(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរពេទ្យកាល់មែត បានសហការគ្នាជាមួយសមាគម (ដុកធូហ្គេតឌឺ) Doc together និង (អាសាន មេឌីខល សេនធឺ) Asan Medical Center របស់សាធារណៈរដ្ឋកូរ៉េខាងត្បូង បើកសន្និសីទ «អន្តទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្រិតជំនាញ របស់មន្ទីរពេទ្យអាសាន-មន្ទីរពេទ្យកាល់ម៉ែត» លើកទីមួយនៅកម្ពុជា
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ការបើកសន្និសីទនេះ គឺជាសញ្ញាណល្អប្រសើរមួយ បញ្ជាក់នូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងភាគី មិត្តសាធារណៈរដ្ឋកូរ៉េ និងកម្ពុជា ក្នុងគោលបំណងចម្បង ដើម្បីផ្សព្វផ្សាយព្រមទាំងផ្លាស់ប្តូរ នូវវិធីសាស្ត្រ បទពិសោធន៍ ពិនិត្យព្យាបាល និងការថែទាំតាមបែបវិទ្យាសាស្ត្រ នៃការព្យាបាលថ្មីៗ លើផ្នែកអន្តទស្សន៍កោសល្យប្រព័ន្ធរំលាយ អាហារដែលមានប្រសិទ្ធភាពខ្ពស់ធានាបាននូវគុណភាព ទំនុកចិត្ត សម្រាប់អ្នកជំងឺ ដែលមកទទួលយកសេវាសុខុមាលភាពនៅមន្ទីពេទ្យកម្ពុជា។
លោកសាស្ត្រាចារ្យ បានបន្តថា សន្និសីទនេះ បានបង្ហាញឱ្យឃើញពីការរីកចម្រើនថ្មីមួយទៀត របស់ក្រុមគ្រូពេទ្យក្នុងជំនាញថ្លើម ក្រពះ ពោះវៀន ដែលនឹងផ្តល់នូវបទពិសោធន៍ និងបច្ចេកវិទ្យាថ្មី ដែលអាចឱ្យក្រុមគ្រូពេទ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា អាចតាមទាន់ ការរីកចម្រើននូវបច្ចេកវិទ្យាអង់ដូស្កូបពី របស់ពិភពលោក។ ដោយឡែកវិស័យអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារ ដែលជាបច្ចេកទេសវិទ្យាវេជ្ជសាស្រ្ដ កំពុងមានការរីកចំរើននៅលើសកលលោក។
តាមរយៈការធ្វើសន្និសីទនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្ថែមទៀតថា អ្វីដែលរឹតតែពិសេសបន្ថែមពីលើបទបង្ហាញជាទ្រឹស្តី សន្និសីទនេះក៏មានការបង្ហាញជាការ អនុវត្តផ្ទាល់នូវបច្ចេកទេសថ្មី Poem (Per Oral Endoscopic Myotomy) ដែលជាបច្ចេកទេស Interventionnel endoscopie ក្នុងការព្យាបាលជំងឺអាការឡាស៊ី (Achalasia) ដែលត្រូវបានធ្វើឡើង ពីសំណាក់ក្រុមគ្រូពេទ្យ ឯកទេសភាគីសហប្រតិបត្តិការ ដែលសុទ្ធសឹងជាគុណប្រយោជន៍បញ្ជាក់បន្ថែមទៅលើការពន្យល់ឱ្យកាន់តែច្បាស់ និងមានប្រសិទ្ធភាពខ្ពស់ នាំមកនូវបទពិសោធន៍ និងបច្ចេកទេសថ្មី ដែលអាចឆ្លើយតប ទៅនឹងតម្រូវការបន្ថែមរបបស់វិស័យសុខាភិបាល ដែលកំពុងតែមានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លាទាំងក្នុងពេលបច្ចុប្បន្ន និងតម្រូវការនាពេលអនាគត។
មិនតែប៉ុណ្ណោះ លោកសង្ឃឹមថា សន្និសីទដ៏មានអត្ថប្រយោជន៍នេះ នឹងលើកបង្ហាញនូវប្រធានបទជាច្រើនរួមទាំងបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសជាទុនមួយដែលមានតម្លៃធំធេង ជួយដល់វិស័យសុខាភិបាលនៅកម្ពុជា ពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេស កាន់តែមានជំនឿជាក់នឹងគោលដៅតែមួយ គឺក្នុងការពិនិត្យព្យាបាល ផ្តល់ជូនអ្នកជំងឺនូវសេវាសុខភាព កាន់តែប្រសើរ ផ្តល់នូវទំនុកចិត្ត ប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ក្នុងន័យឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាស្រប តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តាងនាមមន្ទីរពេទ្យកាល់ម៉ែត និងខ្លួនលោកផ្ទាល់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ ហ្វូន យ៉ុងជុង (Hwoon-yong Jung), សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ អុលសា (ULSAN) ប្រទេសកូរ៉េខាងត្បូង និងក្រុមការងាររបស់សមាគម (ដុកធូហ្គេតឌឺ) Doc together និង (អាសាន មេឌីខល សេនធឺ) Asan Medical Center ព្រមទាំងក្រុម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សហភាតរៈ គ្រប់បណ្តាប្រទេសទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករ ក្នុងឱកាសនេះនឹងសូមប្រកាសបើកសន្និសីទ «អន្តទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារ កម្រិតជំនាញរបស់មន្ទីរពេទ្យអាសាន-មន្ទីរពេទ្យកាល់ម៉ែត លើកទីមួយនៅកម្ពុជា» ចាប់ពីពេលនេះតទៅ។
លោកសាស្រ្តាចារ្យគណៈមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ចាប់ពីពេលនេះ ទៅមន្ទីរពេទ្យ និងទទួលយកការព្យាបាលអ្នក ដែលមានជំងឺត្បៀតសរសៃ ហូបអាហារមិនកើតនោះ គឺព្យាបាលមានរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ អាចជាសះស្បើយ និងជាធម្មតាវិញ ដូចវិញហើយ៕