(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ត្រូវបានលោក អ៊ុ សុភក្តិ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ចូលទៅបំភ្លឺលើសំណុំរឿងដែលអាណាព្យាបាលកុមរារងគ្រោះ បានប្តឹងចោទប្រកាន់ថា គ្រូពេទ្យធ្វេសប្រហែសបណ្តាលឲ្យកូនពួកគាត់ស្លាប់។ នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
យោងតាមដីកាកោះដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា តំណាងអយ្យការ បង្គាប់ឲ្យលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបណ្តឹងរបស់ឈ្មោះ ហៃ ឡុង និងឈ្មោះ ចោម ស្រីពៅ ជាឪពុក-ម្តាយកុមាររងគ្រោះ ឈ្មោះ ឡុង ឌីណា។
ពាក់ព័ន្ធករណីនេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីយកឈាមទៅពិនិត្យគ្រូពេទ្យរកឃើញថា កុមារឈ្មោះ ឡុង ឌីណា បានស្លាប់ដោយសារមានជំងឺ EV71 និងជំងឺពងបែកលើខ្លួនប្រាណ ដែលជាប្រភេទជំងឺអាចបណ្តាលឲ្យកុមារក្រោមអាយុ ២ឆ្នាំ ងាយនឹងស្លាប់ជាងមនុស្សពេញវ័យ។ លោកវេជ្ជបណ្ឌិត បានបន្តថា ក្រោយពីអ្នកជំងឺចូលមកសម្រាកនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែជាអកុសលមិនអាចជួយបាន។
គួររម្លឹកថា កាលពីទី១៨ ខែមិថុនា ឆ្នាំ២១៩ ឪពុកម្តាយរបស់កុមាររងគ្រោះ បានដាក់ពាក្យប្តឹងប្រធានមន្ទីរពេទ្យ កុមារជាតិ និងវេជ្ជបណ្ឌិតម្នាក់ឈ្មោះ សរ ច័ន្ទចិត្រា ទៅតុលាការ ពីបទ «ធ្វេសប្រហែសឲ្យកុមារស្លាប់»។
បើតាមបណ្តឹងចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានឈ្មោះ ហៃ ឡុង ជាឪពុក និងឈ្មោះ ចោម ស្រីពៅ ជាម្តាយរបស់កុមារឈ្មោះ ឡុង ឌីណា អាយុ១៦ខែ បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់ បានយកកូនប្រុសដែលក្តៅខ្លួន ទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ នៅម៉ោង១រសៀលថ្ងៃដដែល គ្រូពេទ្យបានចាក់ថ្នាំ និងព្យួរសេរ៉ូមឲ្យកូនប្រុសពួកគាត់ ព្រោះក្រោយពិនិត្យឈាមទៅឃើញថា ជាជំងឺគ្រុនឈាមកម្រិតស្រាល។ ស្រាប់តែដល់ម៉ោង ៥៖៥៥នាទី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កូនប្រុសពួកគាត់បានស្លាប់។
លោកប្រធានមន្ទីរពេទ្យ បានអះអាងទៀតថា មគ្រូពេទ្យមិនចង់ឲ្យអ្នកជំងឺស្លាប់នោះទេ និងបានព្យាយាមពន្យល់ឪពុកម្តាយអ្នកជំងឺដែរ ប៉ុន្តែពួកគាត់នៅតែមិនព្រម និងប្តឹងទាមទារសំណងពីមន្ទីរពេទ្យ ចំនួន៣២,០០០ដុល្លារ។
ប៉ុន្តែដោយសារតែការអាណិតកុមារដែលស្លាប់ ក្រុមគ្រូពេទ្យបានចូលបុណ្យសពចំនួន ៣លានរៀល។ ទោះជាយ៉ាងនេះក៏អាព្យាបាលមិនព្រមទទួល ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងនេះឡើង៕