(ភ្នំពេញ)៖ ប្រជាពលរដ្ឋទីទ័លក្រ ទុរគត៌ជន ចាស់ជរា ពិការ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣៣គ្រួសារ នៃសង្កាត់និរោធ ខណ្ឌច្បារអំពៅ ទទួលបានអំណោយសប្បុរសធម៌ ដែលជាអំណោយ របស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយ:អនុសាខាកាកបាតក្រហមកម្ពុជា ប្រចាំខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល។
ការយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបនូវការខ្វះខាតផ្នែកជីវភាព ប្រចាំថ្ងៃធ្វើឡើងនៅរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ និងលោក ញាណ ចាន់សោភា នាយករងរដ្ឋបាល និងជាអនុប្រធានអនុសាខាកាកបាទ ក្រហមខណ្ឌច្បារអំពៅ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមជាច្រើននាក់ទៀត។
លោក ញាណ ចាន់សោភា បានឲ្យដឹងថា អំណោយដែលអនុសាខាកាកបាទក្រហមខណ្ឌ នាំយកមកចែកជូនប្រជាពលរដ្ឋទ័លក្រ ជនចាស់ជរា ធ្លាក់ខ្លួនពិការដោយជំងឺផ្សេងៗចំនួន ៣៣គ្រួសារ ទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ស្ករស, តែ និងថវិកាចំនួន៣ម៉ឺនរៀល។
ទន្ទឹមនឹងបានទទួលអំណោយនេះផងដែរ ប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណដល់លោកប្រធានសាខាកាកបាទក្រហមខណ្ឌ ដែលបានគិតគូរ និងបាននាំអំណោយមកចែកជូនដល់ពួកគាត់ ដែលជួបនូវការខ្វះខាត បានទាន់ពេលវេលាដូចជាពេលនេះ៕