Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ រៀបចំកម្មវិធី «ឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជា» ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ពុទ្ធសាសនិក

05-07-2019 10:01

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធី «ឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជា» ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ពុទ្ធសាសនិក លើវិស័យព្រះពុទ្ធសាសនា។ កម្មវិធីនេះធ្វើឡើងនៅសាលសន្និសីទចតុម្មុខ ដោយមានការយាងនិមន្ត ពីសំណាក់ព្រះសង្ឃ ព្រមទាំងអ្នកជំនាញពុទ្ធចក្រ និងអាណាចក្រយ៉ាងច្រើនផងដែរ។

បុណ្យអាសាឡ្ហបូជា ដែលនឹងប្រារព្ធឡើងនៅ ក្នុងឆ្នាំ២០១៩នេះ ដើម្បីរំលឹកដល់ថ្ងៃខួប នៃការចុះចាប់បដិសន្ធិ គម្រប់ ខួប២៦៤៣ឆ្នាំ ខួបចេញសាងព្រះផ្នួស គម្រប់ខួប២៦១៤ឆ្នាំ ខួបសម្តែងបឋមទេសនា និងកំណើតព្រះសង្ឃ ព្រមទាំងសម្តែងយមកប្បាដិហារ្យ គម្រប់២៦០៨ឆ្នាំ។

ជាធម្មតាក្នុងថ្ងៃ១៥កើត ខែអាសាឍ ប្រជាពុទ្ធបរិស័ទតែងតែធ្វើដំណើរទៅវត្តអារាមណាមួយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែលប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយផ្កាភ្ញី ធ្វើបទនមស្ការព្រះរតនត្រៃ ស្តាប់ធម្មទេសនា ព្រមទាំងនាំយកនូវសំពត់សាដក និងទេយ្យទានផ្សេងៗ ដើម្បីប្រគេនព្រះសង្ឃក្នុងឱកាសចូលព្រះវស្សាជាដើម។

បើតាមសង្ឃដីការរបស់ព្រះសមុហ៍បណ្ណារ័ក្ស អឿន សំអាត ព្រឹទ្ធបុរសរង នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានដីការថា បុណ្យអាសាឡ្ហ គឺជាព្រឹត្តិការបុណ្យរបស់ព្រះពុទ្ធសាសនាដ៏ធំមួយ ដែលបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនា ប្រារព្ធជារៀងរាល់ឆ្នាំ ដោយឡែកមានតែប្រទេសកម្ពុជា មួយប៉ុណ្ណោះមិនទាន់ប្រារព្ធធ្វើបុណ្យនេះ ឱ្យធំដុំដូចបុណ្យសាសនាផ្សេងទៀត ដូចជាបុណ្យមាឃបូជា ពិសាខបូជា បុណ្យចេញព្រះវស្សា និងចូលព្រះវស្សា។ល។

ព្រះសមុហ៍បណ្ណារ័ក្ស អឿន សំអាត មានព្រះថិរដីការថា បុណ្យអាសាឡ្ហបូជា ដែលនឹងប្រារព្ធ នៅក្នុងឆ្នាំ២០១៩នេះ គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ចំនួ៥ គឺទី១៖ ការចុះចាប់បដិសន្ធិរបស់ព្រះពុទ្ធ, ទី២៖ ការយាងចេញចេញសាងព្រះផ្នួស, ទី៣៖ យាងសម្តែងបឋមទេសនា ឬសម្តែងព្រះធម៌ទេសនាដំបូង ដល់សត្វលោក និងប្រោសបញ្ចាៈភិក្ខុ៥អង្គ, ទី៤៖ ថ្ងៃកំណើតព្រះសង្ឃ និងទី៥៖ យាងសម្តែងយមកប្បាដិហា។

ការប្រារព្ធពិធី ឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប នឹងខេត្តកំពង់ធំ ដើម្បីបញ្ជ្រៀបនូវទស្សនយ៉ាងសំខាន់នេះ នឹងអាចដាក់បញ្ចូលជាបុណ្យសាសនា ដូចបុណ្យសាសនាផ្សេងទៀតទៅថ្ងៃអនាគតផងដែរ។ ពីព្រោះខ្លឹមសារនៃបុណ្យអាសាឡ្ហបូជា មានសារៈសំខាន់ ដើម្បីឱ្យពុទ្ធបរស័ទបានឱ្យដឹងកាន់តែច្បាស់ពីសាសនារបស់ព្រះពុទ្ធ៕