(ស្វាយរៀង)៖ លោក ជៀង អំ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងទៅកាន់ប្រជាពលរដ្ឋចំនួន ៣៥៧នាក់ ដោយបញ្ជាក់ថា នៅឆ្នាំ២០២០ ថវិកាមូលនិធិឃុំ សង្កាត់នឹងកើនដល់ ៧ម៉ឺនដុល្លារ ហើយចាប់ពីឆ្នាំ២០២១ឡើងទៅ ថវិកានឹងឡើងដល់ ១០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍន៍ឃុំសង្កាត់ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយវិស័យជាអាទិភាពនោះ គឺទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស។
ការថ្លែងយ៉ាងដូច្នេះ នៅពេលដែលលោកបានដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុករំដួល ក្នុងការធ្វើវេទិការសាធារណៈ ជាមួយអាជ្ញាធរដែន ដីនិងប្រជាពលរដ្ឋ នៅឃុំបុសមន ស្រុករំដួល ស្ថិតក្នុងវត្តបុសមន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដែលមានការចូលពី លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងលោក ណុប រតនា ជាក្រុមការងារថ្នាក់ជាតិ ព្រមទាំងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ជាច្រើនរូបផងដែរ។
លោក ជៀង អំ បានបន្តថា អាជ្ញាធរដែនដី និងស្ថាបន័ដែលពាក់ពន្ធ័ទាំងអស់ ត្រូវអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងការបន្តថែរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ មានតម្លាភាព និងគណនេយ្យភាព។
នៅក្នុងឱកាសនោះប្រជាពលរដ្ឋនៅឃុំបុសមន បានលើកឡើងអំពីកង្វល់មួយចំនួន ដូចជា បានស្នើរសុំផ្លូវ ភ្លើង ប្រឡាយទឹក កសិផលនាំទៅលក់នៅទីផ្សារ និងក្រុមប្រជាការពារ ក៏បានស្នើរសុំប្រាក់ឧបត្ថម្ភ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅមូលដ្ឋានផងដែរ។
ចំពោះមុខប្រធានមន្ទីរពាក់ពន្ធ័ក្នុងខេត្ត បានឡើងឆ្លើយសំណួររបស់ប្រជាពលរដ្ឋ និងទទួលយកសំណូម យកទៅដោះស្រាយទៅតាមដំណាក់កាលនីមួយៗ ឲ្យបានគ្រប់នៅសំណើររបស់ពលរដ្ឋ ដែលបានលើកឡើងផងដែរ។ សូមបញ្ជាក់ថា នៅក្នុងវេទិការសាធារណៈនេះដែរ លោក ជៀង អំ និងក្រុមការងារ បានចូលបច្ច័យដល់វត្តបុសមន នូវទឹកប្រាក់ជាង៣លានរៀល ដើម្បីកសាងទីអារាមវត្តមួយនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត៕