(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ បច្ចេកទេសសាលាខេត្ត និងភាគីពាក់ព័ន្ធនៃគម្រោង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យមើលផ្លូវបេតុងជាច្រើនខ្សែ និងភ្លើងបំភ្លឺសាធារណៈ ដែលជាគម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០១៩ ដែលបានស្ថាបនារួចរាល់ ក្នុងបណ្តាភូមិ សង្កាត់កំពង់ស្វាយ សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គម្រោងផ្លូវបានស្ថាបនារួមមាន៖

*ទី១៖ ការរៀបចំបង្គោលភ្លើងសាធារណៈស្ថិតក្នុងសង្កាត់ ព្រះពន្លាចំនួន១៣២ដើម និងសង្កាត់កំពង់ស្វាយ ២៩ដើម
*ទី២៖ ផ្លូវបេតុងឆ្អឹងដែកកម្រាស់១៥សង់ទីម៉ែត្រ ចំនួន២ខ្សែ ១២៤២ម៉ែត្រ ទទឹង៦ម៉ែត្រ ពីផ្លូវជាប់របស់សាលាខេត្ត ដល់មុខសាកលវិទ្យាល័យ CUS ក្នុងសង្កាត់កំពង់ស្វាយ
*ទី៣៖ ផ្លូវបេតុងកម្រាស១៥សង់ទីម៉ែត្រ ចំនួន២ខ្សែ ជាបរបងខាងជើងវិទ្យាល័យសិរីសោភ័ណ សង្កាត់ព្រះពន្លា ប្រវែង២២០ម៉ែត្រ ទទឹង៥ម៉ែត្រ
*ទី៤៖ ផ្លូវបេតុងតភ្ជាប់ពីផ្លូវភ្លោះទៅក្នុងភូមិ គោរដ្ឋានសង្កាត់អូរអំបិល ២១០ម៉ែត្រ ទទឹង៥ម៉ែត្រ
*ទី៥៖ ផ្លូវបេតុង ចំនួន២ខ្សែសរុបប្រវែង ១០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ពីផ្លូវជាតិលេខ៥៦ ឡើងទៅកាន់មណ្ឌលសុខភាពកំពង់ស្វាយ និងពីផ្លូវលេខ៥៦ ឡើងទៅកាន់អង់តែទូរស័ព្ទភ្នំខ្លាកូន។

ក្នុងឱកាសចុះពិនិត្យមើលនោះ លោក អ៊ុ រាត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងទទួលការសាងសង់ ដែលបានយកចិត្តទុកអនុវត្តន៍ ទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវល្អ ពិនិត្យឃើញមានគុណភាពត្រឹមត្រូវតាមកិច្ចសន្យា។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ថែរក្សាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ក្រាលក្រួសក្តី ដែលបានស្ថាបនា និងជួសជុលហើយ ដើម្បីមាននិរន្តរភាពប្រើប្រាស់បានយូរអង្វែង ព្រោះមានផ្លូវ មាន ក្តីសង្ឃឹម មានការរីកចម្រើន៕