(ភ្នំពេញ)៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅផ្អាកនៅសំណង់ខុសច្បាប់មួយកន្លែងរបស់ជនជាតិចិន ដែលបានសង់ជាតូបជាច្រើនរំលោភនៅលើចំណីផ្លូវ ថែមទាំងគ្មានច្បាប់អនុញ្ញាត និងសង់ខុសលក្ខណៈបច្ចេកទេស (បុកគ្រឹះសំណង់មិនរឹងមាំនោះឡើយ)។
ទីតាំងសំណង់ខុសច្បាប់ខាងលើ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
អាជ្ញាធរបានឲ្យដឹងថា ទីតាំងខាងលើជាកម្មសិទ្ធិរបស់ឧកញ៉ា វិញ ហួរ ត្រូវបានជនជាតិចិនជួលបន្ត រួចក៏បានបើកការដ្ឋានសាងសង់ជាតូបលក់ដូរទំនិញចំនួន ២៩តូប និងតូបនីមួយៗមានទំហំ ៤គុណ៤ម៉ែត្រ។ តែជនជាតិចិនរូបនេះ បានសាងសង់រំលោភយកចំណីផ្លូវ សង់គ្មានច្បាប់អនុញ្ញាត និងខុសបច្ចេកទេសដោយមិនបានបុកគ្រឹះមិនបានរឹងមាំនោះឡើយ។
អាជ្ញាធរបានបន្តទៀតថា «សំណង់នេះ ត្រូវបានផ្អាកការសាងសង់ជាបណ្តោះអាសន្ន រង់ចាំជំនាញចុះមកត្រួតពិនិត្យ បើនៅតែហ៊ានបន្ត អាជ្ញាធរយើងនឹងប្រើវិធានការក្តៅចាប់អូស យកសំភារៈតែម្តង»៕