ជាប់ពន្ធនាគារ៥ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ រំលោភយកដីរ បស់ប្រជាពលរដ្ឋនៅភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកន្លងមក។
ដោយឡែកមេក្លោងជាប់ចោទ នៅក្នុងរឿងក្ដីក្លែងឯកសារសាធារណៈ រំលោភយកដីប្រជាពលរដ្ឋខាងលើដែលគេស្គាល់ថាឈ្មោះ ហែម វណ្ណសឿន មានទីលំនៅ ផ្ទះលេខ១០ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំគារមន អតីតជាមន្ត្រីភូមិបាលនៅរាជធានីភ្នំពេញ និងធ្លាប់ជាទីប្រឹក្សាថ្នាក់ដឹកនាំជាន់ខ្ពស់ផងនោះ ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនតាមដីកា និងកំពុងស្ថិតនៅក្នុងការឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេតរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
ការឃាត់ខ្លួនស្ត្រីឈ្មោះ យិន ដារ៉ាភួង ដោយយោងតាមសាលក្រមផ្តន្ទាទោស របស់តុលាការខេត្តកំពង់ឆ្នាំចេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដែលសំរេច ផ្តន្ទាទោសឈ្មោះ យិន ដារ៉ាភួង ភេទស្រី មានទីលំនៅផ្ទះលេខ១៥៣អឺ០ ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយសំរេចដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងយោងលើសំណុំរឿងនៅសាលាដំបូងរាជធានី ភ្នំពេញដែលតុលាការកំពុងមានចំណាត់ការផងដែរ។
សូមបញ្ជាក់ថា នៅមុនឆ្នាំ១៩៩៧ មានជនជាតិចិនចំនួន២នាក់ បាននាំគ្នាទៅប្រមូលទិញដី ពីប្រជាពលរដ្ឋនៅភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានមន្ត្រីអាជ្ញាធរស្រុក ជាអ្នកដើរប្រមូលទិញអោយបានសរុបចំនួន២៦ហិកតា ដោយម្នាក់ឈ្មោះស៊ី លេម៉េង មានជាង១០ហិកតា និងម្នាក់ទៀតមានជាង ១៥ហិកតា។
កាលណោះ ក្រោយត្រូវថ្លៃគ្នា ជនជាតិចិនខាងលើ តាមរយៈមន្ត្រីអាជ្ញាធរដែលជាអ្នកគួកជេរបានកក់លុយ ក្នុង១គ្រួសារចំនួន១០០ដុល្លារ ដោយពួកគាត់ មានគ្នាសរុបចំនួន៣៤គ្រួសារ ហើយម្ចាស់ដីបានប្រគល់ឯកសារ ទៅអោយអ្នកគួកជេរដើម្បីយកទៅរត់ការធ្វើបណ្ណកម្មសិទ្ធិ តែតាំងពីពេលនោះមកក៏បាត់មុខជនជាតិ ចិនខាងលើនេះរហូតមក ទោះបីជាបណ្ណកម្មសិទ្ធិ ចេញមកអោយជនជាតិចិនខាងលើ ជាម្ចាស់កម្មសិទ្ធិរួចហើយក៏ដោយ។
ក្រោយមក ប្រជាពលរដ្ឋម្ចាស់ដីបានប្ដឹងទៅ មន្ត្រីអាជ្ញាធរដើម្បីយកដីរបស់ខ្លួនមកវិញ ស្រាប់តែលិចមុខឈ្មោះ ហែម វណ្ណសឿន និងឈ្មោះ យិន ដារ៉ាភួង ចេញមុខមកអះអាងថា ដីខាងលើជាដីរបស់ពួកខ្លួនមាន បណ្ណកម្មសិទ្ធិស្របច្បាប់ទាំង ២៦ហិកតាទៅវិញ។ ក្រោយមកទើបគេដឹងថា ឈ្មោះយិន ដារ៉ាភួង បានអះអាងថា រូបគេជាប្រពន្ធរបស់ជនជាតិចិនឈ្មោះ ស៊ី លេម៉េង តាមរយៈសំបុត្រអាពាហ៏ពិពាហ៏ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលចេញដោយសាលាខណ្ឌឬស្សីកែវ។
ក្នុងនោះ ក្រោយឈ្មោះស៊ី លេម៉េង បាត់ខ្លួន ឈ្មោះយិន ដារ៉ាភួង ក៏បានប្ដឹងតាមនីតិវិធី ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឈ្មោះ ស៊ី លេម៉េង ដោយរួមមានទាំងដីនៅភូមិលាជ ទិញពីប្រជាពលរដ្ឋមិនទាន់អោយលុយគ្រប់ផង ដែរ តែឈ្មោះយិន ដារ៉ាភួង មិនត្រឹមយកតែដីកម្មសិទ្ធិរបស់ឈ្មោះ ស៊ី ឡេម៉េង ជាង១០ហិកតាប៉ុណ្ណោះទេ គេថែមទាំងយកដីជាង១៥ហិកតា របស់ជនជាតិចិនម្នាក់ទៀត ហើយដីនេះត្រូវបានឈ្មោះ យិន ដារ៉ាភួង ធ្វើលិខិតមិនប្រក្រតី លក់ទៅអោយឈ្មោះ ហែម វណ្ណសឿន ចូលគ្រប់គ្រងហើយការប្ដឹងផ្ដល់គ្នាក៏កើតមានរហូតមក។
