(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញដើរកាត់ព្រៃ ចុះពិនិត្យភូមិសាស្ត្រតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប។
ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលបង្គោលព្រំដែនលេខ២៤ ព្រមទាំងណែនាំឲ្យកងកម្លាំងយើង ត្រូវថែរក្សាបង្គោលព្រំដែននេះឲ្យបានល្អ ចៀសវាងមានការបាក់រលំដោយប្រការណាមួយ។ ជាមួយគ្នានោះ លោកក៏បានសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេរពៅ ព្រមទាំងជូនថវិកាផងដែរ។
លោក ប្រាក់ សុវណ្ណ បានណែនាំឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងនៅតាមព្រំដែន ត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យបានល្អប្រសើរ ត្រូវទប់ស្កាត់ការចរាចរណ៍ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក៏ដូចជា ការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព៕