(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែងលោក ជា សុមេធី កាលពីពេលថ្មីៗកន្លងទៅនេះ បានចេញសេចក្តីសម្រេចមួយដោយបង្កើតគណៈកម្មាការចុះត្រួតពិនិត្យតាមកាស៊ីណូទាំងអស់ ដែលកំពុងប្រកបអាជីវកម្ម និងដំណើរការនៅទូទាំងខេត្ត ប៉ុន្តែក្រោយការបង្កើតរួចមក សកម្មភាពការងាររបស់គណៈកម្មការមួយនេះ ហាក់មិនទាន់មានលទ្ធផលច្រើននោះទេ។

ការសម្រេចបង្កើតគណៈកម្មការរបស់អភិបាលខេត្តព្រៃវែង ខាងលើនេះ បានកើតមានឡើងក្រោយពីកាស៊ីណូយីហោ «ហេរ៉ូ777» ស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច (ជាប់ព្រំដែនវៀតណាម) ត្រូវបានគេប្តឹងថា បានលួចបើកល្បែងបញ្ជល់មាន់ ដែលចំណុចនេះមិនត្រូវបានបញ្ជាក់នៅក្នុងអាជ្ញាប័ណ្ណរបស់ទីតាំងកាស៊ីណូនោះឡើយ។

សម្រាប់គណៈកម្មការរបស់អភិបាលខេត្តព្រៃវែង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា គណៈកម្មការមួយនេះមានប្រធាន ជាអភិបាលរងខេត្តលោក សួន សុម៉ាលីន ដែលមានស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ជាអនុប្រធាន អមដោយសមាជិកចំនួន១១នាក់ផ្សេងទៀត។

នៅក្នុងពាក្យបណ្តឹងមួយ ដែលបានដាក់ជូនស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា «កាស៊ីណូ ហេរ៉ូ777 ពុំមានអាជ្ញាប័ណ្ណស្របច្បាប់ និង ស.ជ.ណ របស់ទីស្តីការ គណៈរដ្ឋមន្ត្រីឲ្យលេងល្បែង បញ្ជល់បក្សីកីឡាទេ តែកាស៊ីណូខាងលើនេះបានលួចបើកលេង និងបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងអនាធិបតេយ្យ ដោយបំពានលើអនុសាសន៍ និងចំណារ ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី»

នៅក្នុងលិខិតអាជ្ញាប័ណ្ណរបស់កាស៊ីណូ «ហេរ៉ូ777» អនុញ្ញាតឲ្យបើករួមមាន៖ សណ្ឋាគារខ្នាតអន្តរជាតិ និងវីហ្សត, ភោជនីយដ្ឋាន, ហាងលក់ទំនិញរួចពន្ធ, ផ្សារទំនើប, រង្គសាលទាន់សម័យ ល្បែងកូនហ្គោល, ទីលានបាញ់ស៊ីបហ្គេម (Internet) ក្លិបម៉ាស្សា ក្លិបឌីស្តូ, ខារ៉ាអូខេ និងក្លិបល្បែងភ្នាល់ (Sport Betting) ដែលមានប្រណាំងឆ្កែ ប្រណាំងសេះ ប្រណាំងគោក្រប៊ី ស្លុតម៉ាស៊ីន ម៉ាស៊ីនអេឡិចត្រូនិច ឆ្នោតឡូតូ តាមការធ្វើអាជីវកម្មសេវាកម្មដោយផ្ទាល់ និងតាមអ៊ុនធើណែតអនឡាញ (Internet Online) នៅក្នុង និងក្រៅប្រទេស និងក្លិបផ្សងសំណាងកាស៊ីណូ (CASINO)។

ប៉ុន្តែកាស៊ីណូមួយនេះ មិនបានគោរពទៅតាមខ្លឹមសារអាជ្ញាប័ណ្ណរបស់រាជរដ្ឋាភិបាលនោះទេ ពោលបានលួចបើកឲ្យមានលេងល្បែងបញ្ជល់មាន់ ដោយមានទាំងជនជាតិខ្មែរ និងបរទេសភាគច្រើន ជាជនជាតិវៀតណាម ចូលជាច្រើនកុះករជារៀងរាល់ថ្ងៃ ដោយគ្មានចំណាត់ការបស់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។

ជុំវិញករណីនេះ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយបង្កើតគណៈកម្មការនេះរួចមក ក៏បានហៅម្ចាស់កាស៊ីណូទាំងអស់មកប្រជុំ និងត្រួតពិនិត្យមើលច្បាប់ទម្លាប់ផងដែរ ប៉ុន្តែដំណើរការយ៉ាងណាទៅនោះ លោកមិនទាន់បានទទួល ព័ត៌មានទៀតដែរ។

ទាក់ទងនឹងបញ្ហានេះលោក វិភាគ តំណាងម្ចាស់កាស៊ីណូ «ហេរ៉ូ777» បានឆ្លើយបញ្ជាក់ថា កាស៊ីណូរបស់លោកមានអាជ្ញាប័ណ្ណត្រឹមត្រូវពីទីស្តីការគណៈរដ្ឋមន្រ្តី ហើយចំពោះល្បែងបញ្ជល់ មាន់នោះ ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងអាជ្ញាប័ណ្ណផងដែរ គ្រាន់តែមិនដាក់ពាក្យឲ្យចំ។ លោកថា អាជីវកម្មរបស់លោកបានបង់ពន្ធត្រឹមត្រូវតាមច្បាប់ មិនដែលខាននោះទេ។

យ៉ាងណាក៏ដោយ គេចង់មើលឃើញពីចំណាត់ការរបស់អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំសមត្ថកិច្ច ចុះទៅបង្ក្រាបការលួចឲ្យបើកលែងការបញ្ជល់មាន់នៅក្នុងកាស៊ីណូមួយនេះ ក៏ដូចជា តាមកាស៊ីណូដទៃផងដែរនៅក្នុងខេត្តព្រៃវែង បើសិនរកឃើញគ្មានច្បាប់ទម្លាប់នៅក្នុងអាជ្ញាប័ណ្ណនោះ៕