កាលណោះ ឈ្មោះហែម វណ្ណសឿន ក្នុងនាមជាមន្ត្រីជំនាញសុរិយោដីស្រាប់ និងជាទីប្រឹក្សាថ្នាក់ដឹកនាំមួយរូបនៅរដ្ឋសភាផងនោះ បានប្រើជំនាញ និងឥទ្ធិពលទីប្រឹក្សាបញ្ចាគំរាមប្រជាពលរដ្ឋ និងមន្ត្រីនៅមូលដ្ឋានអោយធ្វើសាក្សី និងរៀបចំឯកសារផ្សេងៗ ដើម្បីធ្វើមិចអោយដីខាងលើក្លាយជាដីស្របច្បាប់របស់ខ្លួន តាមរយៈសំអាងថា ខ្លួនទិញពីឈ្មោះ យិន ដារ៉ាភួង ដែលបានទទួលមរតកពីប្ដីឈ្មោះស៊ី លេម៉េង តាមរយៈសាលដីការរបស់តុលាការត្រឹមត្រូវ។ ប៉ុន្តែក្រោយមក ទើបគេស្រាវជ្រាវដឹងថា សំបុត្រអាពាហ៍ពិពាហ៍របស់ឈ្មោះ ស៊ី លេម៉េង និងឈ្មោះ យិន ដារ៉ាភួង ចេញដោយសាលាខណ្ឌឬស្សីកែវ ជាឯកសារក្លែងក្លាយ ដោយសារតែអាជ្ញាធរបានបញ្ជាក់ថា សំបុត្រអាពាហ៏ពិពាហ៏នេះ មិនមានគល់បញ្ជីនោះទេ។
ក្រោយដឹងថា លិខិតអាពាហ៍ពិពាហ៍ក្លែងក្លាយ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកំពង់ឆ្នាំងពី ករណីក្លែងនេះ ហើយត្រូវបានតុលារកាត់ក្ដីផ្ដន្ទាទោសឈ្មោះស៊ី លេម៉េង និងឈ្មោះយិន ដារ៉ាភួង ដាក់គុកម្នាក់ៗចំនួន៥ឆ្នាំពីបទក្លែងបន្លំឯកសារសាធារណៈ។ដោយ ឡែកឈ្មោះ ហែម វណ្ណសឿន ក៏ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ដីដាក់ពាក្យបណ្ដឹង មកសាលាដំបូងរាជធានីភ្នំពេញ ពីបទផ្ដើមគំនិតក្លែងបន្លំឯកសារសាធារណៈផងដែរ ហើយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោកសេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយចាប់ខ្លួនលេខ២៦២ ដ.ច.ន ដើម្បីយកទៅដាក់ពន្ធនាគាររងចាំការស៊ើបបអង្កេតបន្ត។
លុះថ្ងៃទី២៥ ខែ៥ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនលោកហែម វណ្ណសឿន តាមដីកាយកទៅឃុំខ្លួនបណ្ដោះអាសន្ន តែឈ្មោះនេះមិនបានឆ្លើយសារភាពពីទង្វើរបស់ខ្លួនឡើយ ហើយបានប្ដឹងសុំនៅក្រៅឃុំ តែត្រូវចៅក្រមសាលាដំបូងបដិសេធ ក៏បន្តប្ដឹងទៅសាលាឧទ្ធរណ៏ទៀត ដើម្បីសុំនៅក្រៅឃុំដែលសាលាឧទ្ធរណ៍ គ្រោងនឹងលើកយកមកជំរះនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
អ្នកដឹងរឿងបានអះអាងថា មេក្លោងក្នុងការក្លែងឯកសាររំលោភយកដីប្រជាពលរដ្ឋ២៦ហិកតា ស្មើរនឹង៣៤គ្រួសារខាងលើគឺឈ្មោះ ហែម វណ្ណសឿន ខាងលើនេះតែម្ដង។ ចំណែកឈ្មោះ យិន ដារ៉ាភួង គ្រាន់តែជាអ្នកចូលរួមឃុបឃិត ដើម្បីបានផលប្រយោជន៏តែប៉ុណ្ណោះ ។
ឥឡូវនៅពេលដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ យិន ដារ៉ាភួង បាន អ្វីៗនឹងលាតត្រដាងច្បាស់ហើយនៅពេលដែលយិន ដារ៉ាភួង ផ្ដល់ចម្លើយនៅចំពោះមុខតុលាការ។ ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ដី បាននាំគ្នាសំណូមពរសូមកុំអោយ សាលាឧទ្ធរណ៏អនុញ្ញាតអោយឈ្មោះ ហែម វណ្ណសឿន នៅក្រៅឃុំអោយសោះ ព្រោះពេលឈ្មោះនេះនៅក្រៅឃុំ អាចនឹងមានលទ្ធភាពរត់គេចខ្លួនឬលប់បំបាត់ភស្តុតាងជាដើម៕