(ភ្នំពេញ)៖ នេះគឺជាកម្មវិធីសង្គមមួយ ដែលមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន សាមសុង ជាច្រើនរូបបានប្រព្រឹត្តទៅនៅសាលាមត្តេយ្យ៨មីនា ក្នុងរាជធានីភ្នំពេញរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។
សកម្មភាពសំខាន់ៗក្នុងរយៈពេល ១សប្តាហ៍នេះ គឺផ្តោតទៅលើការពង្រឹង និងការអភិវឌ្ឍន៍បញ្ញារបស់កុមារ ដែលជំរុញការគិតដល់សិស្សានុសិស្ស ដែលមានអាយុ៥ ដល់៧ឆ្នាំ ឱ្យមានភាពកាន់វៃឆ្លាត។
កម្មវិធីនេះ រៀបចំឡើងតាមបែបសិស្សមជ្ឈមណ្ឌល ឬ «Student-Centered» ជាមួយនឹងកម្មវិធីសិក្សាចំនួន៧ ធ្វើយ៉ាងណាផ្តល់ជូននូវ «ការអភិវឌ្ឍន៍ផ្នែកបញ្ញា ដើម្បីបង្កើនភាពវៃឆ្លាតរបស់កុមារឱ្យកាន់តែប្រសើរឡើង»។អ្វីដែលកាន់តែពិសេសនោះ គឺក្រុមហ៊ុន សាមសុង បានជ្រើរើស សាលាមត្តេយ្យ៨មីនា ជាសាលាដ៏វៃយឆ្លាត ឬ(Smart School) ដោយបានផ្តល់ជូន ថេបប៊្លេត(Tablet) ដល់សាលា ដើម្បីឱ្យគណៈគ្រប់គ្រងអាចបន្តហ្វឹកហាត់ និងអភិវឌ្ឍន៍កម្មវិធីនេះបន្ថែមទៀត ទៅដល់សិស្សានុសិស្សទាំងអស់នៅពេលខាងមុខ ។
កម្មវិធីសង្គមមួយនេះ មិនគ្រាន់តែផ្តល់នូវអត្ថប្រយោជន៍ ដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្នែកអប់រំ បណ្តុះបណ្តាលទាំងអស់ ក្នុងការរៀនសូត្រ ពីវិធីសាស្រ្តបង្រៀនថ្មីៗទំនើបទាន់សម័យសម្រាប់ពេលខាងមុខផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនៃការពង្រឹងដល់បញ្ញា និងភាពវៃឆ្លាតគឺជាដំណើរការ ដែលសិស្សានុសិស្សទាំងអស់ អាចរៀនដើម្បីស្វែងយល់ហេតុផល ដំណោះស្រាយបញ្ហា និងការពិចារណាបានយ៉ាងល្អត្រឹមត្រូវ ព្រមទាំងអាចជួយដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់កុមារ ឲ្យបានប្រសើរជាងមុននៅថ្ងៃអនាគត។
លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិចប្រចាំកម្ពុជា បានថ្លែងថា «យើងពិតជាសប្បាយចិត្ត ក្នុងការផ្តល់នូវកម្មវិធី ដែលជួយដល់សង្គម (CSR)សម្រាប់កម្ពុជាម្តងទៀត។ ហើយក្នុងនាមជាក្រុមហ៊ុន ដែលឈានមុខគេក្នុងពិភពលោក គឺមានគោលបំណង ដើម្បីកែប្រែជីវិតក្នុងការរស់នៅឱ្យកាន់តែប្រសើរឡើង ដល់សហគមន៍ជាច្រើនជុំវិញពិភពលោក តាមរយៈការផ្តល់នូវបទពិសោធន៍ជំនាញ និងទេពកោសល្យរបស់បុគ្គលិកយើងទាំងអស់គ្នា» ។
លោកបន្ដថា «ជាការពិតណាស់នេះ គឺជាសកម្មភាពមួយដ៏ចាំបាច់បំផុតសម្រាប់កម្ពុជា ស្របពេលដែលស្ថានភាពសង្គមបច្ចុប្បន្ន ត្រូវការធនធានមនុស្សដែលមានសមត្ថភាព ដើម្បីអភិវឌ្ឍន៍សង្គម។ ដូច្នេះ កម្មវិធីដែលក្រុមហ៊ុន សាមសុង ធ្វើនៅពេលនេះ គឺពិតជាគ្រឹះ ដ៏ចាំបាច់បំផុតសម្រាប់កម្ពុជា»។ ជាថ្មីម្តងទៀតកម្មវិធី Samsung One Week គឺជាផ្នែកមួយនៃកម្មវិធី បុគ្គលិកស្ម័គ្រចិត្តអន្តរជាតិ ដែលស្ថិតនៅក្រោមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន សាមសុង ផងដែរ។
កម្ពុជា គឺជាប្រទេសគោលដៅទី១ ក្នុងចំណោមប្រទេសគោលដៅជាច្រើនទៀត សម្រាប់បុគ្គលិកស្ម័គ្រចិត្ត ដែលនឹងធ្វើដំណើរជុំវិញពិភពលោក ដែលក្នុងនោះមានដូចជាប្រទេស ថៃ ឥណ្ឌូណេស៊ី កាហ្ស៉ាកស្ថាន ណេប៉ាល់ និងប្រទេស ហុងគ្រី ដើម្បីបំពេញនូវប៉េសកកម្មរបស់ពួកគេ។
គូសបញ្ជាត់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលកម្ពុជាត្រូវបានជ្រើសរើសសម្រាប់សកម្មភាពសង្គមដ៏មានអត្ថន័យ និងសារៈសំខាន់បំផុត ពីក្រុមហ៊ុន សាមសុង។ គួររំឭកផងដែរថា កាលពីឆ្នាំ២០១៦ កម្ពុជាយើងត្រូវបានជ្រើសរើសសម្រាប់កម្មវិធី Samsung Electronic CSR ដែលស្ថិតក្រោមគម្រោង «Education and Computer Literacy» ដោយផ្តោតលើការបណ្តុះបណ្តាលយុវជនទៅលើជំនាញ ព័ត៌មានវិទ្យា និងភាពជាសហគ្រិន រួចមកហើយផងដែរ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងមោះមុតថា ខ្លួននឹងនៅតែជំរុញការអភិវឌ្ឍន៍ដល់សហគមន៍តាមរយៈផ្តល់ការសិក្សា និងបណ្តុះបណ្តាល ដើម្បីបង្កើននូវជំនាញ ចំណេះដឹង និងភាពវៃឆ្លាតដល់សហគមន៍បន្តទៀតផងដែរ៕