(ភ្នំពេញ)៖ ក្រុមហ៊ុន Agile Group Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍវិស័យអចលនទ្រព្យ ស្ថិតក្នុងលំដាប់ក្រុមហ៊ុន Top 10 នៅប្រទេសចិននោះ បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Naki Group ប្រកាសបើកដំណើរការគម្រោងសាងសង់អគារទំនើប Sky Residence កម្ពស់៤៤ជាន់ នៅរាជធានីភ្នំពេញ។
អគារ Agile Sky Residence មានទីតាំងនៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជាតំបន់ប្រជុំជន និងហ៊ុំព័ទ្ធដោយស្ថាប័នសំខាន់ៗ ដូចជាស្ថានទូតនានា អង្គការ និងគ្រឹះស្ថានចម្រុះជាតិសាសន៍ជាច្រើន។
Agile Sky Residence នឹងបំពាក់ដោយសម្ភារបរិក្ខារទំនើបៗ និងទីកម្សាន្តនានា ដើម្បីផ្តល់ជូននូវការរស់នៅដ៏ទាន់សម័យ ដែលរួមមានសួនច្បារ Sky Garden ចំនួន៤ ស្កាយបា ស្កាយក្លឹប ហាងកាហ្វេ មណ្ឌលកម្សាន្តកុមារ បណ្ណាល័យ និងក្លឹបហាត់ប្រាណជាដើម។
លោក មាស វាសនា នាយកប្រតិបត្តិរបស់ Naki Group បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនលោក និងក្រុមហ៊ុន Agile Group Holdings Limited ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលជាគម្រោងទី១ របស់ Agile នៅកម្ពុជា ដើម្បីសាងសង់អគារ Agile Sky Residence មានកម្ពស់៤៤ជាន់ ។
លោកបន្តថា ខុនដូដែលប្រកាសចាប់ផ្តើមនៅថ្ងៃនេះ មានប្រហែល៩៦៣បន្ទប់ ហើយការសាងសង់មានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
លោកបានបន្តថា បច្ចុប្បន្ននេះវិស័យអចនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្កលក្ខណៈងាយស្រួលទាក់ទាញការចាប់អារម្មណ៍ ពីសណាក់ក្រុមហ៊ុនវិនិយោគក្នុងស្រុក និងបរទេស ដែលមានជំនាញលើវិស័យសាងសង់អគារស្នាក់ ខុនដូរ កន្លែងកម្សាន្ត ការិយាល័យធ្វើការ ជាដើម។ ជាក់ស្តែង Naki Group បានចាប់ដៃគ្នាជាមួយ Agile សាសងស់អគារ Agile Sky Residence នេះឡើង ដោយផ្តោតសំខាន់ទៅគុណភាពសំណង់ សោភ័ណភាព តម្លៃ និងគោរពច្បាប់របស់កម្ពុជា បានកំណត់ផងដែរ។
បើតាមអ្នក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Agile បានថ្លែងថា ចាប់តាំងពីចាប់ផ្តើមក្នុងមុខជំនួញអចលនទ្រព្យនៅឆ្នាំ១៩៩២មក ក្រុមហ៊ុន Agile បានប្រឹងប្រែងក្នុងការផ្តល់ជូននូវគុណតម្លៃ នៃការរស់នៅដែលមានគុណភាពខ្ពស់ និងបានប្តេជ្ញាយ៉ាងមុតមាំ ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានគុណភាពស្តង់ដារ ជូនដល់អតិថិជន ដោយអនុវត្តលើគោលការណ៍ «Lifestyle of a Lifetime»។
ក្រុមហ៊ុន Agile បានពង្រីកវិសាលភាពរបស់យើងពីក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក នៃខេត្តក្វាងទុង និងហុងកុង រហូតក្លាយជាក្រុមហ៊ុនអន្តរជាតិ ដែលឈានមុខគេមួយ។ បច្ចុប្បន្នយើងកំពុងមានវត្តមាននៅក្នុងទីក្រុងចំនួន៦០ និងបានអភិវឌ្ឍគម្រោងជាង ២០០គម្រោង។ រាល់គម្រោងរបស់ Agile ទាំងអស់ គឺស្ថិតនៅក្នុងទីក្រុងធំៗ និងមានទីតាំងល្អឥតខ្ចោះ។ បច្ចុប្បន្នយើងកំពុងមានវត្តមាននៅក្នុងទីក្រុង នៃប្រទេសម៉ាឡេស៊ី វៀតណាម និងកម្ពុជាជាដើម។ ទៅថ្ងៃអនាគត យើងក៏មានគម្រោងក្នុងការវិនិយោគ នៅបណ្តាប្រទេសប៉ែកអឺរ៉ុប ដែលមានដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី និងប្រទេសផ្សេងៗទៀតផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុន Agile បានបន្ថែមទៀតថា «កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Agile Group Holdings Limited និងក្រុមហ៊ុន Naki Group នៅក្នុងគម្រោងនេះ គឺដើម្បីផ្តល់ជូននូវបែបផែន នៃការរស់នៅដែលមានភាពងាយស្រួលដល់ម្ចាស់លំនៅដ្ឋានទាំងអស់។ យើងនឹងប្រឹងប្រែងដើម្បីបង្កើត នូវបរិយាកាសរស់នៅដ៏អស្ចារ្យ និងទាន់សម័យនៅក្នុងប្រទេសកម្ពុជា»៕