(ភ្នំពេញ)៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ (ម៉ោង១២ថ្ងៃត្រង់នៅស្វីស) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចាកចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ការបំពេញការងារប្រកបដោយជោគជ័យនៅទីនោះ។
តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មុននឹងចាកចេញពីប្រទេសស្វីស ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រ នៅអឺរ៉ុប ដែលបានមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយសម្ដេច កាលពីថ្ងៃម្សិលមិញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម៉ោង១២ថ្ងៃត្រង់ ម៉ោងនៅហ្សឺណែវ ត្រូវនិងម៉ោង៥ល្ងាច ម៉ោងនៅភ្នំពេញ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្តន៍។ បើគ្មានអ្វីប្រែប្រួលទេ ខ្ញុំនឹងទៅដល់ភ្នំពេញនៅម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែកក្កដាស្អែកនេះ បន្ទាប់ពីនៅលើអាកាសប្រមាណ១៣ម៉ោង»។
សំណាងល្អស្អែកនេះ ចំថ្ងៃសៅរ៍ជាថ្ងៃឈប់សម្រាក។ សង្ឃឹមថាមិនមានកិច្ចការបន្ទាន់ណាមួយតម្រូវឲ្យខ្ញុំដោះស្រាយនោះទេ ដែលអាចផ្តល់ឱកាសឲ្យខ្ញុំបានសម្រាក ដូចអ្នកធ្វើការផ្សេងទៀតដែរ។ អរគុណបងប្អូនជនរួមជាតិ និងកូនៗជានិស្សិតខ្មែរដែលកំពុងរស់នៅ និងរៀនសូត្រនៅអឺរ៉ុបដែលបាន មកសួរសុខទុក្ខ និងសំណេះសំណាលជាមួយខ្ញុំកាលពីម្សឹលមិញនេះ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស៕