(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ អមដំណើរដោយ លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្ត និងនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលការកសាងសមិទ្ធិផលនានា ក្នុងវត្តទ្រីសុធារ៉ាម និងបន្តទៅពិនិត្យការសាងសង់ ស្ពានបេតុងមួយកន្លែង ស្ថិតក្នុងភូមិឆែបមួយ ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានសំដែងនូវមនោសញ្ចេតនាសប្បាយរីរាយ ដែលថ្ងៃនេះរូបលោកបានមកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ បន្ទាប់ពីរូបលោកត្រូវបានថ្នាក់ដឹកនាំ ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួស លោក អ៊ុន ចាន់ដា ដែលត្រូវផ្ទេភារកិច្ច ទៅកាន់តំណែងជាអភិបាលខេត្តកំពង់ចាម។
លោក ប្រាក់ សុវណ្ណ បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ ដែលករណីនេះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមគាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀត ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើនជាងនេះ។
ទាក់ទងនឹងការចុះពិនិត្យការសាងសង់ស្ពានបេតុង មួយកន្លែងនៅស្រុកឆែប លោកអភិបាលខេត្តព្រះវិហារ បានណែនាំឲ្យក្រុមការងារបច្ចេកទេស ត្រូវកសាងសំណង់ស្ពាននេះឲ្យបានរឹងមាំ ប្រកបដោយគុណភាពប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានោះ លោកបានណែនាំឲ្យកម្មករ ត្រូវមានការប្រុងប្រយ័ត្ន រាល់ការបំពេញការងារ ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ស្ពានបេតុងថ្មីដែលកំពុងសាងសង់នេះ មានទទឹង១២ម៉ែត្រ និងបណ្តោយ៤៥ម៉ែត្រ ស្ពាននេះជំនួសឲ្យស្ពានឈើចាស់ ដែលមានសភាពទ្រុឌឌ្រោម។ លោកប្រធានមន្ទីរបានបន្តថា ស្ពាននេះចាប់ផ្តើមសាងសង់ នៅខែមេសាឆ្នាំ២០១៨ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២០ ពោលគឺធ្វើឲ្យរួចរាល់ មុនរដូវបុណ្យចូលឆ្នាំថ្មីប្រណៃណីជាតិ៕