(វៀតណាម)៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ក្នុងនាមក្រុមការងារថ្នាក់កណ្តាល ចុះជួយពង្រឹងមូលដ្ឋានខេត្តរតនគិរី និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញទៅសួរសុខទុក្ខព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីស្នាដៃធំៗជាច្រើន ដែលលោកព្រឹទ្ធាចារ្យបានចូលរួមចំណែកសម្រាប់ជាតិមាតុភូមិ ដូចជាការចូលរួមដឹកនាំបង្កើត ចលនារំដោះជាតិ នៅភូមិភាគឦសាន ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ដ៏ឃោឃៅយ៉ុងឃ្នងបំផុត ដែលគ្មានប្រទេសណាមួយ នៅលើពិភពលោកធ្លាប់ដឹកនាំបែបនេះឡើយ និងចូលរួមការពារ ដឹកនាំប្រទេសកម្ពុជា ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ល។
ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារជាតិចុះជួយខេត្តរតនគិរី គ្រប់ជាន់ថ្នាក់ សូមលើកម្រាមដៃដប់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធិពរជ័យជូនដល់លោកព្រឹទ្ធាចារ្យ ប៊ូ ថង និងសូមប្រសិទ្ធពរជូនពរព្រឹទ្ធាចារ្យ មានសុខភាពល្អ និងឆាប់ជាសះស្បើយពីរោគាពាធ ដើម្បីបន្តចូលរួម ដឹកនាំនាវាកម្ពុជាទៅរកវឌ្ឍនភាពដ៏រុងរឿងបន្ថែមទៀត ក្រោមទេសដឹកនាំប្រកបដោយកត្តិបណ្ឌិត និងទស្សនដ៏វែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា៕