(ភ្នំពេញ)៖ លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ នៃសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជំនួសលោក ថេង សុថុល ដែលត្រូវបានតែងតាំងជាអភិបាលខណ្ឌចំការមន។
ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅថ្មីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ។
លោក ចេង មុនីរ៉ា បានថ្លែងថា កាកបាទក្រហមកម្ពុជា ជាស្ថាប័នមួយឈរលើអព្យាក្រឹត្យភាព បម្រើសកម្មភាពការងារមនុស្សធម៌ ដោយមិនមានការលម្អៀង និងរើសអើងនូវនិន្នាការ នយោបាយអ្វីឡើយ។
លោកអភិបាលខណ្ឌ បានកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានលើសកម្មភាពការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកន្លងមក និងបានផ្ដល់មតិណែនាំផ្ដាំផ្ញើ ដល់សមាជិកគណៈកម្មាធិការអនុសាខា ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំកៀងគរសប្បុរសជននានា ដើម្បីស្វែងរកធនធានការគាំទ្រដល់ចលនា សកម្មភាពមនុស្សធម៌នេះ ឲ្យបានកាន់តែរីកចម្រើនរឹងមាំថែមទៀត។
ទន្ទឹមនឹងនោះដែរ លោកថា «យើងទាំងអស់គ្នា ក៏ត្រូវខិតខំបំពេញកែលម្អរបន្ថែមទៀត នូវចំណុចខ្វះខាតទាំងឡាយដែលមានកន្លងមក និងប្រុងប្រយ័ត្នយកចិត្តទុកដាក់ ចំពោះការចាយវាយ ការប្រើប្រាស់ថវិកាឲ្យបានចំគោលដៅ និងគោលការណ៍គ្រឹះ នៃកាកបាទក្រហមកម្ពុជា ពោលគឺស្មោះត្រង់ និងតម្លាភាពក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដើម្បីបង្កើនជំនឿពីប្រជាពលរដ្ឋ សប្បុរសជន ក្នុងការបន្តគាំទ្រលើចលនា សកម្មភាព ក្នុងបុព្វហេតុមនុស្សធម៌ នៃកាកបាទក្រហមកម្ពុជា ឲ្យបានកាន់តែរីកចម្រើន រឹងមាំ និងខ្លាំងក្លា បន្ថែមទៀត»៕