(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលព័ត៌មានថា បុរសពោះម៉ាយ មានកូនក្នុងបន្ទុក៤នាក់ មានជីវភាពក្រីក្រលំបាក ផ្ទះសម្បែងយកខ្យល់ធ្វើជញ្ជាំង យកមេឃធ្វើដំបូលនោះ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងភរិយា រួមដំណើរដោយមន្ត្រីមូលដ្ឋាន ចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋទីទ័លក្រ០១គ្រួសារ ឈ្មោះ សឹម វិន ពោះម៉ាយ មានក្នុងបន្ទុកចំនួន០៤នាក់ (ស្រី០៣នាក់) ដោយប្រពន្ធស្លាប់រយៈពេល៧ឆ្នាំមកហើយ ស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយពិនិត្យឃើញទុកលំបាករបស់គ្រួសារទីទ័លក្រ ផ្ទះមានសភាពចាសទ្រុឌទ្រោម គ្មានជញ្ជាំង គ្មានរនាប និងតំបូលធ្លុះធ្លាយ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រីបានប្រើប្រាស់ថវិការផ្ទាល់ខ្លួនធ្វើការសាងសង់ផ្ទះ៦ម៉ែត្រ គុណ៨ម៉ែត្រឡើងវិញ ដើម្បីសម្រួលដល់ជីវភាព នឹកការរស់នៅរបស់កូនៗ ឱ្យទីជម្រកកក់ក្ដៅនិងសុវត្តិភាព។ ចំណែកឯកូនស្រី០៣នាក់ ត្រូវបានលោក និងភរិយា សន្យាជួយផ្គត់ផ្គង់ឱ្យបានរៀនសូត្រ រហូតចប់ថ្នាក់ទី១២ ដើម្បីជាទុនវិនិយោគលើការសិក្សា មានអនាគតល្អភ្លឺស្វាង ធ្វើឱ្យជីវភាពបានប្រសើរ។
ឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រ លំបាកដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
សម្តេចទាំងទ្វេ គឺតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនឱ្យនរណាម្នាក់ គ្មានទីជម្រក អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានរាជរដ្ឋាភិបាលកម្ពុជា នៅចាំជួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។
ក្រៅពីសាងសង់ផ្ទះជូនហើយនោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមទៀត ចំនួន៥០០,០០០រៀល ដល់គ្រួសារលោក សឹម វិន និងកូនៗ ប្រជាការពារ១៩នាក់ ក្នុងម្នាក់ៗ១០,០០០រៀល ស.ស.យ.ក ឃុំ/ភូម០៧នាក់ ក្នុងម្នាក់១០,០០០រៀល មេភូមិ/អនុភូមិ សមាជិកភូមិ០៣នាក់ ក្នុងម្នាក់ចំនួន២០,០០០រៀល ផងដែរ៕