(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានទទួលពិភាក្សាការការងារជាមួយ គណៈប្រតិភូធនាគារ អភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក អាម៊ីត មូនីប សាអ៊ីត (Mr. Ahmet Muneeb Saeed) អនុប្រធាន ADB ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ជាពិសេសអំពីក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីស្តីទី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ចនៅ កម្ពុជារបស់លោកអនុប្រធាន ADB ហើយបានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ADB ក្នុងពេលកន្លងមក។
លោកបានបន្តថា ADB គឺជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់ នៅកិច្ចអភិវឌ្ឍប្រទេសកម្ពុជា។ ជាក់ស្តែង ក្រោមកិច្ចសហការរវាងកម្ពុជា និង ADB យុទ្ធសាស្រ្តនៃភាពជាដៃគូរសម្រាប់អភិវឌ្ឍន៍កម្ពុជា (CPS) ឆ្នាំ២០១៩-២០២៣ បានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ដែលមានទំហំជាង៣០០លានដុល្លារក្នុងមួយឆ្នាំ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីឲ្យកម្ពុជាអាចឈានសម្រេចបាន នូវគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនេះ លោករដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូន លោកអនុប្រធាន ADB ជ្រាបផងដែរ អំពីស្ថានភាពរួម នៃសេដ្ឋកិច្ចកម្ពុជា ដែលបាននិងកំពុងសម្រេចបាន នូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។
លោកអនុប្រធាន ADB ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយក្រីក្រ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ADB នឹងបន្តជួយគាំទ្រដល់កម្ពុជា និងចង់ជួយកម្ពុជាពាក់ព័ន្ធការរៀបចំ ក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។
លោករដ្ឋមន្រ្តីស្តីទី និងលោកអនុប្រធាន ADB ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈយោបល់ផងដែរ លើបញ្ហាតំបន់, គោលនយោបាយ នៃការអភិវឌ្ឍ, និងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានផងដែរ។
លោករដ្ឋមន្រ្តីស្តីទី បានស្នើឲ្យ ADB បន្តជួយកម្ពុជាលើកិច្ចការសំខាន់ៗ ចំនួន០៥គឺ៖ ទី១៖ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា, ទី២៖ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ, ទី៣៖ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, ទី៤៖ការធ្វើផែនការនគរូបនីយកម្ម ដោយផ្អែកលើផែនការមេ និងផែនការវិនិយោគរបស់វិស័យនេះ និងទី៥៖ការអភិវឌ្ឍវិស័យថាមពេលនៅកម្ពុជា ដោយផ្តោតលើការតភ្ជាប់បណ្តាញ, ភាពទុកចិត្តបាន និងតម្លៃសមរម្យ។
ទន្ទឹមនេះ លោកក៏បានជម្រាបជូន អនុប្រធាន ADB ថា កម្ពុជាគ្រោងនឹងពិនិត្យលទ្ធភាព ក្នុងការបោះផ្សាយសញ្ញាប័ណ្ណរដ្ឋនាពេលខាងមុខនេះ ដែលមិនត្រឹមតែជួយកម្ពុជា ក្នុងការធ្វើពិពិធកម្មប្រភព នៃហិរញ្ញប្បទាន និងកៀរគរការប្រាក់សន្សំក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍន៍ និងបណ្តុះបណ្តាលសមត្ថភាពរបស់ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីត្រៀមខ្លួនចូលទៅកាន់ទីផ្សារមូលធនថែមទៀតផង។
គួរបញ្ជាក់ដែរថា គិតចាប់ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៩ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍ចំនួន១៦០ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៣,១៩៤លានដុល្លារអាមេរិក (មិនបញ្ចូលសហហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងវិស័យឯកជន) ក្នុងនោះមាន៖ ឥណទានសម្បទានចំនួនប្រមាណ ២,៧០៤លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន១០៦ ក្នុងនោះគម្រោងចំនួន៦៨បានបញ្ចប់ និងគម្រោងចំនួន៣៨កំពុងដំណើរការ និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៥៤ ក្នុងនោះគម្រោងចំនួន ៣៦បានបញ្ចប់ និងគម្រោងចំនួន១៨កំពុងដំណើរការ។
ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនោះ បានប្រើប្រាស់សម្រាប់ធ្វើការវិនិយោគទៅលើវិស័យមួយចំនួន ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, វិស័យផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធក្រុង, វិស័យគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន, វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យគ្រប់គ្រងសាធារណៈ, វិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យថាមពល និងពហុវិស័យ៕