(ភ្នំពេញ)៖ ពុទ្ធិកអនុវិទ្យាល័យ សម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ ស្របតាមគោលការណ៍អគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមព្រះសង្ឃអធិបតី សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ។
តាមរបាយការណ៍របស់ព្រះញាណកោសល យឹម ចំរើន នាយករងពុទ្ធិកអនុវិទ្យាល័យ សម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល បានឲ្យដឹងថា គិតតាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៩នេះ សមណសិស្ស និងសិស្ស ដែលបានមកសិក្សានៅពុទ្ធិអនុវិទ្យាល័យ សម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល មាន ១៦ជំនាន់ សរុបចំនួន ៩០១អង្គ/នាក់។
ក្នុងនោះចំពោះសមណសិស្ស-សិស្ស ដែលរៀនរហូតចប់បានប្រឡងឌីប្លូម (បាលី) ជាប់ចំនួន៦០៩អង្គ/នាក់ ហើយសមណសិស្ស-សិស្ស ដែលបានរៀនចប់ថ្នាក់ មានចំនួន២៩២អង្គ/នាក់។ ដោយឡែកឆ្នាំសិក្សា ២០១៩-២០២០នេះ មានសមណសិស្ស-សិស្ស សរុបចំនួន១០៣អង្គ។
បើតាមសង្ឃដីការបស់ព្រះញាណកោសល យឹម ចំរើន ក្នុងឆ្នាំសិក្សាកន្លងមក គណៈគ្រប់គ្រងពុទ្ធិកអនុវិទ្យាល័យ សម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល ក្រោមការចង្អុលបង្ហាញ និងការយកព្រះទ័យទុកដាក់ពីសំណាក់ព្រះធម្មលិខិត លាស់ ឡាយ ជានាយកសាលា និងជាព្រះចៅអធិការវត្តសន្សំកុសល ធ្វើឲ្យការគ្រប់គ្រង-បង្រៀន និងការសិក្សារបស់សមណសិស្ស-សិស្សមានដំណើរការយ៉ាងល្អប្រសើរ។
ម្យ៉ាងទៀត គណៈគ្រប់គ្រងសាលា មានសម្ដេចព្រះធម្មលិខិត ជាព្រះប្រធាន បានខិតខំប្រឹងប្រែង រួមសហការជាមួយមន្ដ្រីសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ បានចូលរួមជួសជុល និងសង់សាលា-កុដិតាមតម្រូវការជាក់ស្ដែង សម្រាប់សមណសិស្សសិក្សាស្នាក់នៅ និងមានការជាវគ្រឿង សិក្ខូបករណ៍ផ្សេងៗ និងសម្ភារការិយាល័យជាច្រើនទៀត។
ជាមួយគ្នានេះ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល បានមានសង្ឃដីកាកោតសរសើរដល់មន្ដ្រីសង្ឃ ដែលបានខិតខំប្រឹងប្រែង រហូតដល់មានការកសាងវត្តទ្ធិក ដែលជាគ្រឹះរបស់ព្រះពុទ្ធសាសនា ពិសេសវ័ស័យអប់រំនៅកម្ពុជា។
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល បានមានសង្ឃដីកាបន្ដថា បើកាលណាវិស័យអប់រំល្អ កម្ពុជានឹងបានកោសិកាដ៏ល្អក្នុងសង្គម ហើយកាលណាការអប់រំខុស ដូច្នេះកោសិកាដែលកើតឡើងមិនល្អនោះទេ ដូច្នេះទិសដៅរបស់វិស័យអប់រំទាំងមូល គឺមានទិសដៅចំនួន៤ ទី១៖ រៀនសូត្រសិក្សាដើម្បីចំណេះដឹង, ទី២៖ រៀនសូត្រដើម្បីឲ្យមានចំណេះធ្វើ, ទី៣៖ រៀនសូត្រដើម្បីឲ្យមានសីលធម៌ និងទី៤៖រៀនសូត្ររស់នៅជាមួយគ្នា។
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល បានគូសបញ្ជាក់ទៀតថា ការអប់រំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានភាពរលូនដូចគ្នាហើយគុណភាព និងការទទួលស្គាល់ក៏ដូចគ្នាផងដែរ ពោលដើរទន្ទឹមគ្នា ដូច្នេះហើយទាំងពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ៕