(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជាបានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីប្រចាំឆ្នាំ ក្រោមប្រធានបទ «កាលានុវត្តភាពឤជីវកម្ម ក្រោមយុទ្ធសាស្ត្រគាំទ្រវិស័យឯកជនរបស់រាជរដ្ឋាភិបាល» ក្នុងគោលបំណងបង្កើនទំនុកចិត្តរបស់វិនិយោគិនមកលើក្រុមហ៊ុនចុះបញ្ជី និងដើម្បីជាយុទ្ធនាការផ្សព្វផ្សាយ និង កសាងបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន និង ជួយជំរុញដល់ដំណើរទីផ្សារឱ្យមានកំណើនកាន់តែខ្ពស់។

ការរៀបចំវេទិកានេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានដឹកនាំពិធីបើកនៃអង្គវេទិកាក្រុមហ៊ុនចុះបញ្ជីប្រចាំឆ្នាំនេះ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងឧស្សាហកម្ម និង សិប្បកម្ម, គណៈកម្មការមូលបត្រកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, តំណាងស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនវិនិយោគ, វិនិយោគិនស្ថាប័ន, វិនិយោគិនរូបវ័ន្ត និង សាធារណជនប្រមាណ ២៣០នាក់ ។

ក្នុងវេទិកានេះ សាធារណជនឤចជួប និង សួរសំណួរដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចុះបញ្ជី ដើម្បីស្វែងយល់ពីស្ថានភាពឤជីវកម្ម និង ផែនការអភិវឌ្ឍក្រុមហ៊ុន ដែលនេះជាកត្តាសំខាន់សម្រាប់ឱ្យវិនិយោគិន បានយល់ដឹងទទួលព័ត៌មាន និង សម្រេចចិត្តធ្វើការវិនិយោគទៅលើក្រុមហ៊ុនចុះបញ្ជី។

ថ្លែងបើកកម្មវិធី លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកឡើងថា ការអភិវឌ្ឍទីផ្សារមូលបត្រពិតជាត្រូវការការចូលរួមពីវិនិយោគិន ហើយកត្តាដែលជំរុញឱ្យវិនិយោគិនសម្រេចចិត្តវិនិយោគ គឺទំនុកចិត្ត។ ក្នុងន័យនេះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និង គណៈកម្មការមូលបត្រកម្ពុជា បានព្យាយាមបង្កើតនូវប្រព័ន្ធបទបញ្ញត្តិពេញលេញមួយ, កសាងហេដ្ឋារចនាសម្ព័ន្ធដ៏គត់មត់ និង តែងបានរៀបចំជាសិក្ខាសាលា ឬ ព្រឹត្តិការណ៍នានា ដើម្បីកសាងទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកចូលទីផ្សារ ក្នុងគោលដៅរួមចំណែកកសាងមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យនៃផ្សារមូលបត្រកម្ពុជា គឺ «កសាងមហាវិថីហិរញ្ញវត្ថុសម្រាប់កម្ពុជា»។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា «ផ្សារមូលបត្រកម្ពុជា ត្រូវបង្កើតឡើងក្នុងបុព្វហេតុរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា តាមរយៈលំហូរមូលធន, ការវិនិយោគ និង ការវិភាជន៍ជាថ្មីនូវមូលធនតាមយន្តការទីផ្សារមូលធន។ផ្សារមូលបត្រកម្ពុជា តែងបានខិតខំប្រឹងប្រែងអនុវត្តបេសកកម្មរបស់ខ្លួន ហើយទទួលបានលទ្ធផលកាន់តែប្រសើរ ដែលនៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ផ្សារមូលបត្រកម្ពុជាមានសម្ទុះរីកចំរើនគួរឱ្យកត់សម្គាល់ដោយមានការកើនឡើងនូវសន្ទស្សន៍ទីផ្សារ, ការកើនឡើងទ្វេដងនូវចំនួនវិនិយោគិន, មានការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម, ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធជួញដូរចល័ត៘»

លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានដាក់ចេញនូវគោលការណ៍អនុគ្រោះជាច្រើនដល់ការវិនិយោគលើគ្រប់វិស័យ ក៏ដូចជាការជួយជ្រោមជ្រែង ដល់វិស័យមូលបត្រ ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ កាលពីដើមឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវការលើកទឹកចិត្តពន្ធដារដល់ក្រុមហ៊ុនចុះបញ្ជីមូលបត្រជាលើកដំបូងនៅផ្សារមូលបត្រកម្ពុជា ដែលបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា។ នេះគឺជាកាលានុវត្តភាពឤជីវកម្មក្រោមយុទ្ធសាស្ត្រគាំទ្រវិស័យឯកជនរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានថ្លែងថា វេទិកានេះ នឹងដើរតួនាទីជាកាតាលីករបន្ថែមដ៏សំខាន់មួយទៀតសម្រាប់ជំរុញ និង លើកទឹកចិត្តវិនិយោគិនទាំងអស់ ចាប់យកកាលានុវត្តភាពថ្មីៗពីផ្សារមូលបត្រ និង ផ្សារភ្ជាប់ខ្លួននឹងផ្សារមូលបត្រ ក៏ដូចជាកសាងបាននូវកាលានុវត្តភាពថ្មីទៀតសម្រាប់ក្រុមហ៊ុនសក្តានុពលចង់ចុះបញ្ជីក្នុងផ្សារមូលបត្រ ដើម្បីកៀរគរទុន និង ធនធានហិរញ្ញវត្ថុ ដែលនឹងរួមចំណែកបន្ថែមដល់ការបង្កើនជវភាពសេដ្ឋកិច្ចជាតិឱ្យកាន់តែសកម្មខ្លាំងក្លារស់រវើក និង ឈានហក់ឡើងកាន់តែខ្ពស់ប្រកបដោយចីរភាព។

បណ្ឌិតសភាចារ្យ ប្តេជ្ញាបន្តជំរុញការលើកទឹកចិត្ត និង ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើកិច្ចការសំខាន់ៗ រួមមាន៖ ១).បន្តពង្រឹង និង ពង្រីកអភិបាលកិច្ចសាជីវកម្ម ២).បង្កើនសមត្ថភាពស្ថាប័នដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យមូលបត្រ ៣). បង្កើនភាពជាដៃគូ និង ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារមូលបត្រអន្តរជាតិនានា ៤). បន្តកសាងជំនឿទុកចិត្តដល់វិនិយោគិន ទាំងក្នុងកម្រិតជាតិ និង អន្តរជាតិ លើទីផ្សារមូលបត្រកម្ពុជា៕