Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រតិភូខេត្តកំពង់ស្ពឺ ត្រូវបានអភិបាលក្រុង Corinth សហរដ្ឋអាមេរិក អញ្ជើញឲ្យចូលរួមថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

05-07-2019 16:50

(អាមេរិក)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រតិភូ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានអញ្ជើញឲ្យចូលរួមរីករាយថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកថ្ងៃទី៤ ខែកក្កដា នៅទីក្រុង Corinth ខណៈលោកនិងប្រតិភូកំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។

ថ្លែងពីទីក្រុង Corinth សហរដ្ឋអាមេរិក លោក វ៉ី សំណាង បានថ្លែងថា ជាតិសាសន៍ណាក៏ត្រូវការឯករាជ្យផងដែរ មិនមែនតែកម្ពុជាទេ ហើយរឿងធ្វើអនានិគមន៍មិនអាចឲ្យប្រទេសរីកចម្រើនឡើយ ក៏ដូចជាខ្មែរយើងដែរ បានដណ្តើមទាមទាឯករាជ្យពីបារាំងមកដែរ។

លោកបានថ្លែងថា «កម្ពុជាយើងបន្ទាប់ពីឯករាជ្យរួចហើយ ក្រោយមកបានជួបសង្គ្រាមស៊ីវិលយ៉ាងរាំរ៉ៃ ដែលធ្វើឲ្យការកសាងប្រទេសមានការលំបាក មិនតែប៉ុណ្ណោះក្នុងរបបសង្គ្រាមស៊ីវិល មានការកាប់សម្លាប់ អ្នកចេះដឹងស្ទើរអស់ កុំតែបានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពូកែដឹកនាំ កុំថាឡើយឯករាជ្យ សូម្បីតែទឹកដីក៏ត្រូវបាត់បង់ និងបែងចែកស្ទើរគ្មានសល់អស់ទៅហើយ។ គណៈប្រតិភូខេត្តកំពង់ស្ពឺ មានកិត្តិយសក្រៃលែង ដោយគេបានផ្តល់សិទ្ធិ គេគោរពកម្ពុជាឲ្យមានការចូលរួមទាំងលើវេទិកា និងការដង្ហែរក្បួនផងដែរ»

អភិបាលខេត្តកំពង់ស្ពឺ បានបន្តថា គណប្រតិភូបានព្យាយាមសម្របសម្រួល និងពន្យល់អំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ព្រមទាំងចូលរួមផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ជាតិសាសន៍របស់កម្ពុជា ដល់មហាជនក្នុងទឹកដីទីក្រុង Corinth សហរដ្ឋអាមេរិក ឲ្យយល់ពីតម្លៃពិត គុណធម៌ពិត រួមទាំងភាពសុខដុមរម្យ នៃដែនដីសុវណ្ណភូមិកម្ពុជា ក្រោមនយោបាយអភិវឌ្ឍន៍ សន្តិភាព សម្បូរសប្បាយ រុងរឿងរបស់រាជរដ្ឋាភិបាលចប្បុប្បន្ន៕