(ត្បូងឃ្មុំ)៖ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នឹងទទួលបានអត្ថប្រយោជន៍ច្រើន ពិសេសទៅសិក្សានៅប្រទេសចិន បន្ទាប់ពីសាកលវិទ្យាល័យនេះ ចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ ហ៊ឺណាន ន័រម៉ល យូនីវ័រស៊ីធី របស់ប្រទេសចិន។
លោក ពិន វណ្ណារ៉ូ សាកលវិទ្យាធិការសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុ ថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីចុះអនុសារណ:យោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យទាំងពីរ ដែលត្រូវបានធ្វើឡើង នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ។
ថ្លែងបញ្ជាក់នាឪកាសនោះ លោក ពិន វណ្ណារ៉ូ បានឲ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នានេះមានផលប្រយោជន៍ច្រើនសម្រាប់និស្សិត និងសាស្ត្រាចារ្យក្នុងការដោះដូរ បទពិសោធន៍គ្នា ទៅវិញទៅមកទាំងការសិក្សា ប្រពៃណី វប្បធម៍ ពិសេសនិស្សិតសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ កាន់តែមានឱកាសដើម្បីបន្តការសិក្សានៅប្រទេសចិនតែម្តង។
លោក ពិន វណ្ណារ៉ូ បន្តថា ចំពោះនិស្សិត ដែលរៀនថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២ ឬឆ្នាំទី៣ អាចមានឪកាសទៅសិក្សាបញ្ចប់បរិញ្ញាបត្រ នៅសកលវិទ្យាល័យ ហ៊ឺណាន ប្រទេសចិនបាន តាមលក្ខខ័ណ្ឌ ៣+១ និង២ +២ និងចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយអាចទៅសិក្សាអនុបណ្ឌិតបន្តនៅសកលវិទ្យាល័យ ហ៊ឺណាន ប្រទេសចិនបាន។
លោក Zhao Guoxiang តំណាងសាកលវិទ្យាល័យ Henan Normal University បានលើកឡើងថា មន្រ្តីរាជការ និងនិស្សិតរបស់កម្ពុជា ក៏ត្រូវបានសាកលវិទ្យាល័យផ្តល់អាហាររូបករណ៍ បន្តការសិក្សាជាបន្តបន្ទាប់ដើម្បីទទួលយកចំណេះដឹង មកអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។ សម្រាប់ការចុះ MoU នេះ សាកលវិទ្យាល័យ Henan Normal University នឹងផ្តល់អាហាររូបករណ៍ដល់និស្សិតសាកល វិទ្យាល័យហេងសំរិនត្បូងឃ្មុំ ទៅបន្តការសិក្សានៅប្រទេសចិនផងដែរ។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នា MoU រវាងសកលវិទ្យាល័យទាំង២ កម្ពុជា-ចិននេះ ក្នុងគោលបំណង ធ្វើអោយវិស័យអប់រំ នៃប្រទេសទាំងពីរ មានការរីកចម្រើន ជាពិសេសពង្រឹងសម្ព័ន្ធភាពរវាងកម្ពុជា-ចិន ជាយូអង្វែងរហូតទៅ៕